រណសិរ្ស ២ធ្នូ បានជួយស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ឋ និងអាណាចក្រ
នាព្រឹកថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៨) ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជាខេត្ត និងជាអនុប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត តំណាង សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត គ្រួសារអតីតយុទ្ធជន និងមានគុណបំណាច់ចំពោះប្រទេសជាតិ ព្រះសង្ឃ សិស្ស និស្សិត គរុសិស្ស លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសរុបប្រមាណចំនួន ៨០០អង្គ/នាក់។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអានសុន្ទរកថារបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន ក្រុមប្រឹក្សាជាតិ រណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤០នេះ ដោយបាន គូសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ថ្ងៃទី ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ មិនត្រឹមតែ សង្គ្រោះប្រជាជន ឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែក ពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាមួយនេះ ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងសមាជិក សមាជិកានៃអង្គមិទ្ទីញទាំងមូល ក៏បានប្តេជ្ញានឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបានកាន់តែជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរភាព និងសមធម៌។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ បច្ចុប្បន្នបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជន ទាំងក្នុង និងក្រៅប្រទេស ដែលមានលោក ហេង សំរិន លោក ជា ស៊ីម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើន រូបទៀតជាប្រមុខដឹកនាំ ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួលជ័យ ជម្នះទាំងស្រុង នាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩។
នៅចុងបញ្ចប់នៃពិធីនេះ ក៏មានការប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងមានគុណ បំណាច់ ចំពោះប្រទេសជាតិដែលបានចូលរួម ចំនួន ១០នាក់ ក្នុង ១នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕