ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 836
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់

ក្រោយពីបើកប្រតិបត្តិការទ្រង់ទ្រាយធំដែលមានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ និងបើកលេងយូរឆ្នាំមកហើយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។

ភ្លាមៗបន្ទាប់ពីករណីបង្ក្រាបសង្វៀនជន់មាន់ដ៏ធំនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ ដោយផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖

«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មាន ការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»

សូមជំរាបថា ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។

ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕

 

អត្ថបទទាក់ទង