ខ្មែរប៉ុស្ដិ៍ Close

ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា»

ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹកនេះ ដោយក្រុមកីឡាករកីឡាការិនីនឹងចាប់ផ្តើមប្រណាំងលើកំណាត់ផ្លូវក្នុងខេត្តកំពង់ស្ពឺដោយឆ្លងកាត់តំបន់ឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ មុននឹងចាប់ផ្តើមការប្រណាំង លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថានបានធ្វើអធីបតីក្នុងកម្មវិធីគ្រវីទង់ ចាប់ផ្តើមការប្រណាំងយានយន្តជាផ្លូវការនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសួនបឹងកក់ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ សហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នឹងធ្វើការប្រណាំងដោយឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺដោយឆ្លងឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ នៅក្នុងខេត្តកំពតដែលឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះមានការចូលរួមប្តកួតពីកីឡាករកីឡាការិនីមកពី ៥ ប្រទេសរួមមានកម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦ គ្រឿង និងរថយន្តចំនួន ៩ គ្រឿង។

ទាក់ទងនឹងការរៀបចំឱ្យមានការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារៈប្រយោជន៍ថាដើម្បីផ្សព្វផ្សាយពីសក្តានុ ពលធនធានធម្មជាតិដែលកម្ពុជាមានឱ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណៈជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបាន គង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។

ដោយបានគូសបញ្ជាក់បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិរួមមានតំបន់ការពារធម្មជាតិចំនួន ៥២ និងរបៀងអភិរក្សជីវៈចម្រុះ ៣ ( ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧ ២៣៩ ៩២០ ហិកតា ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះនឹងត្រូវសហការរៀបចំបន្តទៀតជាមួយសហព័ន្ធកីឡា យានយន្តកម្ពុជាដើម្បីផ្សព្វផ្សាយពីតំបន់ការពារធម្មជាតិរបស់កម្ពុជាដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាជននៅលើពិភពលោកដើម្បីឱ្យពួកគាត់បានដឹងពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិនិងជីវៈចម្រុះនៅក្នុងប្រទេស កម្ពុជា និងរួមគ្នាអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕

អត្ថបទទាក់ទង