ខ្មែរប៉ុស្ដិ៍ Close

កំពង់ផែទេសចរណ៍កោះទន្យាយ សាងសង់បានប្រមាណ ៧៥% ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 77
កំពង់ផែទេសចរណ៍កោះទន្យាយ សាងសង់បានប្រមាណ ៧៥% ហើយ កំពង់ផែទេសចរណ៍កោះទន្យាយ សាងសង់បានប្រមាណ ៧៥% ហើយ

កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ នៃតំបន់រមណីយដ្ឋានឆ្នេរកែប ស្ថិតក្នុងខេត្ដកែប ត្រូវបានសាងសង់ប្រមាណ៧៥ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាម លោក រស់ សោភ័ណ បានឱ្យដឹងថា កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយនេះ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចតាមផែនការបានប្រមាណ៧៥ភាគរយហើយ។

សូមជម្រាបផងដែរថា បើទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែបន្តរាតត្បាត ដែលធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញ-ចូលច្រើនដូចឆ្នាំមុនៗយ៉ាងណាក្ដី ប៉ុន្តែបើតាមការកត់សម្គាល់ឃើញថា សហគមន៍ទូក ទេសចរណ៍កោះទន្សាយនៅតែបន្តដំណើរការដូចមុនដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ ភ្ញៀវទៅលម្ហែ ទស្សនា កម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែ ចំណតទូក ប្រហែល៥គីឡូម៉ែត្រ។ លើសពីនេះទៀត កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីចំណតទូកសម្រាប់នាំដំណើរអ្នកទេសចរ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចតទូកដឹកទំនិញធន់ស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ៕