សមាគមរោងចក្រកាត់ដេរកម្ពុជា ( GMAC) អំពាវនាវឱ្យអ្នកនយោបាយទាំងអស់កុំឱ្យមានការបកស្រាយស្ថានភាពនយោបាយដែលធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកាត់ដេរកម្ពុជា

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នាពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តគាំទ្រដល់កម្ពុជា ដែលមានរដ្ឋាភិបាលកំពុងលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត។ ជាមួយគ្នានេះ GMAC ក៏បានស្នើដល់សហគមន៍អន្តរជាតិ និងអ្នកនយោបាយទាំងអស់ កុំឱ្យមានការបកស្រាយស្ថានភាពនយោបាយដែលធ្វើឱ្យប៉ះពាល់លើផលិតកម្មកាត់ដេរកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ GMAC នេះ បានបញ្ជាក់ថា«ស្ថានភាពនយោបាយបច្ចុប្បន្នមិនគួរត្រូវបានបកស្រាយឱ្យក្លាយទៅជាសកម្មភាពណាមួយ ដែលមានផលប៉ះពាល់អវិជ្ជមានមកលើផលិតកម្មប្រចាំថ្ងៃ និងសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះទេ»។
សមាគមបានបញ្ជាក់បន្ថែមថា សមាគមចង់រក្សាឱ្យមានប្រតិបត្តិការរលូន សម្រាប់រោងចក្រសមាជិកចំនួន៦០០របស់សមាគម ដែលទ្រទ្រង់សេដ្ឋកិច្ចដល់កម្មករជាង ៧០ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងប្រជាពលរដ្ឋប្រមាណ ២លាននាក់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។
GMAC បានបញ្ជាក់ទៀតថា និយោជក និងកម្មនិយោជិតទាំងអស់ ព្រមទាំងសហជីព បាននិងកំពុងធ្វើការងារដូចធម្មតា និងដោយសន្តិភាពដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចខ្លួនឯងផ្ទាល់ និងសេដ្ឋកិច្ចកម្ពុជា។ ការអភិវឌ្ឍនៃឧស្សាហកម្មរបស់យើងរហូតមកដល់ពេលនេះ បានយកប្រជាពលរដ្ឋរាប់លាននាក់ចេញពីភាពក្រីក្រ។ ការអភិវឌ្ឍបន្ថែមទៀត ត្រូវការឱ្យមានដើម្បីជួយប្រជាពលរដ្ឋដទៃៗទៀត ដែលនៅក្រីក្រនៅឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ GMAC នាពេលនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានកោតសរសើរ និងបង្ហាញអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ជីវភាពរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរកម្ពុជាផងដែរ ដោយក្នុងនោះមានការដំឡើងប្រាក់ខែកម្មកររៀងរាល់ឆ្នាំ ការដាក់ចេញនូវរបបថែមទាំងសុខភាពសម្រាប់កម្មករ ការដាក់ចេញនូវរបបគ្រោះថ្នាក់ការងារ រួមទាំងប្រាក់សោធនិវត្តន៍ នៅឆ្នាំ២០១៩ ផងដែរ៕