ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-បង់ក្លាដែស ប្តេជ្ញាបន្តរួមដំណើរជាមួយគ្នាក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 1102

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជា និងបង់ក្លាដែស នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា។ សម្តេចបានថ្លែងដូចនេះ នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ស្តីពីលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាសន៍ថ្មីមួយទៀតសម្រាប់កម្ពុជា និងបង់ក្លាដែស ដែលកាលពីឆ្នាំ២០០១ លោកស្រីនាយករដ្ឋមន្ត្រីបានមកបំពេញទស្សនកិច្ចម្តងរួចមកហើយ។

សម្តេច​តេជោនាយករដ្ឋមន្ត្រីបានបន្តថា កិច្ចពិភាក្សានាព្រឹកនេះ បានពិភាក្សាផ្តោតជាសំខាន់ អំពីទំនាក់ទំនងទ្វេភាគីក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាលជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះគឺពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ក្នុងកិច្ចពិភាក្សានេះ កម្ពុជាបានផ្តល់នូវការគាំទ្រចំពោះសំណូមពរភ្លាមៗរបស់បង់ក្លាដែស ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។ លោកបន្តថា កម្ពុជានឹងប្រឹងប្រែងជួយឱ្យបង់ក្លាដែស ក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំពឹងថាបង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយ ដើម្បីឱ្យប្រជាជនរ៉ូហីងហ្គា អាចធ្វើមាតុភូមិនីវត្តន៍វិលត្រឡប់ទៅកាន់ប្រទេសមីយ៉ានម៉ាវិញបាន។

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែសក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀតនាពេលសមស្របខាងមុខ៕

 

អត្ថបទទាក់ទង