ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ឡាវ នឹងពង្រីកទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងការវិនិយោគដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 67
កម្ពុជា-ឡាវ នឹងពង្រីកទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងការវិនិយោគដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ នឹងពង្រីកទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងការវិនិយោគដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី២ នៅវិមានសន្តិភាពរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយលោក រ៉េនុល អ៊ុលឡោច (Raynold B.Oilouch) អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសប៉ាឡាវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ និងអរគុណចំពោះលោក Raynold B.Oilouch ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរដែលបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយសង្ឃឹមថាប្រទេសយើងទាំងពីរមានទំនាក់ទំនងដ៏ល្អចាប់ពីថ្ងៃនេះតទៅ។

អនុប្រធានាធិបតី នៃប្រទេសប៉ាឡាវ លោក Raynold B.Oilouch បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដែលបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេសដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។ លោកបានមានប្រសាសន៍ថាតាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ នឹងបើកឱកាសឲ្យប្រទេសយើងទាំងពីរចាប់ផ្ដើមមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗជាច្រើនដែលអាចធ្វើទៅបាននៅពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អដែលប្រទេសយើងទាំងពីរអាចចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយគ្នា ដូចជាកិច្ចសហប្រតិបត្តិការដែលអាចធ្វើអោយស្របទៅនឹងអ្វីដែលប្រទេសទាំងពីរមាន។ លោក ក៏បានផ្ដួចផ្ដើមនូវគំនិតថាប្រទេសយើងទាំងពីរគួរតែមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយស្ដីអំពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរដើម្បីចាប់ផ្ដើមឲ្យក្រសួងការបរទេសទាំងពីរពិភាក្សាគ្នារកវិធីណា ដែលអាចសហប្រតិបត្តិការគ្នាបាន ដូចជាការចុះអនុស្សារណៈនៃលើកលែងទិដ្ឋាការ និងលិខិតឆ្លងដែន ហើយបន្ទាប់មកយើងអាចចុះហត្ថលេខាលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរផងដែរ។ នៅក្នុងឱកាសនោះដែរ លោក ហ៊ុន សែន បានផ្ដាំផ្ញើសួរសុខទុក្ខទុកជូនចំពោះប្រធានាធិបតីនៃប្រទេសប៉ាឡាវ ហើយអញ្ជើញលោកប្រធានាធិបតី និងភរិយាមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃណាមួយដែលអាចធ្វើទៅបាននាពេលខាងមុខនេះ។

លោក Raynold B.Oilouch អនុប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយគាត់សន្យាថានឹងរង់ចាំនូវការពិភាក្សាគ្នារវាងក្រសួងការបរទេសនៃប្រទេសយើងទាំងពីរ ហើយលោកបានមានប្រសាសន៍ថា យើងក៏អាចសហប្រតិបត្តិការគ្នាបានក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន ហើយក្រៅពីនោះយើងក៏អាចពង្រឹងទំនាក់ទំនងលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការចែករំលែកបទពិសោធន៏ឲ្យគ្នាទៅវិញទៅមកទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដែរថា កម្ពុជាក៏អាចមានផលិតផលខ្លះដើម្បីធ្វើការនាំចេញទៅប្រទេសប៉ាឡាវផងដែរ ពីព្រោះប៉ាឡាវ ក៏ជាទីផ្សារមួយដ៏ល្អសម្រាប់ទំនិញកម្ពុជា។ ក្នុងឱកាសនោះជួបពិភាក្សាការងារកាលនោះផងដែរ លោក ហ៊ុន សែន ក៏បានជំរាបពីបំណងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាឡាវនៅពេលខាងមុខផងដែរ ដើម្បីចាប់ផ្ដើមជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយមានសកម្មភាពរស់រវើកឡើង។ ជាមួយគ្នានោះ លោកអនុប្រធានាធិបតីប៉ាឡាវ ក៏បានជំរាប អំពីកិច្ចប្រជុំកំពូលមួយចំនួន ដែលប្រទេសប៉ាឡាវ នឹងរៀបចំធ្វើដូចជា កិច្ចប្រជុំស្ដីអំពីមហាសាគរ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅ គឺនៅខែសីហា ឆ្នាំ២០២០ ខាងមុខ និងកិច្ចប្រជុំកំពូលនៃស្ត្រីទី១តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ២០១៩ ខាងមុខនេះ។ នៅក្នុងឱកាសនេះដែរ លោក Raynold B.Oilouch បានគោរពអញ្ជើញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមផងដែរហើយលោកនាយករដ្ឋមន្រ្តី បានឆ្លើយតបថា នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះមិនខានឡើយ៕

អត្ថបទទាក់ទង