ស្រីលង្កាធ្លាក់ចូលវិបត្តិនយោបាយ រួមទាំងមានការចាប់ខ្លួនរដ្ឋមន្រ្តីម្នាក់ជុំវិញការបាញ់សម្លាប់មនុស្ស
លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដើម្បីប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ឬរួបរួមជាមួយសភា ក្រោយការសម្រេចរបស់លោក ក្នុងការរំលាយរដ្ឋាភិបាល និងផ្លាស់ប្ដូរនាយករដ្ឋមន្រ្តី បង្កជាភាពវឹកវរផ្នែកនយោបាយនៅក្នុងប្រទេស កាលពីចុងសប្ដាហ៍មុន។
ប្រទេសអាស៊ីខាងត្បូងមួយនេះបានធ្លាក់ចូលក្នុងវិបត្តិនយោបាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រោយលោកប្រធានាធិបតីស្រីលង្កា បានបណ្ដេញលោកនាយករដ្ឋមន្រ្តី Ranil Wickremesighe ចេញពីតំណែង និងជំនួញវិញដោយលោក Mahinda Rajapaka ដែលជាអតីតប្រធានាធិបតីស្រីលង្កា។
ចំណែកលោក Ranil Wickremesighe បានបញ្ជាក់ថា ការបណ្ដេញលោកចេញពីតំណែង គឺជារឿងខុសច្បាប់ ហើយលោកគឺនៅតែជានាយករដ្ឋមន្រ្តី ដោយការគាំទ្រពីសមាជិកសភាភាគច្រើន។
លោកថា “វិធីតែមួយគត់ដើម្បីចេញពីវិបត្តិនេះ គឺត្រូវដោះស្រាយអ្នកណាដែលមានការគាំទ្រភាគច្រើន។ នៅពេលសភាកោះហៅ បញ្ហានេះអាចនឹងត្រូវបានដោះស្រាយ”។
ក្នុងអំឡុងពេលវិបត្តិនយោបាយនេះ លោករដ្ឋមន្រ្តីប្រេង Arjuna Ranatunga ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ ជុំវិញការបាញ់សម្លាប់មនុស្សម្នាក់។ ប៉ូលិសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានការប៉ះទង្គិចគ្នានៅពេលលោករដ្ឋមន្រ្តីប្រេងរូបនេះ បានព្យាយាមចូលការិយាល័យរបស់លោក តែត្រូវបានហាមឃាត់។ បន្ទាប់មកអង្គរក្សរបស់រដ្ឋមន្រ្តីរូបនេះបានបាញ់បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស ២នាក់។
សូមបញ្ជាក់ថា លោក Arjuna Ranatunga គឺជាសមាជិករដ្ឋាភិបាលស្រីលង្កាដែលត្រូវបានរំលាយ ហើយត្រូវបានលោកប្រធានាធិបតីស្រីលង្កា ចេញបញ្ជាមិនឲ្យចូលក្នុងការិយាល័យនោះទេ។
តើមានបញ្ហាអ្វីទៀតពាក់ព័ន្ធនឹងវិបត្តិនយោបាយរបស់ស្រីលង្កា?
វិបត្តិនយោបាយក្នុងប្រទេសស្រីលង្កានាពេលនេះ គឺជាផលវិបាកមួយនៃការប្រកួតប្រជែងឥទ្ធិពលនៅអាស៊ីខាងត្បូង រវាងសម្ព័ន្ធមិត្តប្រពៃណីរបស់ស្រីលង្កា គឺប្រទេសឥណ្ឌា និងប្រទេសចិនដែលកំពុងបង្កើនតួនាទីរបស់ខ្លួននៅក្នុងតំបន់។
ប្រទេសចិន ជាយូរមកហើយ ត្រូវបានគេមើលឃើញថា បានគាំទ្រលោក Rajapaksa និងបានអបអរសាទរលោក Rajapaksa ក្លាយជានាយករដ្ឋមន្រ្តីរួចរាល់ហើយ។
ប៉ុន្ដែឥណ្ឌា សហភាពអឺរ៉ុប និងអាមេរិកបានជំរុញឲ្យលោកប្រធានាធិបតីឥណ្ឌា គោរពតាមរដ្ឋធម្មនុញ្ញ ពោលគឺឲ្យអ្នកច្បាប់បោះឆ្នោតសម្រេចថាតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាល។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “យើងអំពាវនាវឲ្យប្រធានាធិបតី ក្នុងការពិគ្រោះជាមួយប្រធានសភា ធ្វើការរួបរួមជាបន្ទាន់ជាមួយសភា និងអនុញ្ញាតឲ្យតំណាងរាស្រ្តជាប់ឆ្នោតដែលតំណាងឲ្យប្រជាជនស្រីលង្កា បំពេញទំនួលខុសត្រូវរបស់ពួកគេ ដើម្បីបញ្ជាក់ថា នរណានឹងក្លាយជានាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាល”៕
ប្រភព៖ ខ្លីៗ