រដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី៖ រួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យបាននូវគុណភាពបរិស្ថានល្អ
រដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី៖ រួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យបាននូវគុណភាពបរិស្ថានល្អ
ថ្លែងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨» នៅទីស្តីការក្រសួងបរិស្ថាន ថា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ កំណើនប្រជាជននៅតាមទីប្រជុំជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបាននាំមកនូវបញ្ហាប្រឈមជាច្រើន និងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពបរិស្ថាន ធនធានធម្មជាតិ តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង និងសុខមាលភាពសង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបន្តថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈអន្តរវិស័យ ដែលត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាកិច្ចការដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងពិភពលោក ក្នុងការរួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដី។
ឯកឧត្តម ប៊ិន ឈិន បានបន្ថែមថា ក្នុងក្របខណ្ឌជាតិ ការងារបរិស្ថានទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ នៅចំពោះមុខកិច្ចការដ៏ចម្បងនេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវជំហរវិជ្ជមាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយបានជំរុញឱ្យក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ បន្តចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ តាមរយៈការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលជាយន្តការសម្របសម្រួលការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍដោយចីរភាព។ល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់ផងដែរថា ការធ្វើទំនើបកម្មស្ថាប័ន គឺជាកិច្ចការដែលគ្រប់ក្រសួង ស្ថាប័នត្រូវបន្តធ្វើ និងធ្វើជាប់ជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងភាពប្រសើរឡើងនៃការផ្តល់សេវាសាធារណៈ សំដៅឆ្លើយតបទៅនឹងដំណើរវិវឌ្ឍន៍នៃសង្គមជាតិ។ ការធ្វើទំនើបកម្មស្ថាប័ននៅក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ជាពិសេសប្រសិទ្ធភាពគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន មានជំនឿយ៉ាងមុតមាំថា ក្រសួង និងក្រុមប្រឹក្សាជាតិ នឹងបន្តស្មារតីខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងសម្របសម្រួលការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស៕




