លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរអគ្គិសនីបន្តប្រឹងប្រែងតបណ្តាញអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ
ថ្លែងចេញពីខេត្តស្ទឹងត្រែង ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ ដែលជាវារី អគ្គិសនីផ្តល់ថាមពលខ្ពស់ជាងគេនៅកម្ពុជា លោកនាយក រដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរអគ្គិសនីត្រូវបន្ដ ខិតខំប្រឹងប្រែងតបណ្ដាញ អគ្គិសនីបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឲ្យដឹងថា តាមរបាយការណ៍របស់លោក កែវ រតនៈ ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្ដាញអគ្គិសនីជាតិ បានបញ្ជូន ទៅស្ទើរគ្រប់ទូទាំងប្រទេសហើយ គឺរហូតដល់៩៦%។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវបន្ដការខិតខំលើរឿងនេះតទៅទៀត មិនទាន់ចប់ត្រឹមគម្រោង ប៉ុណ្ណោះទេ ចឹងមានសញ្ញាប្រកាសឲ្យយើងដឹងថា បើយើងមិនខិតខំបង្កើន នូវអគ្គិសនី ហើយគិតថាការគ្រោងទុកចាស់របស់យើង យើងនឹងអាចខ្វះ អគ្គិសនីនៅឆ្នាំ២០២០-២០២១ ជាក់ជាមិនខាន ដូច្នេះបានត្រូវរកវិធីយ៉ាង ណាដើម្បីដោះស្រាយ។ ម្យ៉ាងទៀត ការបន្ដបញ្ចូនខ្សែអគ្គិសនីទៅតាម បណ្ដាខេត្ត ទៅតាមកន្លែងនានា ត្រូវតែខិតខំធ្វើបន្ដ»។
បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បើទោះបីបណ្ដាញ ជាតិបានគ្រប់គ្រងរហូតទៅដល់ជាង៩៦% ប៉ុន្ដែនៅសល់១២មូលដ្ឋាន ដែលនៅប្រើប្រាស់អគ្គិសនី ដែលឯកជនផលិតតម្លៃក្នុងចន្លោះជាង២,០០០ រៀល ទៅជាង៣,០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដូច្នេះអាជ្ញាធរអគ្គិសនី ត្រូវខិតខំរកវិធីពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរុញ បណ្ដាញជាតិទៅទីកន្លែងដែលកំពុងខ្វះអគ្គិសនី។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា ចំនួនភូមិឋាន របស់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញអគ្គិសនីជាតិ មានរហូតដល់ ១២,៣០៥ភូមិ ត្រូវជា៨៦,៨៥% នៃភូមិទាំងអស់ក្នុងប្រទេសកម្ពុជា។ ដោយ ឡែកសម្រាប់ខេត្តវិញ បានតបណ្ដាញរហូតដល់២០ខេត្ត លើ២៥ខេត្ត។
គួរជម្រាបថា វារីអគ្គិសនីសេសានក្រោម២ ដែលបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ ជាវារីអគ្គិសនីផ្តល់ថាមពលខ្ពស់ជាងគេ នៅកម្ពុជា ហើយបន្ទាប់ពីដំណើរការ នឹងមានការបញ្ចុះតម្លៃអគ្គិសនី ទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ និងផែនការនៃការបញ្ចុះ តម្លៃអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ផងដែរ៕