ខ្មែរប៉ុស្ដិ៍ Close

ប្រធានរដ្ឋសភាឡាវជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
ប្រធានរដ្ឋសភាឡាវជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន ប្រធានរដ្ឋសភាឡាវជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន

នៅរសៀលថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិតរបស់ប្រទេសឡាវរួចហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។

នៅក្នុងជំនួបនោះ លោកស្រី បានស្វាគមន៍លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញមក​ទស្សន​កិច្ចផ្លូវការនៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ។ លោកស្រី ក៏បានអបអរសាទរចំពោះលោកនាយករដ្ឋមន្រ្តី ដែលបាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់​គណបក្ស​ប្រជាជនកម្ពុជា។

លោកស្រី បានបន្តថា ជោគជ័យនៃការបោះឆ្នោតរបស់គណបក្ស​ប្រជាជនកម្ពុជា​នៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ លោកស្រី បានមានប្រសាសន៍ថា លោកស្រីពិតជាមានជំនឿជឿជាក់ថា លោក ហ៊ុន ​សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបាន​ជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកស្រី ក៏បានអបអរសាទរចំពោះលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរផងដែរ។

ជា​ការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុ​ណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក​ស្រីប្រធានរដ្ឋ សភាឡាវ។ លោក បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភាឡាវថា ការបោះ​ឆ្នោតនៅកម្ពុជាលើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែលមានប្រជាជនប្រមាណជាង​ ៨៣% បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោតពី​អាណត្តិមុនៗ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ជោគជ័យនេះ គឺបានមកដោយសារប្រជាជនបានគាំទ្រ​ចំពោះ​គណបក្សប្រជាជនកម្ពុជា មានជាង៧៧%​នៃសំឡេងឆ្នោតបានបោះឲ្យគណបក្សប្រជាជន​កម្ពុជាក្នុងចំណោមគណបក្សដែលបានចូលរួមបោះឆ្នោតចំនួន២០។ លោក ក៏បានជម្រាបជូនលោកស្រីអំពីលទ្ធផលនៃជំនួបចរចា រវាងលោកជាមួយនិងនាយករដ្ឋមន្ត្រី​ឡាវ ដែលពាក់ព័ន្ធនឹងការតភ្ជាប់វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។

​លោកស្រីប្រធានរដ្ឋសភាឡាវ បានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះមានសារៈសំខាន់ ក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកស្រីចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរឲ្យបាន​ប្រសើរឡើងថែមទៀត៕

អត្ថបទទាក់ទង