ខ្មែរប៉ុស្ដិ៍ Close

ចៅ ចាក់ស្មុក ៖ សម រង្ស៊ី កំពុងប្រើយុទ្ធវិធីលួងលោមបង្រួបបង្រួមក្លែងក្លាយ ដើម្បីគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 49
ចៅ ចាក់ស្មុក  ៖ សម រង្ស៊ី កំពុងប្រើយុទ្ធវិធីលួងលោមបង្រួបបង្រួមក្លែងក្លាយ ដើម្បីគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ ចៅ ចាក់ស្មុក ៖ សម រង្ស៊ី កំពុងប្រើយុទ្ធវិធីលួងលោមបង្រួបបង្រួមក្លែងក្លាយ ដើម្បីគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទំព័រហ្វេសប៊ុករបស់ ចៅ ចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា សម រង្ស៊ី កំពុងប្រើយុទ្ធវិធីលួងលោមបង្រួបបង្រួមក្លែងក្លាយ ដើម្បីគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សម រង្ស៊ី និងក្រុមបក្ខពួកខ្លួនបាននិងកំពុងត្រៀមដណ្តើមយកសាកសពខ្មោចបក្សសង្គ្រោះជាតិមកគ្រប់គ្រង និងដឹកនាំឡើងវិញតាមរយៈសន្និបាតពិភពលោក សាខាខ្មោចបក្សសង្គ្រោះជាតិ នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ នៅលើទឹកដីសហរដ្ឋអាមេរិក។ សន្និបាតពិភពលោកសាខាខ្មោចបក្សសង្គ្រោះជាតិដែលជាការរៀបចំផែនការបក្សប្រហាររបស់ សម រង្ស៊ី ផ្ទាល់ និងចលនាឧទ្ទាមសង្គ្រោះជាតិរបស់គាត់មាននៅតាមបណ្តាប្រទេសផ្សេងៗ។ ផែនការបក្សប្រហារដែលត្រូវបានក្រុម កឹម សុខា និយមចេញមុខជំទាស់ប្រឆាំងយ៉ាងខ្លាំងក្លា និងត្រៀមខ្លួនថ្កោលទោសចំពោះទង្វើគ្មានគុណធម៌នយោបាយរបស់ សម រង្ស៊ី និងគូកនដែលឆ្លៀតឱកាសលេបយកសាកសពខ្មោចបក្សសង្គ្រោះជាតិមកគ្រប់គ្រង ដឹកនាំ ខណៈ កឹម សុខា ដែលជាអតីតប្រធានស្របច្បាប់ កំពុងមានរឿងក្តីក្តាំចំពោះមុខតុលាការលើ ទង្វើក្បត់ជាតិឃុបឃិត ជាមួយនឹងបរទេស ប៉ងផ្លាស់ប្តូររបបដឹកនាំតាមបៀបបដិវត្តន៍ពណ៌ មធ្យោបាយបំផ្លាញជាតិ និងមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

សម រង្ស៊ី ត្រូវបានអតីតសហសេវិករបស់ខ្លួន ចាត់ទុកថា ជាមនុស្សអត្តទត្ថបុគ្គល គិតតែពីផលប្រយោជន៍ខ្លួនឯង មុខមាត់ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីអ្នកដទៃ ទោះអ្នកនោះមានទុក្ខលំបាក ឬជាប់គុកយ៉ាងណាក៏ដោយ ហើយតែងតែប្រើប្រាស់មនុស្សដើម្បីធ្វើសកម្មភាពនយោបាយបម្រើផលប្រយោជន៍ និងបានញុះញុងមនុស្សដើម្បីបំពេញផែនការអំណាចទុច្ចរិតរបស់ខ្លួន។

ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សម រង្ស៊ី នឹងទទួលបានជោគជ័យនៅក្នុងការក្តោបយកសាកសពបក្សសង្គ្រោះជាតិមកគ្រប់គ្រងទាំងស្រុងទាំង សម រង្ស៊ី និងបក្ខពួករៀបចំផែនការ ដណ្តើមខ្មោចបក្សពី កឹម សុខា បាននិងកំពុងប្រើវិធីសាស្ត្របំភ័ន្តមតិរបស់ក្រុមកឹម សុខា និយម និងបិទបាំងទង្វើដ៏អាក្រក់របស់ខ្លួន ដោយខំប្រឹងបន្ទរសារមួយចំនួនដូចជា «សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ! សម រង្ស៊ី ដឹកនាំបក្ស ក៏ដូច កឹម សុខា! មានតែ សម រង្ស៊ី ម្នាក់គត់ដែលជួយសង្គ្រោះគណបក្សសង្គ្រោះជាតិបាន! សម រង្ស៊ី រង់ចាំកឹម សុខា ចេញពីគុកដើម្បីដឹកនាំគណបក្សរួមគ្នា» ជាដើម។ តាមពិត សម រង្ស៊ី ទ័លច្រក និងគ្មានក្បាច់នយោបាយផ្សេងទៀត ដើម្បីបោកប្រាស់សាធារណមតិទៀតឡើយ ជាពិសេសអ្នកដែលធ្លាប់គាំទ្រខ្មោចបក្សសង្គ្រោះជាតិមួយចំនួននៅក្រៅប្រទេសដែលប្រឆាំងផ្កាប់មុខ និងចាញ់ការបោកប្រាស់ ភូតកុហករបស់សម រង្ស៊ី។ តាមពិត នេះគឺជាកលល្បិចរបស់ សម រង្ស៊ី និងបក្ខពួកប៉ុណ្ណោះដើម្បីបិទបាំងផែនការទុច្ចរិតរបស់ខ្លួន។ ទង្វើក្បត់ដៃគូនយោបាយម្តងហើយម្តងទៀតនេះ មិនមែនជាលើកទី១ ឡើយដែល សម រង្ស៊ី បានធ្វើជាមួយដៃគូរបស់ខ្លួន ជាពិសេសជាមួយកឹម សុខា។

សម រង្ស៊ី បានកុហក កឹម សុខា ថាមិនចូលប្រជុំសភាលើកដំបូងនៅឆ្នាំ ២០០៨ ប៉ុន្តែនៅពេលបើកកិច្ចប្រជុំសភា សម រង្ស៊ី និងតំណាងរាស្ត្ររបស់ខ្លួនបានរត់ចូលប្រជុំតាមទ្វារក្រោយ ធ្វើឱ្យ កឹម សុខា ខកខា នមិនបានចូលប្រជុំ។ សម រង្ស៊ី បានញុះញង់ឱ្យមានការបះបោរចលនាចលនៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ រហូតដល់ធ្វើកុបកម្មរំដោះទីលាន ប្រជាធិបតេយ្យ និងប្រឆាំងនឹងរាជការសាធារណៈ ប៉ុន្តែបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ ទុកឱ្យបក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រមួយចំនួនដូចជា មូរ សុខហួរ ហូរ វ៉ាន់ រៀល ខេមរិន្ទ្រ រួមនឹងសកម្មជនខ្មោចបក្សសង្គ្រោះជាតិដទៃទៀតដូចជា មាជ សុវណ្ណារ៉ា ជាដើមជាប់គុកជំនួសខ្លួន។ សម រង្ស៊ី បានរត់ចោល កឹម សុខា ជាថ្មីម្តងទៀត ទុកឱ្យ កឹម សុខា នៅទ្រស្ថានការណ៍ ម្នាក់ឯងចំពោះបទចោទពីអំពើក្បត់ជាតិ។

ឥឡូវនេះ សម រង្ស៊ី កំពុងតែប្រើប្រាស់ល្បិចកលដដែលដោយយក កឹម សុខា មកធ្វើជាខែលដោយក្នុងនោះ៖

ក) សម រង្ស៊ី បានយកឈ្មោះ កឹម សុខា មកភ្ជាប់នឹងឈ្មោះខ្លួនព្រោះពេលនេះសហគមន៍អន្តរជាតិ បានឈប់និយាយពីខ្លួនដែលជាប្រធានចលនាឧទ្ទាមសង្គ្រោះជាតិ ដែលបានព្យាយាមម្តងរួចមកហើយក្នុង ការឡើងក្តោបក្តាប់អំណាចលើខ្មោចបក្សសង្គ្រោះជាតិ។ មនុស្សទូទៅនិយាយពី កឹម សុខា តែមិននិយាយពី សម រង្ស៊ី និងចលនាខ្យល់របស់គាត់។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី បានភ្ជាប់ឈ្មោះរបស់ខ្លួនជាមួយឈ្មោះ កឹម សុខា ដើម្បីទាញយក និងគេងចំណេញផលប្រយោជន៍នយោបាយពីការជាប់គុករបស់ កឹម សុខា និងអ្នកនយោបាយផ្សេងទៀតដែលកំពុងតែត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំតាម អំណាចសាលដីការបស់តុលាការកំពូល។

ខ) សម រង្ស៊ី បានព្យាយាមភ្ជាប់ឈ្មោះ កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយការ វាយប្រហារ រិះគន់បែបគ្មានមូលដ្ឋាន និងញុះញង់ និងយកជីវិត និងសេរីភាពរបស់ កឹម សុខា មកធ្វើជាល្បែងភ្នាល់លេងសើចក្នុងបំណងដើម្បីឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយឆ្លងជាមួយខ្លួនក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្សព្វផ្សាយនិយាយពីឈ្មោះ សម រង្ស៊ី កុំឱ្យគេភ្លេចព្រោះសម រង្ស៊ី បានបាត់មុខ និងលែងត្រូវបាននឹកនាជាច្រើនខែឆ្នាំមកហើយដែលធ្វើឱ្យ សម រង្ស៊ី បាត់បង់ឱកាសនយោបាយ និង គ្មានទីតាំងឈរជើងនយោបាយតទៅទៀត។

នេះគឺជាយុទ្ធសាស្ត្រឆ្កែចចកពាក់ស្បែកចៀម! នៅពេលបានឡើងគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិឡើងវិញ សម រង្ស៊ី ជឿជាក់ថា ខ្លួននឹងទទួលបានមកវិញនូវអ្វីៗដែលខ្លួន បាត់បង់នាពេលកន្លងទៅ។ សម រង្ស៊ី នៅពេលនេះរីករាយដែលបានយកឈ្មោះ កឹម សុខា ទៅប្រើប្រាស់ជាប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពី កឹម សុខា ហើយក៏មិនទទួលបាននូវការគាំទ្រពីក្រុម កឹម សុខា និយមដែរ។

សម រង្ស៊ី រួមនឹងគូកន បាននិងកំពុងប្រើប្រាស់យុទ្ធវិធីលួងលោម បង្រួបបង្រួមកម្លាំងប្រឆាំងក្លែងក្លាយ ដើម្បីឡើងគ្រប់គ្រងនិងដឹកនាំខ្មោចបក្សសង្គ្រោះជាតិទាំងមូលវិញ។ តាមពិតការភ្ជាប់ឈ្មោះនឹង កឹម សុខា គឺគ្រាន់តែដើម្បីអនុញ្ញាតឱ្យ សម រង្ស៊ី ឡើងគ្រប់គ្រងខ្មោចបក្សស្របច្បាប់តែប៉ុណ្ណោះ។ ប៉ុន្តែក្រុម កឹម សុខា និយមបានចាត់ទុកទង្វើរបស់ សម រង្ស៊ី នេះគឺជាចេតនាអាក្រក់មកលើកឹម សុខា ដែលនឹងត្រូវបកអាក្រាតតាមរយៈការធ្វើបក្សប្រហារនៅដើមខែធ្នូខាងមុខ។ សម រង្ស៊ី ក៏ភ្លេចគិតថា អ្វីដែលខ្លួនធ្វើបាននិងកំពុងតែធ្វើ ឱ្យសាធារណមតិដឹងកាន់តែច្បាស់ទៀតថា សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយអង្ករកំប៉ុង និងគ្មានគុណធម៌ និងជាអ្នកនយោបាយទ្រុស្តមិត្ត ដើម្បីបំពេញផែនការអំណាចបែបទុច្ចរិតរបស់ខ្លួន៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨

អត្ថបទទាក់ទង