ខ្មែរប៉ុស្ដិ៍ Close

លោក យ៉ែម បុញ្ញឫទ្ធិ និងកញ្ញា កឹម មនោវិទ្យា៖ សន្និសីទសម្រេចឱ្យ សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 47
លោក យ៉ែម បុញ្ញឫទ្ធិ និងកញ្ញា កឹម មនោវិទ្យា៖ សន្និសីទសម្រេចឱ្យ សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ លោក យ៉ែម បុញ្ញឫទ្ធិ និងកញ្ញា កឹម មនោវិទ្យា៖ សន្និសីទសម្រេចឱ្យ សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ

ក្រុមមនុស្សជំនិតរបស់ លោក កឹម សុខា ដែលរួមមាន លោក យ៉ែម បុញ្ញឫទ្ធិ និងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ផ្ទាល់តែម្តង បានចាត់ទុកថា សន្និសីទដែលសម្រេចឱ្យ លោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ។

កញ្ញា កឹម មនោវិទ្យា បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ យ៉ាងដូច្នេះថា៖ «ពួកខ្ញុំមានការសោកស្តាយជាខ្លាំង មិនមែនសោកស្តាយ នឹងគាត់ធ្វើជាប្រធានស្តីទីទេ គឺសោកស្តាយចំពោះនីតិវិធីដែលធ្វើនេះ មិនបានគោរពតាមលក្ខន្តិកៈរបស់ (អតីត) គណបក្សសង្រ្គោះជាតិ យើងស្តាយដោយសារការធ្វើនេះ មិនបានពិភាក្សាជាមួយភាគីម្ខាងទៀតនៃ (អតីត) គណបក្សសង្រ្គោះជាតិ»។

កញ្ញា បានបន្តទៀតថា «វាច្បាស់ណាស់ នៅពេលដែលយើងផ្លាស់ប្តូរថ្នាក់ដឹកនាំ អង្គភាពណាមួយ យើងត្រូវតែធ្វើតាមលក្ខន្តិកៈរបស់អង្គភាពនោះ បើក្នុងរដ្ឋគេហៅថា រដ្ឋប្រហារតែបើក្នុងបក្សគឺគេហៅថាបក្សប្រហារ ពីព្រោះយើងសោកស្តាយដែលអត់ធ្វើតាមលក្ខន្តិកៈ»។

ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្រ្គោះជាតិ ក៏សម្តែងការមិនពេញចិត្តចំពោះសន្និសីទនេះផងដែរ។ លោកចាត់ទុកថា ជាការធ្វើបក្សប្រហារដោយសារតែមានការរៀបចំរចនាសម្ព័ន្ធឡើងវិញខុសពីលក្ខន្តិកៈគណបក្ស។ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការរៀបចំក្បាលម៉ាស៊ីន ឬរចនាសម្ព័ន្ធមួយនេះ គឺអាចចាត់ទុកថា ជាបក្សប្រហារទៅហើយ ពីព្រោះជាការបំពាននូវលក្ខន្តិកៈ មិនគោរពលក្ខន្តិកៈ ដូច្នេះមានន័យថា កិច្ចការនោះគឺធ្វើប្រាសចាកផ្ទុយពីគោលការណ៍គណបក្ស»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ក្រុមអ្នកនិយមគាំទ្រ លោក សម រង្ស៉ី នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ បានរៀបសន្និសីទមួយនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មីរបស់ខ្មោចគណបក្សសង្រ្គោះជាតិ។ សន្និសីទនេះបានចេញសេចក្តីសម្រេចមួយ ទទួលយក លោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត)គណបក្សសង្រ្គោះជាតិ។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត។ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏បានចាប់ផ្តើមផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំងក្លាបន្ទាប់សន្និសីទផ្តល់អំណាចឡើងវិញដល់ លោក សម រង្ស៉ី នេះផងដែរ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង