ខ្មែរប៉ុស្ដិ៍ Close

មេធាវីលោក កឹម សុខា ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការលះបង់លោក កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 25
មេធាវីលោក កឹម សុខា ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការលះបង់លោក កឹម សុខា មេធាវីលោក កឹម សុខា ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការលះបង់លោក កឹម សុខា

លោក ចាន់ ចេន មេធាវីរបស់ លោក កឹម សុខា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះការលះបង់លោក កឹម សុខា និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស សង្រ្គោះជាតិ នៅក្នុងប្រទេស។ ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសថា រាល់ការបញ្ចេញមតិរបស់ អតីតថ្នាក់ដឹកនាំ CNRP នៅក្នុងប្រទេស ក្នុងនោះមានទាំងលោក កឹម សុខា ផងដែរ នឹងមិនអាចយកជាការបានទេ ដោយលោកអះអាងថា ការបញ្ចេញមតិរបស់ពួកគេ ធ្វើឡើងក្រោមគំនាបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ចាន់ ចេន បានបញ្ជាក់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «សម្តីរបស់លោក សម រង្ស៊ី បែបនេះគឺ ទី១៖ ជាលេសដើម្បីបោកប្រាស់ អ្នកគាំទ្រខ្លួននៅក្រៅប្រទេស ឱ្យគាំឱ្យខ្លួនធ្វើបក្សប្រហារ ដើម្បីមហិច្ឆិតា អំណាច ដោយប្រមាថឆន្ទៈមនសិការទាំងស្រុងរបស់ លោក កឹម សុខា។ ទី២៖ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះភាពអង់អាចក្លាហាន ការលះបង់ និងឧត្តមគតិអ្នកដែលតស៊ូ នៅក្នុងសមរភូមិនយោបាយក្នុងប្រទេសដូចជា លោកប្រធាន កឹម សុខា ក៏ដូចជាអ្នកវិភាគនយោបាយឯករាជ្យមេធាវី និងជាពិសេសសកម្មជន CNRP នៅក្នុងប្រទេស»។

លោក បានបន្តទៀតថា «យើងអាចសួរទៅលោក សម រង្ស៊ី វិញថា សកម្មជន CNRP ខ្លះបានជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រលោក សម រង្ស៊ី ថ្មីៗនេះ ធ្វើក្រោមគំនាបលោក ហ៊ុន សែនឱ្យធ្វើឬ? ការពិតក្នុងប្រទេសកម្ពុជាអ្នកជាប់ ឃុំគេកម្រិតនូវសេរីភាពមែន។ ប៉ុន្តែអ្នកក្លាហាន មានមនសិការច្បាស់លាស់ ហ៊ានលះបង់ ទោះបីនៅក្នុងឃុំ ឬនៅក្នុងអំណាចគាបសង្កត់ ក៏គេនៅតែរក្សា ឧត្តមគតិ គេមិនចេះតែធ្វើតាមគេបញ្ជារ ផ្ទុយទៅវិញគេនូវតែឆ្លៀតប្រើសិទ្ធិ របស់គេតាមច្រកណា ដែលគេអាចធ្វើបាន គេមិនធ្វើអំពើថោកទាប ដូចការ លាបពណ៌ មូលបង្កាច់ ចោទប្រកាន់របស់ លោក សម រង្ស៊ី នោះទេ»។

ក្រៅពីមេធាវីរបស់ លោក កឹម សុខា ក៏មានផងដែរនៅអតីតមន្រ្តីសំខាន់ៗ របស់អតីតគណបក្សសង្រ្គោះជាតិ បានចេញមុខប្រតិកម្មនឹងការប្រមាថ របស់ លោក សម រង្ស៊ី នាពេលនេះ។ លោក មុត ចន្ថា អតីតនាយក ខុទ្ទកាល័យលោក កឹម សុខា បាននិយាយថា ទោះបីជាលោកត្រូវបាន ដកសិទ្ធិធ្វើនយោបាយ ប៉ុន្តែលោកមិនមែនជាចំណាប់ ខ្មាំងរបស់ នរណាឡើយ។ លោកនៅតែអាចអនុវត្តសិទ្ធិសេរីភាពរបស់លោក តាមមធ្យោបាយផ្សេងទៀត វៀរលែងតែចូលរួម ឬធ្វើសកម្មភាព ឬឈរឈ្មោះឱ្យគណបក្សនយោបាយណាមួយ។ លោក បានបញ្ជាក់ថា «អ្នកមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយខ្ញុំក៏មានដូចអ្នកដែរ ដូច្នេះយើងត្រូវតែគោរពគ្នាទៅវិញទៅមក។ មនុស្សកើតមកដោយស្មើភាព។ អ្នកអាចមានអំណាចរដ្ឋ ឬអំណាចនយោបាយច្រើន ឬខ្ពស់ជាងខ្ញុំ ប៉ុន្តែអ្នកមិនអាចមានសិទ្ធិ និងសេរីភាពច្រើនជាងខ្ញុំឡើយ»។

ការប្រមាថរបស់ លោក សម រង្ស៊ី ទៅលើលោក កឹម សុខា និងអតីតថ្នាក់ ដឹកនាំ CNRP នៅក្នុងប្រទេស បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា និងក្រុមរបស់លោក បានជំទាស់ទៅនឹងលទ្ធផលសន្និសីទ ដែលសម្រេច តែងតាំង លោក សម រង្ស៊ី ជាប្រធានស្តីទីនៃ (អតីត) គណបក្សសង្រ្គោះជាតិ រួមទាំងជំទាស់នឹងការអំពាវនាវរបស់ លោក សម រង្ស៊ី ដែលហាមមិនឱ្យ អតីតថ្នាក់ដឹកនាំ CNRP ១១៨នាក់ ទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ។ លោក គង់ គាំ និង លោក អ៊ូ ច័ន្ទរ័ត្ន ត្រូវបានក្រុមរបស់លោក សម រង្ស៊ី ចោទថា ជាជនក្បត់បក្សបន្ទាប់ពីផ្តល់បទសម្ភាសន៍ដល់ អ្នកសារព័ត៌មាន គាំទ្រ រាជរដ្ឋាភិបាល អំពីជំហររបស់ពួកគេ ពាក់ព័ន្ធនឹងការទទួលយកសិទ្ធិ ធ្វើនយោបាយផងដែរ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង