ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះ លោក W.Patrick Murphy ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ហើយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ មានសុទិដ្ឋិនិយមថា ក្នុងបេសកកម្មការងារការទូតរបស់លោក W.Patrick Murphy នៅកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក នឹងមានភាពល្អប្រសើរឡើង។

ជាមួយនឹងការវាយតម្លៃខ្ពស់អំពីបទពិសោធន៍ការងារ និងភាពប៉ិនប្រសប់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុក លោក W.Patrick Murphy ជាបុគ្គលមានចរិកមូលដ្ឋាន និងជាឥស្សរជនអាម៉េរិកដែលបានរៀនសូត្រ និងយល់ដឹងច្រើនពីប្រជាពលរដ្ឋ ខណៈដែលជាញឹកញាប់ លោក W.Patrick Murphy តែងតែចុះទៅកាន់ទីជនបទ ដើម្បីការសិក្សាស្វែងយល់បញ្ហាជាច្រើនអំពីប្រជាជនកម្ពុជា ក៏ដូចជាការស្វែងរកកិច្ចសហការ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា អាមេរិកលើវិស័យជាច្រើនទៀត ទាំងក្នុងក្របខណ្ឌអភិវឌ្ឍ ក៏ដូចជាពង្រឹងចំណងការទូត។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរ អំពីជំនួបពិភាក្សាគ្នាជាវិជ្ជមានលើសកម្មភាពការងារជាច្រើនដែលសហរដ្ឋអាមេរិក បាននិងកំពុងធ្វើរួមគ្នាជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាអំពីការកសាងផ្លូវនៅតំបន់ជនបទ និងជួបជាមួយយុវជនកម្ពុជា ហើយចុងក្រោយនេះ លោក W.Patrick Murphy ក៏បានជួបជាមួយរដ្ឋមន្ត្រីមួយចំនួនក្នុងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះដូចជា លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទជាដើម។

ជាពិសេស លោក W.Patrick Murphy ក៏បានរម្លឹកអំពីជំនួបជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយដែលភាគីទាំងពីរបានបង្ហាញនូវគោលជំហរដូចគ្នាជាច្រើនអំពីការតាំងចិត្តខ្ពស់ក្នុងការធ្វើឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ និងល្អប្រសើរឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោក W.Patrick Murphy បានចាត់ទុកការពិភាក្សាគ្នាទៅវិញទៅមកដែលមានលក្ខណៈជាវិជ្ជមាននេះ ថាជាការផ្តល់នូវស្មារតីល្អប្រសើរជាងមុន។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងទៀតថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានពាណិជ្ជករមួយចំនួនរបស់សហរដ្ឋអាមេរិកនឹងមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ បន្ថែមពីលើនេះ លោក W.Patrick Murphy ក៏បានឱ្យដឹងទៀតថា នៅខែមីនាខាងមុខនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន ហើយដែលក្នុងឱកាសនោះ លោក W.Patrick Murphy សង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអាមេរិក-កម្ពុជា នឹងបានរិតចំណងសាមគ្គីភាពកាន់តែល្អថែមទៀត ក៏ដូចជាចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោកផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងអំពីអនុស្សាវរីយ៍មួយដ៏មានអត្ថន័យយ៉ាងធំធេង ក្នុងពេលនៃការផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងបង្កើត និងដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា( អ.វ.ត.ក) ក្នុងន័យថា សហរដ្ឋអាម៉េរិកត្រូវបានចាត់ទុកថា ជាឆ្មបមួយ ( Midwife) ដែលបានជួយតាក់តែងកិច្ចព្រមព្រៀងស្តីពីការបង្កើតឱ្យមាន អ.វ.ត.ក ឬហៅកាត់ថា សាលាក្តីខ្មែរក្រហម។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានរម្លឹកថា កាលណោះ អ្នកជំនាញផ្នែកច្បាប់ និងជាឥស្សរជនសំខាន់របស់សហរដ្ឋអាម៉េរិកដែលបានចូលរួមដោយផ្ទាល់ គឺលោក David Scheffer ដែលជាអ្នកបានជួយធ្វើកិច្ចការងារនេះ ហើយសហរដ្ឋអាម៉េរិកក៏ជាអ្នកផ្តល់ជំនួយចំណាត់ថ្នាក់ទី៤ ដែលបានផ្តល់ថវិកាសរុបចំនួន៣២,២លានដុល្លាអាមេរិក សម្រាប់ភាគីអន្តរជាតិ នៃអ.វ.ត.ក ផងដែរ៕

អត្ថបទទាក់ទង