ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅក្រុមពួកអាប៉ិនភូតប៉ិនបោកថា ជាពួកក្មេងពាល ដែលវាតែងរលាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅក្រុមពួកអាប៉ិនភូតប៉ិនបោកថា ជាពួកក្មេងពាល ដែលវាតែងរលាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅក្រុមពួកអាប៉ិនភូតប៉ិនបោកថា ជាពួកក្មេងពាល ដែលវាតែងរលាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានហៅពួកក្រុមអាប៉ិនភូត ប៉ិនបោកថា ជាពួកក្មេងពាល ដែលវាតែងរលាយ ដោយលោកបានអះអាងថា ពួកក្រុមនោះតែងតែបង្កើតរឿងបោកប្រាស់សាធារណជនជាបន្តបន្ទាប់ ហើយជាលទ្ធផលនៃទង្វើររបស់ពួកគេគឺពួកនោះតែងតែរលាយ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិតម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «នៅព្រឹកមិញនេះ លោកបានទទួលព័ត៌មានដែលបញ្ជូនមកឱ្យលោក អំពីFacebook របស់អាក្មេងពាលម្នាក់ គេថាសន្និបាតគណកម្មាការកណ្តាលនេះ (សន្និបាតគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា) លោក ហ៊ុន សែន នឹងដកដំណែង ស ខេង , ដកដំណែង សាយ ឈុំ ក៏ប៉ុន្តែថ្ងៃ១៤នេះ លោក ហ៊ុន សែន នឹងទៅប្រទេសចិន ប្រហែលជាលោក ហ៊ុន សែន មិនអាចត្រឡប់មកពីប្រទេសចិនវិញបានទេ ព្រោះលោក ស ខេង និងលោក សាយ ឈុំ រកវិធីទប់ទល់ហើយ »។

ឆ្លើយតបនិងការភូតភរបោកប្រាស់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការពិតគឺលោកគ្មានត្រូវចេញទៅក្រៅប្រទេសនៅថ្ងៃទី១៤នេះទេ ហើយក៏គ្មានរឿងដូចជាការភូតភរបោកប្រាស់នេះដែរ។ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការភូតភរនេះ វាចេញមកពីក្រុមពួកអាក្មេងពាល ដែលតែងតែរលាយហ្នឹងឯង។ លោកនាយករដ្ឋមន្ត្រី បានបន្តថា « ឳអាតិរច្ឆានហើយ! ថ្ងៃ១៤ អញទៅកោះកុង! ថ្ងៃ១៥អញថ្លែងការណ៍នៅកោះកុង! អញមានទៅស្រុកចិនឯណាអញ! មកភូតថ្លុក ភូតត្រពាំងរបៀបនេះ ហ្អែងភូតធ្វើអី? កុំភូត។ ដោយសារតែពួកអែងពូកែភូតហ្នឹងហើយ បានវាចឹង! វាអាលាយ ! ប្រាប់អារបៀបរលាយ! អាហ្នឹងវាក្មេងពាល។ ផ្តាំឱ្យហើយទៅ នៅអញនៅក្នុងស្រុកទេ ហើយក៏គ្មានរឿងហ្នឹងកើតឡើងដែរ ចាំមើលទៅ គណបក្សប្រជាជនគេចេះណាស់ គេចេះត្រង់ថា នៅជាមួយគ្នាជាង៤០ឆ្នាំហើយ គេអត់ទៅណាបែកគ្នាទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «ខ្ញុំមិនចង់ថាឱ្យអ្នកណាទេ អ្នកណាជេរអ្នកណាដឹងហើយ រាល់ថ្ងៃនេះ។ សុំកុំបង្វែរទិស ជេរគ្នាឯងជេរទៅ រឿងរបស់អ្នកឯង ជេរប៉ុន្មានកញ្ឆេជេរទៅ។ ប៉ុន្តែល្អណាស់ កុំឱ្យគេប៉ាន់ជំហានដើររបស់យើងត្រូវ អាហ្នឹងគឺយើងយកឈ្នះគេបាន តែយើងប៉ាន់ជំហានដើររបស់គេត្រូវ អាហ្នឹងគឺយើងឈ្នះ តែគេប៉ាន់ជំហានដើររបស់យើងអត់ត្រូវទេគេចាញ់យើង»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ ទំនងជាសំដៅទៅលើក្រុមប្រឆាំង ដែលតែងតែបង្កើតរឿងភូតភរ កុហក បោកប្រាស់ ប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួន៕

អត្ថបទទាក់ទង