ដំណើរចូលតំបន់អានសេះរបស់នាយករដ្ឋមន្ត្រីថៃ គឺជាទង្វើបំពានលើអធិបតេយ្យភាពកម្ពុជា និងបំផ្លាញស្មារតីនៃការដោះស្រាយវិវាទដោយសន្តិវិធី
ដំណើរចូលតំបន់អានសេះរបស់នាយករដ្ឋមន្ត្រីថៃ គឺជាទង្វើបំពានលើអធិបតេយ្យភាពកម្ពុជា និងបំផ្លាញស្មារតីនៃការដោះស្រាយវិវាទដោយសន្តិវិធី
ដំណើររបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ទៅកាន់តំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មិនគួរត្រូវបានមើលថា ជាដំណើរទស្សនកិច្ចធម្មតានោះទេ ជាពិសេសនៅពេលដែលតំបន់នេះជាតំបន់ដែលកម្ពុជា និងថៃនៅតែមានការមិនឯកភាពគ្នាអំពីបញ្ហាព្រំដែននៅឡើយ។
សំណួរដែលគួរត្រូវបានសួរគឺ៖ ហេតុអ្វីបានជាមេដឹកនាំថៃជ្រើសរើសទៅកាន់តំបន់ដែលកំពុងមានភាពរសើបបែបនេះ? ហើយតើដំណើរទស្សនកិច្ចនោះអាចផ្ញើសារអ្វីខ្លះទៅកាន់ប្រជាជនថៃ កម្ពុជា និងសហគមន៍អន្តរជាតិ?
សម្រាប់កម្ពុជា ការចូលទៅកាន់តំបន់នេះដោយគ្មានការយល់ព្រមពីភាគីកម្ពុជា គឺជារឿងមិនអាចទទួលយកបានឡើយ ព្រោះតំបន់នេះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីឥណ្ឌូចិន-សៀម ខ្នាត ១:២០០,០០០។ ជាមួយគ្នានេះ កម្ពុជាក៏បានចេញការតវ៉ាជាផ្លូវការច្រានចោលចំពោះសកម្មភាពរបស់ភាគីថៃនេះផងដែរ។
ការតវ៉ារបស់កម្ពុជា មិនមែនជាការប្រតិកម្មតាមអារម្មណ៍ទេ។ ផ្ទុយទៅវិញ វាគឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម និងមិនទទួលស្គាល់ចំពោះសកម្មភាពរបស់មេដឹកនាំថៃ ដែលបានចូលទៅកាន់តំបន់នេះដោយគ្មានការពិភាក្សា និងការយល់ព្រមពីភាគីកម្ពុជាឡើយ។ កម្ពុជាចាត់ទុកថា ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាការជាន់ឈ្លីលើស្មារតីនៃសេចក្តីប្រកាសរួម ព្រមទាំងជាសកម្មភាពដែលបង្កឱ្យមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។
ចំណុចសំខាន់មួយទៀត គឺការដែលលោក Anutin ដែលជានាយករដ្ឋមន្ត្រី ដែលខ្វះការយល់ដឹងពីប្រវត្តិសាស្ត្ររូបនេះទៅឈរនៅលើទីតាំងណាមួយ មិនអាចធ្វើឱ្យទីតាំងនោះក្លាយជាទឹកដីថៃបានទេ។ វត្តមានរបស់មេដឹកនាំនៅលើទីតាំងណាមួយអាចជាសកម្មភាពនយោបាយ ប៉ុន្តែមិនអាចជំនួសឱ្យឯកសារផ្លូវការ ប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែនបានទេ។
ចំពោះការបង្កើត អង្គហេតុថ្មីនៅលើដី (Fait Accompli) ក៏ជាបញ្ហាផ្សេងមួយទៀត។ ការដាក់កម្លាំង ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ឬការអនុវត្តសកម្មភាព ដើម្បីបង្កើតស្ថានភាពគ្រប់គ្រងជាក់ស្តែងនៅលើទីតាំងដែលមានវិវាទ មិនអាចធ្វើឱ្យស្ថានភាពនោះក្លាយជាមូលដ្ឋានស្វ័យប្រវត្តិសម្រាប់ការអះអាងអធិបតេយ្យភាពលើទឹកដីនោះបានឡើយ។ ការកំណត់សិទ្ធិលើទឹកដីត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធ មិនមែនលើការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីនោះទេ។
ប្រសិនបើគ្រាន់តែការទៅឈរនៅលើដីមួយ អាចយកមកកំណត់ថា ទីតាំងនោះជារបស់អ្នកណាម្នាក់បាន នោះពិភពលោកមិនចាំបាច់មានសន្ធិសញ្ញា ផែនទី កិច្ចព្រមព្រៀង ឬយន្តការដោះស្រាយវិវាទផ្សេងៗទៀតឡើយ។ វានឹងមានន័យថា អ្នកណាខ្លាំង អ្នកនោះជាអ្នកឈ្នះ ទោះបីជាត្រូវប្រើកម្លាំង រំលោភបំពាន ឬឈ្លានពានលើប្រទេសដទៃ ហើយសកម្មភាពរបស់ខ្លួនផ្ទុយនឹងច្បាប់អន្តរជាតិក៏ដោយ។ បើពិភពលោកដំណើរការតាមរបៀបនេះ តើសណ្តាប់ធ្នាប់អន្តរជាតិនឹងទៅជាយ៉ាងណា? ប៉ុន្តែការពិត ពិភពលោកមិនអាច និងមិនធ្វើដំណើរការតាមរបៀបនេះឡើយ។
បញ្ហាព្រំដែនមិនអាចកំណត់ដោយការបង្ហាញវត្តមាននៅលើដីបានទេ ប៉ុន្តែត្រូវផ្អែកលើឯកសារ ប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀង និងការពិភាក្សារវាងភាគីពាក់ព័ន្ធ។ ដោយហេតុនេះហើយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវផែនទីខ្នាត ១:២០០,០០០ ដែលផលិតឡើងក្នុងបរិបទនៃការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ជាមូលដ្ឋានសម្រាប់ជំហររបស់ខ្លួន ហើយមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់ផែនទីខុសច្បាប់ខ្នាត ១:៥០,០០០ ដែលថៃប្រើប្រាស់ជាឯកតោភាគី ដើម្បីគាំទ្រការអះអាងរបស់ខ្លួនលើតំបន់មានវិវាទនោះឡើយ។
ផ្ទុយទៅវិញ ភាគីថៃមានការប្រើប្រាស់ផែនទី និងការបកស្រាយខ្សែព្រំដែនខុសពីកម្ពុជា។ ដូច្នេះ បញ្ហានេះមិនអាចដោះស្រាយដោយការយកវត្តមាន ឬការគ្រប់គ្រងជាក់ស្តែងនៅលើដីមកធ្វើជាចំណុចសម្រេចបានទេ។ នៅពេលភាគីទាំងពីរមានការយល់ឃើញខុសគ្នា អ្វីដែលគួរធ្វើ គឺការយកឯកសារ កិច្ចព្រមព្រៀង និងយន្តការដែលមានស្រាប់មកពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា មិនមែនប្រកួតគ្នាដោយកម្លាំងយោធា ឬយកការមានវត្តមាននៅលើទីតាំងណាមួយមកធ្វើជាភស្តុតាងថា ទីនោះជាទឹកដីរបស់ខ្លួននោះទេ។
ចំណុចមួយដែលមិនគួរមើលរំលង គឺ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តចំពោះការជៀសវាងសកម្មភាពដែលអាចបង្កភាពតានតឹងនៅតាមបណ្តោយព្រំដែន។
ដូច្នេះ នៅពេលមានការទៅកាន់តំបន់ដែលមានភាពរសើបដោយមេដឹកនាំកំពូល វាជារឿងធម្មតាដែលមនុស្សជាច្រើននឹងសួរថា តើសកម្មភាពនេះស្របនឹងស្មារតីនៃការបន្ថយភាពតានតឹងដែរឬទេ?
បើភាគីថៃនិយាយថាចង់ឱ្យព្រំដែនមានសន្តិភាព ចង់បង្កើតទំនុកចិត្ត និងចង់ដោះស្រាយបញ្ហាដោយការពិភាក្សា នោះគ្រប់សកម្មភាពរបស់មេដឹកនាំថៃក៏គួរតែស្របទៅនឹងគោលការណ៍ទាំងនេះដែរ។ មិនមែនធ្វើសកម្មភាពណាមួយដែល មានការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ហើយបន្ទាប់មកឱ្យកម្ពុជឋត្រូវចេញមកតវ៉ា និងបកស្រាយជាបន្តបន្ទាប់នោះទេ។
ចំពោះកម្ពុជា ការចេញសេចក្តីតវ៉ាជាផ្លូវការមានសារៈសំខាន់ណាស់ ព្រោះវាបង្ហាញថា កម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ និងមិននៅស្ងៀមចំពោះសកម្មភាពដែលខ្លួនមិនយល់ព្រមនោះទេ។ លើសពីនេះ ការតវ៉ាជាផ្លូវការក៏មានសារៈសំខាន់ចំពោះការរក្សាកំណត់ត្រានៃវិវាទផងដែរ។
នៅពេលក្រោយ ប្រសិនបើមានការពិភាក្សាអំពីប្រវត្តិនៃវិវាទ ព័ត៌មានថា ភាគីណាបានធ្វើអ្វី ភាគីណាមួយបានតវ៉ា និងភាគីណាបានបង្ហាញជំហរយ៉ាងដូចម្តេច អាចក្លាយជាផ្នែកមួយនៃកំណត់ត្រាដែលត្រូវយកមកពិចារណាជាអន្តរជាតិ។
ករណីប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលមិនគួរមើលរំលង។ វាបង្ហាញថា វិវាទព្រំដែនមិនមែនកើតឡើង ហើយបញ្ចប់ត្រឹមសកម្មភាពរបស់ភាគីណាមួយក្នុងពេលតែមួយថ្ងៃនោះទេ។ អ្វីដែលប្រទេសមួយបានធ្វើ អ្វីដែលមេដឹកនាំបាននិយាយ និងជាពិសេស ការតវ៉ារបស់ប្រទេសមួយចំពោះសកម្មភាពរបស់ភាគីម្ខាងទៀត សុទ្ធតែអាចមានសារៈសំខាន់ នៅពេលវិវាទត្រូវបានយកមកពិភាក្សា ឬវាយតម្លៃក្នុងកម្រិតអន្តរជាតិនៅពេលក្រោយ។
សកម្មភាពរបស់លោក Anutin សម្រាប់អ្នកគាំទ្ររដ្ឋាភិបាលថៃ និងក្រុមអ្នកជាតិនិយមជ្រុលមួយចំនួននៅថៃ អាចត្រូវបានមើលថា ជាការបង្ហាញថា មេដឹកនាំរបស់ខ្លួនកំពុងឈរជាមួយកងទ័ព និងបង្ហាញភាពរឹងមាំចំពោះបញ្ហាព្រំដែន។ ប៉ុន្តែសម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍ពីខាងក្រៅ វាអាចបង្កើតសំណួរមួយដែលគួរឱ្យចាប់អារម្មណ៍ថា ប្រសិនបើពិតជាចង់រក្សាសន្តិភាព និងបន្ថយភាពតានតឹង ហេតុអ្វីត្រូវធ្វើសកម្មភាពដែលអាចធ្វើឱ្យភាគីម្ខាងទៀតត្រូវចេញមុខតវ៉ា? នេះជាចំណុចដែលរដ្ឋាភិបាលថៃគួរគិតឱ្យបានច្បាស់។
ការរក្សាព្រំដែនឱ្យស្ងប់ស្ងាត់ មិនមែនមានន័យថា ភាគីណាមួយត្រូវបោះបង់ជំហររបស់ខ្លួនទេ។ ភាគីទាំងពីរអាចរក្សាជំហររបស់ខ្លួនឱ្យបាន ប៉ុន្តែត្រូវដឹងថា សកម្មភាពណាខ្លះអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។
ជាពិសេស ក្នុងនាមជាប្រទេសអាស៊ានជាមួយគ្នា កម្ពុជា និងថៃគួរតែយល់ថា ជម្លោះព្រំដែនមិនអាចដោះស្រាយដោយការប្រកួតកម្លាំង ឬការប្រកួតថា អ្នកណាអាចបង្ហាញខ្លួននៅតំបន់មានវិវាទបាននោះទេ។
ការដោះស្រាយដែលមានន័យបំផុត គឺការចូលតុចរចា ពិនិត្យឯកសារ ពិភាក្សាគ្នាដោយស្មោះត្រង់ ប្រើប្រាស់យន្តការដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងពីរ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍ថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកំណត់ព្រំដែន ឬការអះអាងទឹកដីដោយឯកតោភាគី។ ប៉ុន្តែការមិនទទួលស្គាល់នេះ មិនមានន័យថា កម្ពុជាត្រូវបង្កើនការប្រឈមមុខ ឬបង្កអរិភាពនោះទេ។ ផ្ទុយទៅវិញ កម្ពុជាឈររឹងមាំលើគោលការណ៍ និងផលប្រយោជន៍ជាតិរបស់ខ្លួន ខណៈដែលនៅតែបន្តជ្រើសរើសផ្លូវសន្តិវិធី ការចរចា និងការដោះស្រាយតាមយន្តការដែលមានស្រាប់ ជាត្រីវិស័យសម្រាប់ដោះស្រាយបញ្ហា។
ការគ្រប់គ្រងជាក់ស្តែងអាចបង្កើតស្ថានភាពមួយនៅលើដីបាន ប៉ុន្តែស្ថានភាពជាក់ស្តែងនោះ មិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានសម្រាប់អះអាងសិទ្ធិលើទឹកដី ឬរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយផ្សេងទៀតបានឡើយ។
ដូច្នេះ ដំណើររបស់លោក Anutin ទៅកាន់អានសេះ មិនអាចដោយខ្លួនឯងទៅកំណត់ថា តំបន់នោះជារបស់ថៃ ឬផ្លាស់ប្តូរជំហររបស់កម្ពុជាឱ្យទទួលស្គាល់បានឡើយ។ ប៉ុន្តែវាអាចក្លាយជាផ្នែកមួយនៃកំណត់ត្រានយោបាយ និងប្រវត្តិនៃវិវាទនេះ ហើយវាជាហេតុផលគ្រប់គ្រាន់សម្រាប់កម្ពុជាក្នុងការបង្ហាញការមិនយល់ព្រមរបស់ខ្លួនឱ្យបានច្បាស់។
ប្រសិនបើថៃពិតជាចង់បង្ហាញថាខ្លួនគោរពសន្តិភាព និងគោរពទំនាក់ទំនងល្អជាមួយកម្ពុជា នោះអ្វីដែលគួរបង្ហាញមិនមែនជាការបង្ហាញវត្តមាននៅតំបន់មានវិវាទទេ។ អ្វីដែលគួរបង្ហាញ គឺការអត់ធ្មត់ ការគោរពការពិភាក្សា និងការគោរពយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
នៅទីបញ្ចប់ ព្រំដែនមិនគួរត្រូវបានកំណត់ដោយការបង្ហាញខ្លួនរបស់មេដឹកនាំ ឬការបង្ហាញកម្លាំងនោះទេ។ ព្រំដែនគួរត្រូវបានដោះស្រាយតាមរយៈឯកសារ ការពិភាក្សា ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក។
សម្រាប់កម្ពុជា ការការពារទឹកដីរបស់ខ្លួន មិនមានន័យថា កម្ពុជាត្រូវស្វែងរកជម្លោះនោះឡើយ។ វាមានន័យថា កម្ពុជាឈរយ៉ាងរឹងមាំលើគោលជំហររបស់ខ្លួន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ខណៈដែលនៅតែបើកទ្វារចំហរសម្រាប់ការចរចា និងដំណោះស្រាយដោយសន្តិវិធី៕
ដោយ៖ ពិន វិជ័យ


