ខ្មែរប៉ុស្ដិ៍ Close

ការរក្សាសន្ដិភាព និងស្ថេរភាពនយោបាយ មានសារៈសំខាន់បំផុត មុននិយាយដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 103
ការរក្សាសន្ដិភាព និងស្ថេរភាពនយោបាយ មានសារៈសំខាន់បំផុត មុននិយាយដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការរក្សាសន្ដិភាព និងស្ថេរភាពនយោបាយ មានសារៈសំខាន់បំផុត មុននិយាយដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗថា ការរក្សាសន្ដិភាព និងស្ថិរភាពនយោបាយគឺមានសារៈសំខាន់ជាងគេបំផុត មុននឹងត្រូវនិយាយដល់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនគ្រាន់តែជាកិច្ចការនៃអ្នកខេត្តកំពតប៉ុណ្ណោះទេ ក៏ប៉ុន្តែជារឿងរួមរបស់ប្រទេសជាតិរបស់យើង នោះត្រូវរក្សាឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពខាងនយោបាយ។ ចំណុចនេះមានសារៈសំខាន់ជាទីបំផុត ហើយមុនអ្វីៗទាំងអស់ មុននិយាយដល់ប្រជាធិបតេយ្យ មុននិយាយដល់សិទ្ធិមនុស្ស មុននិយាយដល់ការអភិវឌ្ឍ ត្រូវនិយាយពីសន្តិភាពជាមុនសិន។ លោកក៏បង្ហាញការមិនយល់ស្របជាមួយអ្នកណាក៏ដោយ ដែលមើលស្រាលចំពោះតម្លៃនៃសន្តិភាព ព្រោះប្រទេសរបស់យើងបានឆ្លងកាត់នូវការលំបាក សោកនាដកម្ម ប្រជាជនស្លាប់រាប់មិនអស់។

លោក ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនអាចទទួលយកបានការប្រមាថណាមួយមកលើយើង នូវអ្វីដែលយើងធ្វើដើម្បីសន្តិភាពរបស់យើង ប៉ុន្តែត្រូវទទួលការប្រមាថពីមជ្ឈដ្ឋានខ្លះ ដែលយើងមិនយល់ព្រម ព្រោះរឿងនេះវាបានចង្អុលបង្ហាញសម្រាប់កម្ពុជាពីអតីតកាល សង្គ្រាមពី១៩៧០ ដល់១៩៧៥ ហើយបន្តរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា បើកុំតែមានសង្គ្រាមក្នុងឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៥ និង១៩៧៩ដែរ។ បន្ទាប់ពីរបបប្រល័យពូជសាសន៍ សង្គ្រាមត្រូវបានបន្តអូសបន្លាយ រហូតមកដល់ឆ្នាំ១៩៩៨ ទើបត្រូវបានបញ្ចប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ចំណងដែលអ្នកជំនាន់មុនចង ត្រូវបានដោះស្រាយ ដោយអ្នកជំនាន់ក្រោយទៅវិញ។ សង្គ្រាមដែលអ្នកជំនាន់មុនបានបង្កើតឡើង ត្រូវបានដោះស្រាយដោយក្មេងជំនាន់ក្រោយ នោះហើយគឺជាសោកនាដកម្ម ដែលយើងដកពិសោធន៍ថា ត្រូវធ្វើឲ្យប្រទេសយើងមានវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាពលើទឹកដីដ៏កម្សត់របស់យើង។ លើសពីនេះទៅទៀត លោក ហ៊ុន សែន បានប្រាប់ឲ្យបញ្ចាំងឲ្យបានច្រើននូវអ្វីដែលកើតឡើងសោកដកម្ម នៅប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីប៊ី ដើម្បីឲ្យប្រជាពលរដ្ឋកកម្ពុជាបានដឹងពីផលអាក្រក់នៃសង្គ្រាម។ ទន្ទឹមនឹងនេះលោកទទួលស្គាល់ថា ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏រក្សានូវការសន្ដិភាពនេះដែរ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអះអាងថា ទន្ទឹមនឹងរក្សាតម្លៃសន្ដិភាព ត្រូវឲ្យតម្លៃការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សដូចគ្នាដែរ ហើយប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ថា បើគ្មានព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ កម្ពុជាក៏រីកចម្រើនជឿនលឿនដូចគេដែរ។ លោក បានអះអាងទៀតថា ដោយសារបាត់បង់មនុស្សរាប់លាននាក់កន្លងមកហើយ ទើបកម្ពុជាឲ្យតម្លៃសន្ដិភាព ដូចពេលបច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង