ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការសម្រេចមិនវិនិយោគយកទីតាញ៉ូម នៅខេត្តកោះកុង ដោយសារការវិនិយោគនោះ ត្រូវបំផ្លាញព្រៃឈើ ២ម៉ឺនហិចតា ដែលជាជម្រកសត្វព្រៃ និងបង្កឲ្យមានទឹកមិនល្អហូរចូលសមុទ្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការសម្រេចមិនវិនិយោគយកទីតាញ៉ូម នៅខេត្តកោះកុង ដោយសារការវិនិយោគនោះ ត្រូវបំផ្លាញព្រៃឈើ ២ម៉ឺនហិចតា ដែលជាជម្រកសត្វព្រៃ និងបង្កឲ្យមានទឹកមិនល្អហូរចូលសមុទ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការសម្រេចមិនវិនិយោគយកទីតាញ៉ូម នៅខេត្តកោះកុង ដោយសារការវិនិយោគនោះ ត្រូវបំផ្លាញព្រៃឈើ ២ម៉ឺនហិចតា ដែលជាជម្រកសត្វព្រៃ និងបង្កឲ្យមានទឹកមិនល្អហូរចូលសមុទ្រ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានធ្វើការសម្រេចមិនវិនិយោគយកទីតាញ៉ូម ក្នុងខេត្តកោះកុង ដោយសារការវិនិយោគនោះ ត្រូវចំណាយព្រៃឈើ២ម៉ឺនហិចតា ដែលជាជម្រកសត្វព្រៃ និងផលប៉ះពាល់ផ្សេងទៀត ជាពិសេសការហូរដីនិងបង្កឲ្យមានការហូរចូលសមុទ្រ ខូចបរិស្ថានទឹកសមុទ្រ។

ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានសំណើរពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្នើមកធ្វើការវិនិយោគយកទីតាញ៉ូម នៅក្នុងស្រុកជីផាត ខេត្តកោះកុង ដែលមានតម្លៃប្រមាណ ២២ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ខណៈលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង នៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងរ៉ែ និងថាមពលបានស្នើសុំឲ្យមានការវិនិយោគសម្រាប់យកទីតាមញ៉ូមនេះ តែការសិក្សារបស់ខ្ញុំ មុននឹងបានទីតាញ៉ូម ចំនួន២២ពាន់លានដុល្លារសហរដ្ឋអាមេរិកនេះ គឺយើងត្រូវចំណាយព្រៃឈើរហូតទៅដល់២ម៉ឺនហិចតា ហើយព្រៃនោះ គឺស្ថិតនៅតំបន់ជាជម្រកដ៏កម្ររបស់សត្វដំរី និងកម្រដទៃទៀត វាមិនទាន់គិតទៅដល់ការប៉ះពាល់ផ្សេងទៀត ដូចជាការហូរធ្លាក់ទឹកបណ្តាលមកពីការធ្វើអាជីវកម្ម រ៉ែចូលមកក្នុងសមុទ្រ សមុទ្រនៅពេលនោះលែងទៅជាសមុទ្រ ទឹកខៀវទៀតហើយ គឺក្លាយទៅជាសមុទ្រមានពណ៌ក្រហមវិញ ដូចនេះហើយបានជាខ្ញុំសម្រេចចិត្តមិនធ្វើអាជីវកម្ម ជាមួយនឹងទីតាញ៉ូមនោះទេ»។

ទាក់ទងនឹងការជំរុញឲ្យមានការវិនិយោគរុករកទីតាញ៉ូមនេះ លោកនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា នៅ២ខែក្រោយទៀត ក៏មានការលើកសំណើរនេះមកម្តងទៀត តែមិនមែនជាក្រសួងរ៉ែ និងថាមពលទេ តែជាប្រភពផ្សេងទៀត។ ក្រុមនោះបានលើកឡើងថា បើមិនធ្វើការវិនិយោគទេនោះ នឹងបាត់បង់ទំនុកចិត្តពីក្រុមអ្នកវិនិយោគិនជាក់ជាមិនខានហើយ។

ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានបញ្ជាក់ថា ការបាត់បង់ទំនុកចិត្តលើការវិនិយោគពីវិនិយោគិន គឺជារឿងមួយហើយ តែរឿងមហន្តរាយដល់ប្រជាពលរដ្ឋកម្ពុជា គឺជារឿងមួយដែលលោក ត្រូវគិតគូរជាចម្បង។ យ៉ាងណាក៏ដោយ លោកទុកឲ្យយុវជនជំនាន់ក្រោយជាអ្នកពិចារណា ក្រែងគេមានវិធីក្នុងការយកទីតាញ៉ូម ដោយមិនបំផ្លាញព្រៃ និងបង្ហូរដីចូលសមុទ្រ៕

អត្ថបទទាក់ទង