ខ្មែរប៉ុស្ដិ៍ Close

បេក្ខជនជាង ១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការងារ ឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
បេក្ខជនជាង ១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការងារ ឆ្នាំ២០១៨ បេក្ខជនជាង ១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការងារ ឆ្នាំ២០១៨

ក្នុងពេលបើកការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ទៀវ ម៉ាក់តែល អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ក្នុងការប្រឡងក្របខណ្ឌក្រសួងការងារនៅឆ្នាំ២០១៨នេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១,២១២នាក់ ក្នុងនោះមានបុគ្គលិកជាប់កិច្ចសន្យានៃក្រសួងការងារ ៤៥នាក់ ជនពិការ ១៧នាក់ ក្រៅពីនេះមានព្រះសង្ឃ សិស្សនិស្សិតជាដើម។ ការប្រឡងនេះធ្វើឡើងនៅវិទ្យាស្ថានជាតិព្រះកុសមៈនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ទៀវ ម៉ាក់តែល បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងនេះ តែងតែរៀបចំការប្រឡងទៅតាមនីតិវិធីដោយបង្កើតឱ្យមានអនុគណៈកម្មការរៀបចំទទួលខុសត្រូវទៅតាមអគារ និងបន្ទប់ប្រឡងនីមួយៗ។ ជាមួយគ្នានោះ ក្រសួងការងារក៏បានចេញនូវសេចក្ដីណែនាំសម្រាប់អនុរក្ស និងអ្នកទទួលខុសត្រូវនៅតាមបន្ទប់ ក្នុងការពិនិត្យមើលសកម្មភាពប្រឡង និងសកម្មភាពមិនប្រក្រតីផ្សេងៗរបស់បេក្ខជនផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានដាក់ចេញបទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនប្រឡងធ្វើយ៉ាងណាឱ្យការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

លោកអនុរដ្ឋលេខាធិការ បានបន្តថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំ និងទទួលខុសត្រូវការប្រឡងជ្រើសរើសមន្ត្រីមន្ត្រីក្របខណ្ឌក្រសួងការងារនេះ នៅតែពង្រឹងការងារត្រួតពិនិត្យ ក៏ដូចជាការកែសន្លឹកកិច្ចការយ៉ាងហ្មត់ចត់ជានិច្ច ដើម្បីចម្រាញ់យកមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ។ បើតាមលោក ទៀវ ម៉ាក់តែល សម្រាប់ការប្រឡងឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវការមន្ត្រីថ្មីចំនួន ១៤នាក់។

សូមជម្រាបថា ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ត្រូវបានចែកចេញជាមាន២វិញ្ញាសា៖ វិញ្ញាសាចំណេះដឹងទូទៅ ដែលមានរយៈពេលប្រឡង ២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល ១ម៉ោង ៣០នាទី។ ការប្រឡងមានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕

អត្ថបទទាក់ទង