ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន៖ សម រង្ស៊ី មិនហ៊ានស្បថ ខ្លាចងាប់ដូចខ្មោចឪពុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 71
លោក ហ៊ុន សែន៖ សម រង្ស៊ី មិនហ៊ានស្បថ ខ្លាចងាប់ដូចខ្មោចឪពុក លោក ហ៊ុន សែន៖ សម រង្ស៊ី មិនហ៊ានស្បថ ខ្លាចងាប់ដូចខ្មោចឪពុក

នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន តាមរយៈកិច្ចសម្ភាសន៍ពិសេសផ្តាច់មុខមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់អង្គភាព Fresh News អំពីការមិនហ៊ានស្បថ ហើយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នោះ លោក ហ៊ុន សែន បានឆ្លើយតបខ្លាំងៗថា ” មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្ត្រអ្វីនោះទេ។ លោកឯង (ទណ្ឌិត សម រង្ស៊ី) ឆ្លើយមក តើលោកឯងហ៊ានស្បថឲ្យងាប់តែហោងទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១០០នាក់ដែរឬទេ ? ព្រោះយើងទាំងពីរនាក់បានធ្លាប់លេងបែបវិទ្យាសាស្រ្តនេះជាមួយគ្នាអស់ជាង២០ឆ្នាំមកហើយ។ ឥឡូវយើងងាកមកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯងមិនហ៊ានស្បថ ក៏សម្បថនេះធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោកជួយ នាំនូវពាក្យសម្បថរបស់ខ្ញុំ ទៅកាន់អ្នកឯងផង “។

នៅក្នុងកិច្ចសម្ភាសន៍នោះ លោក ហ៊ុន សែន បានមានប្រសាសន៍ធ្ងន់ៗបន្ថែមទៀតថា «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយធ្វើសាក្សី និងរង់ចាំមើល តើ សម រង្ស៊ី ក្លាហានហ៊ាន ស្បថ ជាមួយខ្ញុំដែរឬទេ ? បើមិនហ៊ានស្បថទេ នោះអ្នកឯងជាជនកំសាក ក្បត់ជាតិ ខ្លាចងាប់ដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស និងទង្វើដែលអ្នកឯងបានធ្វើ ពិតជាបោកប្រាស់យ៉ាងពិតប្រាកដ»។

សូមបញ្ជាក់ថា លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងជំនួបផ្ដល់ដំបូន្មានជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូណេស៊ី បានបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់តៃហោងគ្រប់រូបភាពទាំងអស់ សូម្បីតែដេកធ្លាក់ពីលើខ្នើយក៏ឲ្យស្លាប់ដែរ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៣កន្លងទៅ ក្រុមអ្នកប្រឆាំងទាំងអស់នេះ ធ្លាប់បានបដិសេធនូវលទ្ធផលនៃការបោះឆ្នោត ហើយនាំគ្នាទៅស្បថចំពោះវត្ថុស័ក្ដិសិទ្ធិ នៅអតីតរាជធានីអង្គរផងដែរ តែមិនបានប៉ុន្មានខែផងនោះ ពួកគេក៏បានស្រុះស្រួលគ្នាដើរចូលវិមានរដ្ឋសភា ទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយមិនបានទៅលាបំណន់ ចំពោះវត្ថុស័ក្ដិសិទ្ធិនៅឯប្រាសាទអង្គរវត្តនោះឡើយ ទីបំផុតពួកគេបានចាញ់ពាក្យសម្បថ បាត់បង់អស់តំណែង និងរលាយបក្សជាប់គុក រត់ចោលស្រុក ខ្ចាត់ខ្ចាយគ្មានសល់។

សម្បថឆ្នាំ២០១៣ ជាមេរៀនដែលនាំឲ្យទណ្ឌិត សម រង្ស៊ី ខ្លាចរអា និងមិនហ៊ានចេញមកស្បថទៀតនោះឡើយ បើមិនដូច្នោះប្រាកដជាចាញ់ពាក្យសម្បថងាប់តៃហោង ដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស ជាក់ជាមិនខាន៕

អត្ថបទទាក់ទង