ខ្មែរប៉ុស្ដិ៍ Close

លោក រ៉ាអ៊ូល ម៉ាក់ ជេនណា បញ្ចេញទស្សនៈពាក់ព័ន្ធនឹងលោក សម រង្ស៊ី និងការពិតប្រវត្តិសាស្ត្រ

ដោយ៖ សន បទុម ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 87
លោក រ៉ាអ៊ូល ម៉ាក់ ជេនណា បញ្ចេញទស្សនៈពាក់ព័ន្ធនឹងលោក សម រង្ស៊ី និងការពិតប្រវត្តិសាស្ត្រ លោក រ៉ាអ៊ូល ម៉ាក់ ជេនណា បញ្ចេញទស្សនៈពាក់ព័ន្ធនឹងលោក សម រង្ស៊ី និងការពិតប្រវត្តិសាស្ត្រ

ការលើកឡើងរបស់លោក សម រង្ស៊ី ថាវៀតណាមជាអ្នកនាំឱ្យភ្លើងមកដុតខ្មែរតាមរយៈនាំមករបប ប៉ុល ពត ហើយចុងក្រោយវៀតណាមចូលមកពន្លត់ភ្លើងនៅខ្មែរតាមរយៈថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បានធ្វើឱ្យមានការប្រតិកម្មមួយពីបុរសជនជនជាតិ ប៊ែលហ្ស៊ិក លោក រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. JENNAR) ដែលជាអ្នកសិក្សាអំពីប្រទេសកម្ពុជាបានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសកម្ពុជា តាំងពីទស្សវត្សរ៍ឆ្នាំ៨០មកម៉្លេះ។ លោក Raoul M. JENNAR បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ជាការលើកឡើងមិនឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តហើយគ្រាន់តែជាការលើកឡើងដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរដែលមិនសូវបានដឹងពីប្រវត្តិសាស្រ្តពិតតែប៉ុណ្ណោះ។

លោករ៉ាអ៊ូល ម៉ាក់ ជេនណា ធ្លាប់បានធ្វើជាអ្នកប្រឹក្សាយោបល់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (១៩៨៩-១៩៩៣), ជាអ្នកប្រឹក្សាយោបល់របស់ UNTAC និងជាអ្នកប្រឹក្សាយោបល់នៃអង្គការយូណេស្កូសម្រាប់សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។ លោក Raoul M. JENNAR ក៏ជាអ្នកដែលបានសរសេរសៀវភៅជាច្រើនស្តីពីកម្ពុជាផងដែរដូចជាសៀវភៅ «Trente ans depuis Pol Pot. Le Cambodge de 1979 à 2009«, Paris, L’Harmattan, 2010 and the next is «Khieu Samphan et les Khmers Rouges. Réponse à Jacques Vergès» Paris» ។ ខាងក្រោមនេះគឺជាទស្សនៈទាំងស្រុងរបស់លោក រ៉ាអ៊ូល ម៉ាក់ ជេនណា ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី លើព្រឹត្តិការណ៍រំដោះជាតិ ៧ មករា អមដោយការលើកបង្ហាញនូវប្រវត្តិសាស្ត្រមួយចំនួនផងដែរ៖

ក្នុងសារមួយដែលបានចុះផ្សាយទាក់ទងនឹងទិវារម្លឹកខួបអនុស្សាវរីយ៍ ៧មករា ដែលជាថ្ងៃនៃការដួលរំលំនៃរបប ប៉ុល ពត នោះ លោក សម រង្ស៊ី ដែលល្បីឈ្មោះខាងអំពាវនាវឱ្យមានការស្អប់ខ្ពើមពូជសាសន៍ (នៅពេលគាត់និយាយជាភាសាខ្មែរ) និងខាងប្រជានិយមដ៏មោះមុតនោះ ព្យាយាមសរសេរប្រវត្តិសាស្ត្រកម្ពុជាឡើងវិញដោយបង្ហាញនូវហេតុការណ៍បន្តបន្ទាប់គ្នាផ្អែកលើការសន្មត់ “ប្រសិនបើ” យ៉ាងនេះ “ប្រសិនបើ” យ៉ាងនោះ ដែលមានចេតនាបង្ហាញថាវៀតណាម គឺជាប្រភពនៃទុក្ខវេទនាទាំងអស់របស់កម្ពុជា។ ជាធម្មតាអ្នកដែលបំភ្លៃការពិតប្រវត្តិសាស្ត្រ ក្នុងគោលបំណងកេងចំណេញខាងនយោបាយ ច្រើនភ្លេចនូវព្រឹត្តិការណ៍នានាដែលប្រឆាំងនឹងការទាញរកហេតុផលងាយៗរបស់ពួកគេ។

តើការពិតទាំងនោះមានអ្វីខ្លះ? ចាប់តាំងពីឆ្នាំ ១៩៥៣ មក កម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ បានខិតខំព្យាយាមការពារអព្យាក្រឹត្យភាព និងបូរណភាពដែនដីរបស់ខ្លួន។ នៅក្រៅប្រទេស កម្ពុជា ប្រឈមនឹងអរិភាពរបស់សហរដ្ឋអាមេរិកដែលគាំទ្រប្រទេសថៃ និងសាធារណរដ្ឋវៀតណាមខាងត្បូង។ នៅក្នុងប្រទេសវិញ កម្ពុជាប្រឈមនឹងក្រុមដែលបានដាក់ខ្លួនជារណបសហរដ្ឋអាមេរិករួមមាន លោក សម សារី (ឪពុករបស់ លោក សម រង្ស៊ី) លោក ស៊ឹង ង៉ុកថាញ់ លោក ដាប់ ឈួន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង លោក លន់ នល់។ ប៉ុន្តែ បណ្ណាសាររបស់ទីភ្នាក់ងារសម្ងាត់របស់អាមេរិក (CIA) និងក្រុមប្រឹក្សាសន្តិសុខជាតិ បានបង្ហាញថាជនបីនាក់ដំបូងបានចូលរួមពាក់ព័ន្ធក្នុងផែនការផ្តួលរំលំព្រះប្រមុខរដ្ឋកម្ពុជា មិនបានសម្រេចដោយរាប់បញ្ចូលទាំងការបញ្ជូនគ្រាប់បែកចូលក្នុងព្រះបរមរាជវាំងទៀតផង។ នៅឆ្នាំ១៩៧០ ជនពីរនាក់ចុងក្រោយគឺ លន់ នល់ និង ស៊ីសុវត្ថិ សិរិមតៈ សម្រេចទម្លាក់ព្រះប្រមុខរដ្ឋកម្ពុជាបានដោយជោគជ័យ។ នោះគឺរដ្ឋប្រហារដែលបានទាញទម្លាក់ប្រទេសកម្ពុជាឱ្យចូលក្នុងភ្នក់ភ្លើងសង្គ្រាមវៀតណាម។ សង្គ្រាមដែលសម្តេចព្រះ នរោត្តម សីហនុ បញ្ជៀសបានដោយជោគជ័យក្នុងអំឡុងពេលព្រះអង្គគ្រប់គ្រងប្រទេស។

ព្រឹត្តិការណ៍ដ៏ចម្បងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ កើតចេញពីឆន្ទៈរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នេះហើយដែលជាប្រភពដើមនៃទុក្ខវេទនាទាំងឡាយដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរយៈពេលពីរទសវត្សរ៍ក្រោយមក។ កម្ពុជាបានក្លាយជាផ្នែកមួយនៃសមរភូមិវៀតណាមដែលមានការប្រយុទ្ធគ្នារវាងប្លុកទាំងពីរនៃសង្គ្រាមត្រជាក់។ ពេលនោះ សម្តេចព្រះនរោត្តម សីហនុ គ្មានជម្រើសអ្វីផ្សេងក្រៅពីសុំជំនួយពីប្លុកប្រឆាំងនឹងអ្នកដែលបានទម្លាក់ព្រះអង្គឡើយ។ ពិតមែនតែក្រុមកុម្មុយនិស្តវៀតណាមជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពល និងប្រកបដោយជ័យជម្នះប្រឆាំងនឹងសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ដែលពេលនោះ បានទទួលគាំទ្រដោយការទម្លាក់គ្រាប់បែករបស់អាមេរិកដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែ ក្រុមនេះមិនមែនជាអ្នកបង្កើតចលនានយោបាយ និងយោធាដែលគេស្គាល់ក្រោមឈ្មោះថា «ខ្មែរក្រហម» នោះទេ។ លោក សម រង្ស៊ី ដែលមិនខ្វល់នឹងការពិតប្រវត្តិសាស្ត្រ គួរតែអានសៀវភៅប្រវត្តិសាស្ត្រ និពន្ធដោយ លោក Chandler, លោក Steve Heder ឬ លោក Philip Short ។ គាត់នឹងដឹងថា ប៉ុល ពត និងពួកអ្នកស្មោះស័្មគ្ររបស់គាត់ មានការមិនទុកចិត្ត និងការស្អប់ខ្ពើមចំពោះជនជាតិវៀតណាម ដល់កម្រិតណា។ ការមិនទុកចិត្ត និងការស្អប់ខ្ពើមនេះ គឺមានតាំងតែពីមុនខែមីនា ឆ្នាំ ១៩៧០មកម្ល៉េះ។ ហើយនៅអំឡុងពេលសង្គ្រាម ពួកខ្មែរក្រហមមិនដែលទទួលបញ្ជាពីរដ្ឋាភិបាលទីក្រុងហាណូយម្តងណាឡើយ។ នៅពេលពួកគេក្លាយជាអ្នកដឹកនាំប្រទេស ពួកគេបានអនុវត្តជាប្រចាំនូវនយោបាយឈ្លានពានប្រឆាំងនឹងវៀតណាមដែលបាននាំទៅឱ្យមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងការដួលរំលំនៃរបបមួយ ដែលទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជាចំនួនជាង ២,២លាននាក់។ មែនទេនទៅតើនរណាអាចប្រកែកថា ថ្ងៃ៧ មករាមិនមែនជាថ្ងៃរំដោះនោះ?

តើនរណាអាចប្រកែកថា ដំណាក់កាលបន្ទាប់មកប្រទេសកម្ពុជាមិនបានជាប់ក្នុងអន្ទាក់ «សង្គ្រាមតាមរយៈតួអង្គតំណាង» ដែលបានធ្វើឱ្យអ្នករស់រានមានជីវិតពីអំពើសាហាវយង់ឃ្នងនៃពួក ប៉ុល ពត ក្លាយជាជនរងគ្រោះនៃមហាអំណាចនានានោះ? ជាថ្មី ម្តងទៀត មិនមែនជនជាតិវៀតណាមទេដែលជាអ្នកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់កម្ពុជា។ អ្នកទទួលខុសត្រូវ គឺជាមហាអំណាចមួយចំនួនដែលនៅអតីតកាលបានបដិសេធចោលអព្យាក្រឹត្យភាពរបស់កម្ពុជា និងជាថ្មីម្តងទៀត នៅពេលបច្ចុប្បន្ននេះតម្រូវឲ្យកម្ពុជាជ្រើសរើសបក្ខពួកមួយដោយប្រឆាំងនឹងបក្ខពួកមួយទៀត។ លុះត្រាតែល្ងីល្ងើខ្វាក់ដោយសារតណ្ហា ដូច ពួកជ្រុលនិយម និងពួកងុបងល់និយម ទើបហ៊ានសរសេរថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានវៀតណាមធ្វើអាណានិគមយោធានិងសេដ្ឋកិច្ច។ និយាយមែនទែនទៅ គឺពួកជ្រុលនិយមនិងពួកប្រជាភិថុតគ្មានអ្វីក្រៅពីការបញ្ឆេះភ្លើងតណ្ហានៃប្រជារាស្ត្រដែលមិនសូវបានយល់ដឹងបែបនេះឯង។

លោក សម រង្ស៊ី បានបង្កើតសេណារីយ៉ូមួយដែលពោរពេញដោយ “ប្រសិនបើ” ។ ប៉ុន្តែ ដូចដែលគេដំណាលនិយាយនៅប្រទេសបារាំង ថា «ជាមួយនឹង ប្រសិនបើ គេអាចច្រកទីក្រុងប៉ារីសនៅក្នុងដបមួយបាន»។ ជាអកុសល ដើម្បីបោកបញ្ឆោតអ្នកអានរបស់ខ្លួន លោក សម រង្ស៊ី មិនញញើតនឹងបំភ្លៃការពិតប្រវត្តិសាស្រ្តឡើយ៕

រ៉ាអ៊ូល ម៉ាក់ ជេនណា
បណ្ឌិតខាងសិក្សាខ្មែរ

អត្ថបទទាក់ទង