ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាប រៀបចំទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ បើកមហោស្រពវប្បធម៌កូរ៉េលើកទី១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 9
ខេត្តសៀមរាប រៀបចំទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ បើកមហោស្រពវប្បធម៌កូរ៉េលើកទី១ ខេត្តសៀមរាប រៀបចំទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ បើកមហោស្រពវប្បធម៌កូរ៉េលើកទី១

ទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េនេះ បានប្រព្រឹត្តធ្វើនៅសាលសន្និសិទ នៃសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិករដ្ឋសភា អគ្គកុងស៊ុលចិន វៀតណាម និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សមាគមកូរ៉េ និង សិស្សសាលាកូរ៉េ។

ក្នុងកិច្ចស្វាគមន៍ លោក ផាក ស៊ឹងឃ្យូ អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ក៏បានការរៀបចំមហោស្រពវប្បធម៌កូរ៉េលើកទី១ អបអរទិវាបុណ្យជាតិកូរ៉េ នៅខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ បានបញ្ចូលកម្មវិធីជាច្រើនទៅក្នុងមហោស្រពវប្បធម៌កូរ៉េនេះ រួមមានការប្រកួតដណ្តើមពានរង្វាន់កីឡាតេក្វាន់ដូ មហោស្រពភាពយន្ត កូរ៉េ ប្រឡងសំណួរចម្លើយ ប្រឡងក្បាច់រាំនិងចម្រៀង K POP ពិព័រណ៌ម្ហូបអាហារកូរ៉េ ការបង្រៀនលេងតន្តី្របូរាណកូរ៉េ តាំងពីព័រណ៌រូបថត និងការស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ ជាដើម។

ក្នុងពិធីនោះដែរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានវាយតម្លៃថា កំណើនភ្ញៀវទេសចរកូរ៉េ ដែលបានចូលមកទស្សនាកម្ពុជា កាន់តែច្រើនឡើង គឺជានិមិត្តសញ្ញានៃការរីកចម្រើន នៃទំនាក់ទំនងល្អប្រសើររឹងមាំ រវាងប្រទេសទាំង២ សាធារណរដ្ឋកូរ៉េ និង ព្រះរាជាណាចក្រកម្ពុជា។ ក្នុងសេចក្តីថ្លែងសន្ទរកថា ក្នុងទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងមហោស្រពវប្បធម៌កូរ៉េលើកទី១ ដែលបានប្រារព្ធនៅខេត្តសៀមរាប លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានរំលឹកថា ការចងចាំជាប្រវត្តិសាស្រ្ត ឆ្នាំ១៩៩៧ គឺជាឆ្នាំដែលត្រូវបានបង្កើតទំនាក់ទំនងការទូតរវាង សាធារណរដ្ឋកូរ៉េ ជាមួយព្រះរាជាណចក្រកម្ពុជា។

លោក អូ ណាក់យ៉ុង តាមការបង្ហាញនិងការកត់សម្គាល់ថា នាឆ្នាំនោះ មានភ្ញៀវទេសចរកូរ៉េ ចូលមកទស្សនាកម្ពុជា មានតែប្រមាណជាង១ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកូរ៉េដែលបានចូលមកទស្សនាកម្ពុជា កើនចំនួនជិតទៅដល់ប្រហែល៣៥ម៉ឺននាក់ ជារៀងរាល់ឆ្នាំ គឺជាប់ក្នុងលំដាប់លេខរៀងទី២ នៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ ដែលបានចូលមកទស្សនាកម្ពុជា ។ លោកបានឲ្យដឹងទៀតថា នេះគឺជានិមត្តសញ្ញានៃការរីកចម្រើនគួរកត់សម្គាល់ នៃទំនាក់ទំនងរវាងប្រទេសទាំង២។ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បាននិងកំពុងបន្តលើកកម្ពស់កិច្ចទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដោយការអនុវត្តគោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី ដែលផ្តោតជាសំខាន់ទៅលើមនុស្ស វិបុលភាព និងសន្តិភាព។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍បន្ទាប់ពីមានការភ្ជាប់ទំនាក់ទំនងឡើងវិញនៃប្រទេសទាំងពីរ ប្រទេសកម្ពុជានិងកូរ៉េ បានធ្វើកិច្ចការជាច្រើន ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់ វប្បធម៌ និងទំនាក់ទំនងការទូត។ ក្នុងភាពជាដៃគូជាមួយភាគីកូរ៉េ ខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន២នៃសាធារណរដ្ឋកូរ៉េ ( ទីក្រុងស៊ូវ៉ុន និង ខេត្ត ជុងចុងណាំដូ និងបានចុះ MOU ជាមួយគ្នាផងដែរ ។

លោកអភិបាលខេត្តសៀមរាប បានបន្ថែមថា ឆ្នាំ២០១៨នេះ មានវិនិយោគិន និង ពាណិជ្ជករកូរ៉េ មកវិនិយោគក្នុងខេត្តសៀមរាប ចំនួន៥០៤ក្រុមហ៊ុន-សហគ្រាស។ លោកក៏បានលើកផងដែរថា ការៀបចំទិវាបុណ្យជាតិកូរ៉េ នៅលើទឹកដីប្រវត្តិសាស្ត្រ អង្គរនាពេលនេះ គឺពិតជាការផ្តល់នូវតម្លៃដ៏ធំធេងនៃតម្លៃវប្បធម៌កូរ៉េ ក្នុងការជម្រុញ និងពង្រីកកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមិត្តភាព សាមគ្គីភាពជានិរន្តរ ក្នុងនាមប្រជាជាតិនៃប្រទេសទាំងពីរ កម្ពុជា កូរ៉េ ។ ម៉្យាងទៀតទិវាបុណ្យជាតិ កូរ៉េនេះនឹងក្លាយជានិមិត្តរូបនៃការពង្រឹង ពង្រីកចំណងនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ធ្វើឲ្យប្រទេសទាំងពីរមានការរីកចម្រើនជានិច្ចនិរន្តរតទៅអនាគត៕

អត្ថបទទាក់ទង