ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានអង្គរលែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាសាទដួលរលំ និងការលួចវត្ថុបុរាណទៀតហើយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 13
រមណីយដ្ឋានអង្គរលែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាសាទដួលរលំ និងការលួចវត្ថុបុរាណទៀតហើយ! រមណីយដ្ឋានអង្គរលែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាសាទដួលរលំ និងការលួចវត្ថុបុរាណទៀតហើយ!

ថ្លែងក្នុងសន្ទរកថានៃកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបង្ហាញពីគោលបំណងនៃការប្រារព្ធខួបលើកទី២៥ឆ្នាំ គឺដើម្បីរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាកាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិទទួលបាន ដោយជម្នះនូវបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក ហើយដែលនឹងកំពុងដោះស្រាយជាមួយគ្នាទៅតាមមាគ៌ាដែលបានត្រួសត្រាយឱ្យបានសម្រេចតាមគោលដៅនាពេលខាងមុខ។

លោកស្រី​រដ្ឋមន្ត្រីបន្តទៀតថា បច្ចុប្បន្នរមណីយដ្ឋានបេតិកភណ្ឌពិភពលោក-អង្គរ លែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាង្គប្រាសាទដួលរលំ ឬការលួចវត្ថុបុរាណទៀតហើយ។ ក៏ប៉ុន្តែយើងក៏ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតដូចជា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រងការតាំងទីលំនៅថ្មីនៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ។ល។ ដែលចាំបាច់ត្រូវរកដំណោះស្រាយនិងវិធីសាស្ត្រទប់ទល់ឱ្យបានសមស្របនិងមានប្រសិទ្ធិភាពទាំងក្នុងបច្ចុប្បន្ននិងអនាគត។

តែក៏ជាសំណាងល្អដែលយើងមានក្រមប្រតិបត្តិអង្គរសម្រាប់ឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍គោរពតាម និងមានអង្គការធានាគុណភាពជប៉ុន (JQA) ដែលតែងធ្វើសវនកម្មផ្ទៃក្នុង/ក្រៅលើផ្នែកគ្រប់គ្រងប្រព័ន្ធបរិស្ថាននៅតំបន់អង្គរ រហូតទទួលបានវិញ្ញាបនបត្រធានាគុណភាពជប៉ុនដល់ទៅ៥លើកសម្រាប់អាជ្ញធរជាតិអប្សរា។ ប៉ុន្តែទោះជាយ៉ាងណាក៏យើងនៅតែបារម្ភនិងបន្តការខិតខំរកដំណោះស្រាយបន្តទៅទៀតលើបញ្ហាទាំងនេះបន្តផងដែរ។

ទាក់ទងនឹងការលើកឡើងពីបញ្ហាប្រាសាទលែងប្រឈមនឹងបញ្ហាគ្រោះថ្នាក់នោះ លោកស្រី​ ក៏បានឱ្យដឹង វាជាការផ្តើមចេញដ៏ល្អពីកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ចេញពីឫសគល់នៃក្តីស្រឡាញ់ និងស្មារតីនៃការថែរក្សាតំបន់អង្គរ ដែលគ្រប់គ្នាចាត់ទុកថាជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមនុស្សជាតិទាំងអស់ត្រូវនាំគ្នាថែរក្សា។

ជាពិសេស គឺបានមកពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលជាយន្តការអន្តរជាតិដើម្បីកៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្សពីសហគមន៍អន្តរជាតិដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោក-អង្គរដ៏ធំធេងនិងត្រូវការធនធានច្រើនក្នុងការអនុវត្តកិច្ចការនេះ។

ក្នុងបេសកម្មរបស់ដៃគូសហប្រតិបត្តិការអន្តរជាតិលើការអភិរក្សប្រាសាទក្នុងតំបន់អង្គរ ក៏បានផ្តល់នូវការរីកចម្រើនផ្នែកធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាយ៉ាងច្រើន ដែលមកដល់ពេលនេះ ក៏មានប្រាសាទមួយចំនួនជួសជុលដោយអ្នកជំនាញខ្មែរផ្ទាល់តែម្តង។

នេះជាឱកាសដ៏ពិសេសដែលអាជ្ញាធរជាតិអប្សរាបានពង្រឹងសមត្ថភាពខ្លួនជាមួយនឹងដៃគូអន្តរជាតិក្នុងការស្រោចស្រង់ប្រាសាទក្នុងតំបន់អង្គរឱ្យរួចផុតពីគ្រោះថ្នាក់បាន៕

អត្ថបទទាក់ទង