ក្រសួងការបរទេស ចេញសេចក្តីប្រកាសលទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់ សម្តេចតេជោ ហ៊ុន សែន
តបតាមការអញ្ជើញរបស់ លោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី ឮ៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ក្រោមមូលបទ «ទឹកសម្រាប់ ការ អភិវឌ្ឍ ប្រកប ដោយ ចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ពីសារសំខាន់នៃទឹក ដែលជាធនធានចាំបាច់សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងទឹកប្រកបដោយចីរភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតតាមរយៈ៖
- ការបន្តជំរុញការអភិវឌ្ឍ និងសមាហរណកម្មបណ្តាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងនៅក្នុងប្រទេសក្នុងកម្រិតតំបន់ និងសកលលោក។
- ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច-សង្គមប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេសសម្រាប់វិស័យកសិកម្ម ជាវិស័យដែលត្រូវការប្រើប្រាស់ទឹកច្រើន។
- ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីជំរុញ វឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធាន ទឹក ប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
- ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើក កម្ពស់ចីរភាពសង្គម ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក សំដៅធានាឱ្យបានថា ប្រជាជនទូទាំងសកលលោក ទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីការប្តេជាចិត្តយ៉ាងមុតមាំ របស់កម្ពុជា ក្នុងការសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈយន្តការនានាទាំងក្នុងកម្រិត តំបន់ និងអន្តរជាតិ ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធិភាព និង ប្រសិទ្ធផលថែមទៀត ក្នុងការឈាន ទៅ សម្រេចគោលដៅ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
សម្តេចតេជោបាន បញ្ជាក់នូវ ជំនឿ យ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និងការធ្វើសកម្មភាពរួមគ្នារបស់យើង នឹង ធានាឱ្យ សម្រេចបាននូវគោលដៅនេះ ដោយ ជោគជ័យ។
នៅក្នុង កិច្ច ប្រជុំ កំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសដែលបានចូលរួមបាន ឯកភាពដាក់ ចេញនូវ «សេចក្តីប្រកាស ទីក្រុង ខឹម៉ាមូតុ» ដែលក្នុងនោះថ្នាក់ដឹកនាំមានទស្សនៈរួម ថា ការ ស្តារឡើងវិញពី ជំងឺរាតត្បាត កូវីដ-១៩ ទាមទារឱ្យប្រែក្លាយ សង្គម បច្ចុប្បន្ន ទៅជាសង្គម ដែលផ្តោតលើគុណភាព មាន ភាពធន់ ប្រកបដោយ ចីរភាព និង បរិយាប័ន្ន ដែលអាចសម្រេចបានតាមរយៈការពង្រឹង សកម្មភាពនានាសម្រាប់ និរន្តរភាពនៃធនធាន ទឹក។ ដើម្បីសម្រេចបាននូវ គោលដៅនេះ ថ្នាក់ដឹកនាំទាំងអស់បានប្តេជ្ញាពង្រឹងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ គុណភាព សម្រាប់ វិស័យទឹក ដោយរួមបញ្ចូល ទាំងផ្នែករឹង និង ផ្នែកទន់ រួម ទាំងការគ្រប់គ្រង ទិន្នន័យ៕
ខាងក្រោមនេះជា សេចក្តីប្រកាសលទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់ សម្តេចតេជោ ហ៊ុន សែន៖