ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍ព្រះអង្គម្ចាស់អារ៉ាប់ ចំពោះ បំណងចង់ចូលរួមក្នុងការអភិវឌ្ឍនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍ព្រះអង្គម្ចាស់អារ៉ាប់ ចំពោះ បំណងចង់ចូលរួមក្នុងការអភិវឌ្ឍនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍ព្រះអង្គម្ចាស់អារ៉ាប់ ចំពោះ បំណងចង់ចូលរួមក្នុងការអភិវឌ្ឍនៅកម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារ ជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមាជិករាជវង្ស ឌូបៃ សហព័ន្ធ អារ៉ាប់រួម។ ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានគោរពជម្រាបជូនថា ព្រះអង្គមានបំណងចង់ចូលរួមក្នុងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិ យោគនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានបង្ហាញចំណាប់អារម្មណ៍ការ វិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

ព្រះអង្គម្ចាស់ បានជម្រាបថា នឹងផ្តល់ជូនឥណទានកម្ចី (Credit line) ចំនួន ៥០០ លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងសិក្សាលទ្ធភាពផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានឆ្លៀតគោរពអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធ អារ៉ាប់រួមផងដែរនាពេលខាងមុខ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជាសហព័ន្ធអារ៉ាប់រួមដែលបាន ជួយដល់កម្ពុជា ជាពិសេសសម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផងដែរ។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបានវិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ ព្រះអម្ចាស់ផងដែរ ចំពោះការផ្ដល់ឥណទានកម្ចី (Credit line) ចំនួន ៥០០ លានដុល្លារ សម្រាប់នាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយក៏ បានថ្លែងអំណរគុណផងដែរចំពោះការអញ្ជើញរូបលោកទៅទស្សនកិច្ចនៅអារ៉ាប់រួម ដោយបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលា ដ៏សមស្របមួយនឹងទៅធ្វើទស្សនកិច្ចនៅទីនោះ។ ដោយឡែកពាក់ព័ន្ធឥណទានកម្ចី (Credit line) ៥០០ លានដុល្លារនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ៕

អត្ថបទទាក់ទង