ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ប៉ុន្តែលោកនៅបន្តឧបត្ថម្ភដដែល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 67
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ប៉ុន្តែលោកនៅបន្តឧបត្ថម្ភដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ប៉ុន្តែលោកនៅបន្តឧបត្ថម្ភដដែល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៩ ប៉ុន្ដែលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដឧបត្ថម្ភ ដល់សាលានេះដដែល ដូចសព្វមួយដង។
ការប្រកាសបែបនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ព្រមទាំង រៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំក្រោយត្រូវផ្ទេរ១០០ភាគរយ ដូច្នេះដល់ពេល វេលាមួយដែលក្រសួងអប់រំ យុវជន និងកីឡារបស់យើង ត្រូវទទួលយកនូវការទទួលខុសត្រូវ ហើយមិនមែនគ្រាន់តែ ទទួលយកនូវកន្លែងនេះមួយទេ ថ្ងៃក្រោយក៏ត្រូវត្រៀមទទួលយកនូវកន្លែងផ្សេងៗទៀត»។

ទន្ទឹមនឹងការផ្ទេរទៅឲ្យក្រសួងអប់រំ ជាអ្នកគ្រប់គ្រងពេញសិទ្ធិនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដាំផ្ញើទៅលោកគ្រូ អ្នកគ្រូ និងកុមារទាំងអស់ កុំមានការបារម្ភថា នៅពេលដែលមានការផ្ទេរការគ្រប់គ្រងទៅក្រោមក្រសួងអប់រំ យុវជន និងកីឡា បាត់ជំនួយឧបត្ថម្ភពីលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ពោលលោកទាំងទ្វេរនៅតែបន្ដ ឧបត្ថម្ភដដែល។
បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅតែបន្ដទទួលខុសត្រូវ ឧបត្ថម្ភដូចរាល់ដង គឺ២០លានរៀល ក្នុងមួយឆ្នាំ ហើយការទស្សនកិច្ចមួយឆ្នាំ២លើក នៅតែបន្ដ និងការផ្ដល់អង្ករ និងប្រាក់ប្រចាំខែ សម្រាប់មណ្ឌល៣នេះ បូកកុមារកំព្រាភ្នំពេញ ដូច្នេះសូមឪពុកម្ដាយ ឬអាណាព្យាបាលកុំមាន ការព្រួយបារម្ភ រហូតចង់យកកូនចេញពីសាលាជាដើមនោះ។

ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបង្ហាញពីការជាប់រវល់ភារកិច្ចមួយចំនួន ដែលធ្វើ ឱ្យលោកខកខាន មកជួបកុមារពិការគថ្លង់អស់ជាច្រើនឆ្នាំ។ តែទោះជាយ៉ាងណាលោកមិនដែលភ្លេចពីការបញ្ជូន អ្នកតំណាងមកចូលរួម និងផ្តល់នូវអំណោយជាប្រចាំខែនោះឡើយ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំ ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ត្រូវត្រៀមលក្ខណៈសម្បត្តិទ្រទ្រង់ ដល់សាលាកុមារពិការគថ្លង់ និងមណ្ឌលកុមារកំព្រានានា នៅពេលដែលបរទេស លែងជួយទ្រទ្រង់ដល់សាលា និងមណ្ឌលទាំងនោះ ហើយលោកបានប្រាប់ដល់ថ្នាក់ដឹកនាំស្ថាប័ននានា ក៏ដូចជា លោកគ្រូ អ្នកគ្រូតាមសាលាគថ្លង់ និងមណ្ឌលកុមារកំព្រាឱ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់ការអប់រំផងដែរ៕

អត្ថបទទាក់ទង