ខ្មែរប៉ុស្ដិ៍ Close

សារៈសំខាន់នៃការមកទស្សនា វិមានឈ្នះ ឈ្នះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ នគរគំនិត 81
សារៈសំខាន់នៃការមកទស្សនា វិមានឈ្នះ ឈ្នះ សារៈសំខាន់នៃការមកទស្សនា វិមានឈ្នះ ឈ្នះ

មានសំណួរជាច្រើនបានលើកឡើងថា តើអ្វីទៅវិមានឈ្នះ ឈ្នះ? តើវិមានឈ្នះ ឈ្នះ ធ្វើដើម្បីអ្វី? ចំពោះសំនួរទាំងនេះ សូមជម្រាបជូនថា ដើម្បីយល់ពីវិមានឈ្នះ ឈ្នះ អ្នកគប្បីយល់ និងសិក្សាខ្លះអំពីនយោបាយឈ្នះ ឈ្នះ ថាជាអ្វី ហើយដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ធ្វើយ៉ាងណាខ្លះ។

អ្វីដែលយើងគួរយល់ដឹងនោះរួមមាន វប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត សិល្បៈ ស្ថាបត្យកម្មខ្លះដែលមានចម្លាក់ជានិមិត្តសញ្ញាតាមបុរាណវិទ្យា ប្រាសាទ ទីស្ថានសក្ការៈ ឬក៏បូជនីយដ្ឋានដែលមានរបស់យើង ជំនឿសាសនា និងវិទ្យាសាស្រ្តជាមួយគ្នា ពីព្រោះនៅក្នុងវិមានឈ្នះ ឈ្នះ គឺមានអ្វីទាំងអស់នោះ។

នៅក្នុងវិមានឈ្នះ ឈ្នះ មានទាំងអត្ថន័យនៃនយោបាយឈ្នះ ឈ្នះ ដែលបានប្រែក្លាយមកជាចម្លាក់ជានិមិត្តសញ្ញា វប្បធម៌ ប្រវត្តិនៃប្រាសាទនានា និមិត្តសញ្ញានៃជំនឿសាសនា បុព្វតាគ្រប់ប្រភេទ រុក្ខជាតិ និងប្រភេទសម្ភារៈសឹក ព្រមទាំងយុទ្ឋោបករណ៍នានាផងដែរ។ ដូច្នេះប្រសិនបើមានពុទ្ធិ និងចំណេះដឹងខ្លះទៅលើផ្នែកទាំងអស់នោះ គឺពិតជាងាយយល់អំពីអត្ថន័យនៃវិមាននេះ។ លើសពីនេះទៅទៀត ប្រសិនបើបានចូលមកទស្សនា និងសិក្សាស្វែងយល់អំពីវិមានឈ្នះ ឈ្នះ អ្នកទាំងអស់គ្នានឹងបានប្លែកភ្នែក ប្លែកអារម្មណ៍ជាក់ជាមិនខាន។ អ្នកដែលមានភាពស្មុកស្មាញនឹងបានធូរស្បើយ ហើយអ្នកដែលមានទុក្ខលំបាក ក៏អាចប្រែក្លាយមកជាមានភាពសុខស្រួល និងសប្បាយរីករាយ។ ចំពោះអ្នកដែលមានជម្លោះ ក៏អាចប្រែក្លាយមកជាមានសន្តិភាព និងការសម្របសម្រួលខាងផ្លូវចិត្តផងដែរ។

នេះជាការចាប់ផ្តើមមួយដ៏សំខាន់ ហើយប្រសិនបើបានសិក្សាស្វែងយល់បន្ថែមទៀតនូវអត្ថន័យ និងខ្លឹមសារទាំងអស់នោះ គឺអ្នកអាចនឹងប្រកាន់យកនូវឥរិយាបទមួយថ្មីស្តីអំពីការសម្រួលនៅក្នុងការស្វែងរកសុខដុមនីយកម្ម ភាពក្សេមក្សាន្ត និងសន្តិភាពនៅក្នុងផ្លូវចិត្ត ដែលជាមូលដ្ឋានសំខាន់នៅក្នុងជីវិតរស់នៅដ៏ស្ងប់ស្ងាត់ ហើយលះបង់បាននូវមហិច្ឆិតាអវិជ្ជមាន និងហិង្សាធំៗទាំងឡាយផងដែរ ដែលទទួលបានពីធម្មជាតិដ៏ស្រស់ត្រកាលនៅទីនោះ ដែលមានខ្យល់អាកាស អាងទឹក ចម្លាក់នានា និងបរិយាកាសល្អបរិសុទ្ធផងដែរ។

អ្វីដែលជាការរំពឹងទុកនាពេលខាងមុខ គឺភាពកកកុញ ណែនណាន់តាន់តាប់ទៅដោយហ្វូងមនុស្សដែលនឹងមកចូលទស្សនាស្វែងយល់ និងកម្សាន្តនៅទីនេះ។ ទោះជាយ៉ាងនេះក្តី ក្រុមការងារនៅទីនោះក៏បានត្រៀមរួចជាស្រេចនូវកិច្ចការមួយចំនួនទុកជាមុនសម្រាប់សម្របសម្រួល និងគ្រប់គ្រង។ អ្នកទាំងឡាយដែលមកលេងទីនោះ នឹងក្លាយទៅជាគ្រួសារដ៏ធំដែលមានតែក្តីសប្បាយរីករាយ ភាពរាក់ទាក់ ស្នាមញញឹមស្រស់ស្រាយ និងក្លាយទៅជាសង្គមដ៏ធំមួយដែលប្រកបដោយសុខដុមនីយភាព និងភាពក្សេមក្សាន្តទាំងអស់គ្នាដែលនឹងកសាងឲ្យកាន់តែរីកចម្រើនឡើងនូវសង្គមជាតិយើងក្នុងសម័យសម្តេចតេជោ ហ៊ុន សែន នេះតទៅ៕

ប្រភព៖ Facebook Nem Sowath