ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​បរិស្ថាន​ បើកកិច្ចប្រជុំវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងសង្គម​ លើគម្រោងអាជីវកម្មថ្មសំណង់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39
ក្រសួង​បរិស្ថាន​ បើកកិច្ចប្រជុំវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងសង្គម​ លើគម្រោងអាជីវកម្មថ្មសំណង់ ក្រសួង​បរិស្ថាន​ បើកកិច្ចប្រជុំវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងសង្គម​ លើគម្រោងអាជីវកម្មថ្មសំណង់

នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងអាជីវកម្មថ្មសំណង់ លើផ្ទៃដីទំហំ ១៥,៩០ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំស្យា ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា ប៊ីថល អ៊ិនវ៉ាយរ៉ិនមេនថល សឺលូសិន។

កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១.ក្រសួងបរិស្ថានគាំទ្រគម្រោងវិនិយោគនេះព្រោះគម្រោងអាជីវកម្មថ្មសំណង់នេះនឹងជួយសេដ្ឋកិច្ច​ និង​បំពេញតម្រូវការថ្មសំណង់ក្នុងស្រុក
២.ក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សាត្រូវទទួលយកអនុសាសសន៍ទាំងអស់របស់មន្រ្តីជំនាញតំណាងអគ្គនាយកដ្ឋានពាក់ុំព័ន្ធនៃក្រសួងបរិស្ថាននិងក្រសួងពាក់ព័ន្ធ
៣.ក្រុមហ៊ុនវិនិយោគត្រូវអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញដោយមន្រ្តីជំនាញនៃក្រសួងបរិស្ថាន
៤.ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពរបស់បុគ្គលិក កម្មករ (ត្រូវមាន First Aid និងមូលនិធិសម្រាប់បុគ្គលិក កម្មករដែលមានគ្រោះថ្នាក់ និងជម្ងឺ) ជាដើម
៥.ក្រុមហ៊ុនត្រូវកំណត់ និងផ្សព្វផ្សាយកាលវិភាគនិងម៉ោងនៃការដាក់បន្ទុះថ្មដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គម្រោង
៦.ក្រុមហ៊ុនត្រូវរកម៉ោងដាក់បន្ទុះថ្មឱ្យបានសមស្រប និងមិនត្រូវដាក់បន្ទុះពេលយប់ជាដាច់ខាត
៧.ក្រុមហ៊ុនត្រូវគ្របឱ្យបានត្រឹមត្រូវពេលដឹកជញ្ជូនថ្មសំណង់ ផេះថ្ម ដើម្បីការពារកុំឱ្យហុយ និងជ្រុះធ្លាក់តាមផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ
៨.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសកំណត់ដោយក្រសួងបរិស្ថាន ដោយមិនត្រូវដុត ឬកប់សំណល់ប្លាស្ទិក អាចកប់បានតែសំណល់សរីរាង្គចេញពីផ្ទះបាយ
៩.ក្រុមហ៊ុនត្រូវរៀបចំឃ្លាំងស្ដុករំសេវ ប្រព័ន្ធសុវត្ថិភាព ផ្លាកសញ្ញា សេចក្ដីណែនាំនៅឃ្លាំងស្ដុករំសេវឱ្យបានត្រឹមត្រូវ
១០.ក្រុមហ៊ុនត្រូវមានយន្ដការរយៈពេលយូរសម្រាប់អាជីកម្ម
១១.ក្រុមហ៊ុនមានវិធីសាស្រ្តក្នុងការកាត់បន្ថយសំឡេងចេញពីបន្ទុះថ្ម រំញ័រ ការហុយធូលី ដែលចេញពីការកិន និងដឹកជញ្ជូន
១២.ក្រុមហ៊ុនត្រូវធានាថាប្រជាពលរដ្ឋនៅតំបន់គម្រោងទទួលប្រយោជន៍ពីការធ្វើអាជីវកម្ម
១៣.ក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួល និងបំពេញចំណុចខ្វះខាតដើម្បីឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ដែលមានលក្ខណៈពេញលេញ
១៣.ក្រុមហ៊ុនត្រូវមានផែនការពេលបញ្ចប់ការធ្វើអាជីវកម្ម និងបញ្ជាក់ឱ្យបានច្បាស់ពីតំហំផ្ទៃដីដែលទទួលអាជ្ញាបណ្ណពីរដ្ឋ និងទំហំផ្ទៃដីដែលក្រុមហ៊ុនទិញពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងមកពីតំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថានខេត្តកំពត៕

 

អត្ថបទទាក់ទង