ខ្មែរប៉ុស្ដិ៍ Close

ចិននៅតែបន្តការគាំទ្រកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រឹងឯករាជ្យ អធិបតេយ្យភាពជាតិ និងជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30
ចិននៅតែបន្តការគាំទ្រកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រឹងឯករាជ្យ អធិបតេយ្យភាពជាតិ និងជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេស ចិននៅតែបន្តការគាំទ្រកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រឹងឯករាជ្យ អធិបតេយ្យភាពជាតិ និងជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេស

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមលោកផ្ទាល់ លោក សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឱ្យលោក Wang Wentian ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតនេះពិតជារួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ លោក Wang Wentian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ជូនលោក សាយ ឈុំ និងថ្នាក់ដឹកនាំដ៏ទៃទៀត នៃព្រះរាជាណាចក្រកម្ពុជា។

លោក Wang Wentian បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូរល្អ។ ជាមួយគ្នានេះ លោកបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រពៃនៃដំណើរទស្សនកិច្ច ផ្លូវការរបស់លោក សាយ ឈុំ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពគ្នាបន្តអនុវត្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

លោក Wang Wentian បានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តការគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រឹងឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន និងជ្រើសរើសមាគ៌ាអភិវឌ្ឍប្រទេស សមស្របតាមសភាពការណ៍ជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកមានសេចក្តីសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត នៅព្រះរាជាណាចក្រកម្ពុជា នឹងនាំមកនូវការផ្លាស់ប្តូបទពិសោធន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែមានសកម្មភាពច្រើនថែមទៀត ក្នុងការជំរុញនូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជននិងប្រទេសពីរ។

នាឱកាសនោះដែរ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ បានបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាននិងកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំ១៩៥៨-២០១៨) ហើយទំនាក់ទំនងការទូតនេះ ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ថ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយថ្នាក់ដឹកនាំចិនជំនាន់មុន។

ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ រហូតឈានដល់កម្រិតកំពូលនាពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការកសាងនិងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ។ លោក សាយ ឈុំ បានបន្តថា ការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ មិនគ្រាន់តែនាំមកនូវការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានជួយដល់ការពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទៀតផងដែរ។ កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាដៃគូរល្អ។

លោក សាយ ឈុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាប្រឹក្សានយោបាយប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជាតាំងពីនីតិកាលទី១ រហូតមកទល់បច្ចុប្បន្ននេះ ជាឧបករណ៍ សម្ភារៈការិយាល័យ រថយន្ត អគារធ្វើការរបស់ថ្នាក់ដឹកនាំ របស់សមាជិកព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជួយកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណព្រឹទ្ធសភា និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងស្ថាប័ន និងការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ជំនួយទាំងអស់នោះ បានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការពង្រឹងស្ថាប័ន និងលើកម្ពស់សមត្ថភាពការងារមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ជំនួយទាំងអស់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕