ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន​ ប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភីក្នុងពិធីប្រណាំងទូក ឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1782

នៅ​ថ្ងៃទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៨​ លោកស្រីឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង
បាន​ប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភីក្នុង ពិធីប្រណាំងទូក ឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង​

កម្មវិធី​នេះ​មានការអញ្ជើញចូលរួមពីសំណាក់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រី​ ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី​ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ និងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ ជាច្រើនរូបទៀត។

ទន្ទឹមនេះ ដើម្បីញ៉ាំងឲ្យកម្មវិធីប្រព្រឹត្តទៅកាន់តែមានភាពអធិកធម និងបង្កើននូវបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយទ្វេដងថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីនេះក៏មានការបាញ់កាំជ្រួច ដែលទទួលបានការឧបត្ថម្ភពីសំណាក់
នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការប្រគំតន្ត្រីស្រុកស្រែ ដែលទទួលបានការឧបត្ថម្ភពីសំណាក់ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងលោកស្រី​ ហ៊ុន ម៉ាណា អគ្គនាយិការ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តស្វាយរៀង បានចូលរួមអបអរសាទរដល់ទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូពា៌ របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ យុវជនស្វាយរៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ សំរិទ្ធសែនជ័យបារមីតេជោមាស របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ។ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ពេជ្រកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សាធារណការសែនជ័យបារមីព្រះវិស្ណុ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ស្រីសក្លាហាន របស់សមាគមទូកខេត្តកណ្ដាល។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ១២លាន ៥សែនរៀល លេខ២ ៩លាន ២សែន រៀល លេខ៣ ៦លានរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ២លាន ៣សែនរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន ៧សែន រៀល លេខ២ ២លាន ២សែន ៦ម៉ឺនរៀល និងលេខ៣ ១លាន ៨សែន ២ម៉ឺនរៀល និងទូកដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលបានថវិកា ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែលមិនទទួលបានជ័យលាភី ក៏ទទួលបានសម្ភារៈ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ បន្ថែមមួយចំនួនទៀតផងដែរ៕

អត្ថបទទាក់ទង