អ្នកលេងបណ្ដាញសង្គមហៅ សម រង្ស៊ី ថា អ្នកប្រជាធិបតេយ្យស្រមោល បន្ទាប់ពីឲ្យអ្នកគាំទ្ររបស់ខ្លួនរារាំងអ្នកសួរសំណួរ ដែលខ្លួនឆ្លើយមិនរួចក្នុងវេទិកា
អ្នកលេងបណ្ដាញសង្គមជាច្រើន រាប់តាំងពីពលរដ្ឋធម្មតា ដល់អ្នកនយោបាយ សុទ្ធតែបង្ហាញសារហួសចិត្ដគ្រប់ៗគ្នា និងបានហៅទណ្ឌិត សម រង្ស៊ី ដែលជាអ្នកទោសរត់ចោលគុកថា អ្នកប្រជាធិបតេយ្យក្លែងក្លាយ។ សាររបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដូចនេះ គឺបន្ទាប់ពីអ្នកគាំទ្រ សម រង្ស៊ី បានព្យាយាមរារាំងបុរសម្នាក់មិនឲ្យសួរសំណួរ។
បុរសដែលត្រូវបានអ្នកគាំទ្រជ្រុលនិយម សម រង្ស៊ី រារាំងមិនឲ្យសួរសំណួរនេះ គឺមានឈ្មោះថា ជុំ សុជាតិ ជាពលរដ្ឋខ្មែរអាមេរិក ហើយក៏ជាប្រធានចលនា CNRP ប្រចាំនៅទីក្រុងសាន់ចូស សហរដ្ឋអាមេរិកថែមទៀតផង។ ក្រោយមានហេតុការណ៍នេះកើតឡើង លោក អេង ឆៃអ៊ាង ដែលជាមនុស្សរបស់ សម រង្ស៊ី បានចេញមុខមកបកស្រាយការពារថា បុរសចំណាស់ម្នាក់នេះ ឈ្មោះ ជុំ សុជាតិ ពូកែខាងសួរផ្ទាចញ់ផ្ចាល នៅក្នុងកម្មវិធីសាធារណៈ របស់គណបក្សសង្រ្គោះជាតិនៅ សាន់ ចូស។ លោក អេង ឆៃអ៊ាង បានអះអាងថា ព្រោះតែដូច្នេះហើយទើបអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ រារាំងមិនឲ្យសួរសំណួរ ព្រោះជាសំណួរឥតប្រយោជន៍ និងបែបផ្ចាញ់ផ្ចាល។ ការបកស្រាយការពាររបស់លោក អេង ឆៃអ៊ាង បានធ្វើឲ្យពលរដ្ឋ អ្នកគាំទ្រ និងអ្នកនយោបាយ សុទ្ធតែបង្ហាញអារម្មណ៍ហួសចិត្ដ នឹងអ្នកខ្លះបានហៅ សម រង្ស៊ី ថា ជាអ្នកប្រជាធិបតេយ្យស្រមោល។
អ្នកគាំទ្ររបស់ សម រង្ស៊ី បានសរសេរលើបណ្ដាញសង្គមថា មិនគួរណាធ្វើបែបនេះសោះ គួរតែអោយគាត់សួរទៅបើសិនជាយើងល្អមែន។ ដូចគ្នាដែរលោក ហ៊ុន កុសល់ ដែលប្រកាសខ្លួនថា ជាបេក្ខជននយោបាយ បាននិយាយដោយហួសចិត្ដចំពោះការបកស្រាយ អេង ឆៃអ៊ាង ថា ៖«ខ្លួនលោកគ្មានសមត្ថភាពឆ្លើយសំណួររបស់គាត់ បែរជាចោទគាត់ថា ចូលចិត្ដផ្ចាញ់ផ្ចាល។ ខ្ញុំសូមជម្រាបសួរទៅលោក អេង ឆៃអ៊ាង ថា នៅក្នុងសៃវៀននយោបាយ តើមានសំណួរណាដែលសួរតម្រូវអ្នកចិត្ដអ្នកឆ្លើយទេ? ហើយបើសួរឥតសំណួរឥតប្រយោជន៍ ហេតុអ្វីពេលនេះ លោកបែរជាភ័យព្រួយនឹងសំណួរឥតប្រយោជន៍នេះ?»។
លោក ហ៊ុន កុសល ចាត់ទុកសម្ដីរបស់ អេង ឆៃអ៊ាង ដែលខំការពារទណ្ឌិត សម រង្ស៊ី ថា ជាខំបកស្រាយគ្មានការទទួលខុសត្រូវ ក្នុងអ្នកនាមជាអ្នកនយោបាយជាន់ខ្ពស់អ្វីបន្ដិចសោះឡើយ។ លោកថា ប្រជាធិបតេយ្យ មិនត្រូវបិទសិទ្ធិអ្នកសួរនោះទេ ប៉ុន្ដែត្រូវឆ្លើយសំណួរឬអត់ គឺអាស្រ័យទៅលើអ្នកដែលត្រូវឆ្លើយសំណួរ។ ចំណែកហ្វេសប៊ុក មានឈ្មោះថា ហង្ស មាស់ឃូ អ្នកគាំទ្រអតីតគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានសសរសេរថា មិនធ្វើតាម ឬមិនស្របតាមទស្សន: និងសកម្មភាពរបស់ខ្លួន គឺជាជនក្បត់។ លោកសរសេរទៀតថា អ្នកនយោបាយមួយក្ដាប់តូចតាំងខ្លួនជាអ្នកប្រជាធិបតេ្យនៅពេលបងប្អូនយើងសួរសំណួរឆ្លើយមិនរួច ចោទគាត់ថា សួរផ្ចាញ់ផ្ចាល ទង្វើទាំងនេះធ្វើអោយខ្ញុំអស់ជំនឿលើការដឹកនាំរបស់គាត់ហើយ មិនខុសអ្វីដែលយើងតែងតែរិះគន់គេហើយបែជាខ្លួនឯងមិនខុសនិងគេដែរ ។
ចំណែកអ្នកផ្សេងៗទៀត បានសរសេរថា នេះហើយចរិតអ្នកអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យ បិតាប្រជាធិបតេយ្យ តាមពីតទៅត្រឹមតែជាអ្នកប្រជាធិបតេយ្យស្រមោលតែប៉ុណ្ណោះ។ ជារឿយៗគេតែងតែបានឃើញសំណេរ និងលឺជាសំឡេង របស់បុគ្គល សម រង្ស៊ី ដែលតែងតែនិយាយថា រដ្ឋាភិបាលសព្វថ្ងៃគ្មានប្រជាធិបតេយ្យ រដ្ឋាភិបាលសព្វថ្ងៃមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយមានតែខ្លួនគេទេ ដែលជាអ្នកប្រជាធិបតេយ្យពិតប្រាកដ ។ ក៏ប៉ុន្ដែបើមើលលើសកម្មភាព ដែលក្រុមគាំទ្រជុលនិយម របស់ សម រង្ស៊ី បានព្យាយាមរារាំងអ្នកសួរសំណួរ ហើយើចាត់ទុកថា ជាសំណួរឥតប្រយោជន៍ ទាំងដែលមិនទាន់បានស្ដាប់ផងនោះ សំណួរសួរថា តើពាក្យថា ខ្លួនជាអ្នកប្រជាធិបតេយ្យនោះ ពិតឬទេ? លើសពីនេះទៅទៀត នៅពេលដែលឃើញអ្នកគាំទ្រព្យាយាមរុនច្រាន រាំរាំងមិនឲ្យអ្នកគាំទ្រ សួរសំណួរ ទណ្ឌិតសម រង្ស៊ី បែរជាគ្មានការហាមឃាត់អ្នកគាំទ្រខ្លួនឡើង ផ្ទុយទៅវីញបែរជាអង្គុយធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។
ក្រុមអ្នកស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព នៃការបញ្ចេញមតិ បានបង្ហាញការខកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះកាយវិការរបស់ក្រុមមនុស្សដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងអស់នេះ។ តាមរយៈកាយវិការបង្ហាញពីភាពផ្តាច់ការនេះ នាំឲ្យគេសន្និដ្ឋានថា សំឡេងគោរពប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សចេញពីបបូរមាត់របស់ទណ្ឌិត សម រង្ស៉ី ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រនោះ គ្រាន់តែជាពាក្យពេចន៍ភូតកុហក បោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះ តែវាមិនមែនជាសណ្តាន មិនមែនជាសារជាតិជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់ការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាពបញ្ជេញមតិរបស់ពួកគេនោះឡើយ។ ពួកគេបាន ហៅបុគ្គល សម រង្ស៊ី ថា ជាអ្នកប្រជាធិបតេយ្យស្រមោល៕