ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ ឯកភាពគ្នាស្នើសុំប្រធានាធិបតីបារាំង ជួយបញ្ចូនឯកសារពាក់ព័ន្ធទាំងអស់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1200
    នាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ ឯកភាពគ្នាស្នើសុំប្រធានាធិបតីបារាំង ជួយបញ្ចូនឯកសារពាក់ព័ន្ធទាំងអស់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរនាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ ឯកភាពគ្នាស្នើសុំប្រធានាធិបតីបារាំង ជួយបញ្ចូនឯកសារពាក់ព័ន្ធទាំងអស់ សម្រាប់ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ

    លោក ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅក្នុងវិមានរដ្ឋាភិបាលឡាវនាទីក្រុងវៀងច័ន្ទ។ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពក្នុងការចុះហត្ថលេខាលើកឯកសារមួយចំនួននៅថ្ងៃនេះរួចហើយ ដើម្បីយកទៅអនុវត្តឱ្យបានចេញជារូបរាងនៅពេលឆាប់ៗនេះ។

    ចំពោះការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺបានស្ងប់ស្ងាត់ហើយ។ ភាគីទាំងពីរឡាវ-កម្ពុជា បានរួមគ្នាដោះស្រាយមិនឱ្យមានអ្វីកើតឡើងនោះទេ ហើយចំពោះអ្វីដែលនៅសេសសល់ខាងមុខនោះ គឺប្រទេសទាំងពីរ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

    លោក ថងលូន ស៊ីសូលីត បានមានប្រសាសន៍ថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកកាន់ប្រទេសឡាវនេះ គឺជាកិត្តិយសដ៏ធំធេងក្នុងការពង្រឹងនូវទំនាក់ទំនងឡាវ-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផងរបងជាមួយ។ លោក ថងលូន ស៊ីសូលីត ក៏បានអបអរសាទរចំពោះលោក ហ៊ុន សែន ដែលបានជាប់ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសឡាវជាប្រទេសទីមួយក្នុងតំបន់អាស៊ាន ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចមុនគេនាពេលនេះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចលោក និងគណៈប្រតិភូដ៏កក់ក្តៅក្នុងពេលធ្វើដំណើរទស្សនកិច្ចរបស់លោកមកទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាពេលនេះ។ លោកក៏បានឯកភាពចំពោះការលើកឡើងរបស់ លោក ថងលូន ស៊ីសូលីត

    ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ហើយលោកបានបញ្ជាក់នូវចំណុចបន្ថែមមួយចំនួន ដែលបានបញ្ជាក់នៅក្នុងការពិភាក្សា និងការចុះហត្ថលេខានៅថ្ងៃនេះ។ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមនៃប្រទេសយើងទាំងពីរថ្ងៃនេះ គឺមិនមែនជាការចាប់ផ្ដើមនូវទំនាក់ទំនងរបស់យើងនោះទេ ប៉ុន្តែនេះគឺជាការពង្រីក និងពង្រឹងបន្តទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីករាយ និងបានអបអរសាទរចំពោះការរស់ឡើងវិញនៃប្រជាជនយើងទាំងពីរ ជាពិសេសនៅតាមព្រំដែន ហើយនៅថ្ងៃនេះគឺយើងក៏បានចុះហត្ថលេខាស្ដីអំពីការផ្គត់ផ្គង់អគ្គិសនីពីឡាវមកផ្គត់ផ្គង់នៅកម្ពុជា ដែលជាផ្នែកមួយសំខាន់នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរផងដែរ។ មួយទៀតយើងក៏បានឯកភាពគ្នាពីការតភ្ជាប់ស្ពានតភ្ជាប់ពីភាគខាងជើងនៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឱ្យប្រជាជនប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ ហើយទំនាក់ទំនងក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀតដែលបានគ្របដណ្ដប់រួចហើយនៅក្នុងការការពិភាក្សាកាលពីព្រឹកមិញនេះ។

    ទាក់ទងទៅនឹងការដោះស្រាយបញ្ហាព្រំដែនវិញ រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំទប់ស្កាត់នូវបទល្មើសផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។ ប្រទេសទាំងពីរបានចាត់ទុកតំបន់អូរតាង៉ាវ ជាតំបន់ដែលមិនទាន់បានដោះស្រាយ ដោយផ្តោតទៅលើលក្ខខណ្ឌដូចតទៅ៖
    ទី១- គឺគ្មានវត្តមានកងទ័ពនៃប្រទេសនៅតំបន់នោះ
    ទី២- គឺគ្មានប្រជាជនធ្វើអាជីវកម្មនៅទីនោះ និង
    ទី៣- នៅពេលចុះត្រួតពិនិត្យ គឺភាគីទាំងពីរត្រូវតែធ្វើរួមគ្នា រួមទាំងលើគោក ផ្លូវទឹក និងផ្លូវអាកាស។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអះអាងផងដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃស្អែក ភាគីទាំងពីរកម្ពុជា-ឡាវ នឹងពិភាក្សាគ្នាបន្តលើបញ្ហាព្រំដែន ដើម្បីពង្រាងឯកសារផ្ញើទៅកាន់ភាគីបារាំងពាក់ព័ន្ធបញ្ហាព្រំដែន។ ពោលការងារនេះទុកឱ្យរដ្ឋមន្ដ្រីក្រសួងការបរទេស នៃប្រទេសទាំងពីរជាអ្នកអនុវត្ត។ លោកបានបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងការបរទេសទាំងពីរ ត្រូវរៀបចំបែបបទបច្ចេកទេសយ៉ាងណាឱ្យភាគីបារាំងផ្ទេរផែនទីពីរខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដែលជាចំណុចត្រូវធ្វើមុនគេ ហើយចំណុចទី២ បន្ដស្នើសុំទៅបារាំងផ្ដល់នូវឯកសារនានាដែលទាក់ទងជាមួយបញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេសគឺតំបន់ចំនួន១៦% ដែលនៅសេសសល់។ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ បានអំពាវនាវ និងស្នើសុំដល់ ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋាភិបាលបារាំងសូមជួយបញ្ចូនឯកសារពាក់ព័ន្ធទាំងអស់ ដែលផ្ដល់នូវផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរឱ្យចប់កាន់តែឆាប់បំផុត៕

    អត្ថបទទាក់ទង