ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 54
ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មការងារដ៏មមាញឹកហើយនោះ ក៏មិនភ្លេចការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំលោកនោះដែរ។ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកប្រមាណជា ២ពាន់នាក់ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងញូវយ៉ក។

ក្នុងជំនួបនោះលោក ហ៊ុន សែន បានបង្ហាញក្តីនឹករលឹករបស់លោក ចំពោះបងប្អូនខ្មែរនៅអាមេរិក និងបានអរគុណដល់បងប្អូនខ្មែរដែលបានរង់ចាំជួបលោក។ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងបង្ហាញពីស្ថានការណ៍នយោបាយនៅកម្ពុជា ព្រមទាំងការងារដឹកនាំ និងអភិវឌ្ឍជាតិជាច្រើនទៀត។

ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់លោក ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិករយៈពេលជាងពីរម៉ោង៖

  1. លោក ហ៊ុន សែន បានថ្លែងអំណរគុណពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ដែលបានស្វាគមន៍ចំពោះដំណើររបស់លោក។ លោកបានហៅការស្វាគមន៍របស់បងប្អូនខ្មែរនៅអាមេរិក គឺជាការលើកទឹកចិត្តលោក។
  2. លោក ប្រាប់ខ្មែរនៅក្រៅប្រទេសថា នឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមប៉ុនប៉ងបំផ្លាញជាតិរលាយរលត់ពីភពផែនដីនេះ។
  3. លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅប្រទេស បើទោះបីមិនបានទៅចូលរួមបោះឆ្នោត តែបានធ្វើវីដេអូឃ្លីបអំពាវនាវឲ្យខ្មែរនៅក្នុងស្រុកចេញទៅបោះឆ្នោត ដែលជាការគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុន សែន បានថ្លែងថា ការអំពាវនាវរបស់ខ្មែរនៅក្រៅប្រទេស គឺជារឿងត្រឹមត្រូវ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតការពារនូវសុខសន្តិភាព និងការអភិវឌ្ឍ។
  4. លោកនាយករដ្ឋមន្ត្រី ប្រាប់ខ្មែរនៅក្រៅប្រទេសថា លោកមិនអនុញ្ញាត និងអត់ឱនឲ្យនរណាម្នាក់នាំកម្ពុជាទៅរកភ្លើងសង្គ្រាមជាថ្មីនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
  5. លោក ហ៊ុន សែន បានថ្លែងថា លោកឆ្អែតឆ្អន់ហើយចំពោះភ្លើងសង្គ្រាម រហូតត្រូវពិការភ្នែកម្ខាងថែមទៀតផងដែរ។ ដូច្នេះលោកមិនចង់ឃើញសង្គ្រាមបំផ្លាញកម្ពុជាកើតឡើងជាថ្មីនោះឡើយ។
  6. ក្នុងជំនួបសំណេះសំណាលជាមួយខ្មែរនៅក្រៅប្រទេសលោក ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃការបែកបាក់របស់ជាតិខ្មែរពីអតីតកាល និងការឈានមកដល់ការបង្រួបបង្រួមជាតិជាធ្លុង បញ្ចប់ការបែកបាក់ និងការបង្រួបបង្រួមជាតិមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់លោក។
  7. លោក ហ៊ុន សែន បានថ្លែងថា បុណ្យភ្ជុំបិណ្ឌនេះនឹងមានការដោះលែងអ្នកទោសទ្រង់ទ្រាយធំ ហើយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងធ្វើការលើរឿងនេះ។ លោក បានហៅការដោះលែងនេះ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ហើយក៏ចង់ឃើញពលរដ្ឋខ្មែរមានកាសកសាងខ្លួនជាថ្មី។
  8. លោក ហ៊ុន សែន បានថ្លែងថា ការដែលលោកតវ៉ារឿងអាមេរិកបញ្ជូនពលរដ្ឋខ្មែរអាមេរិកទៅកម្ពុជាវិញ ព្រោះតែមិនចង់ឃើញការព្រាត់ប្រាស់របស់ពលរដ្ឋខ្មែរ ដែលជាការឈឺចាប់មួយ។
  9. លោក ហ៊ុន សែន បានថ្លែងប្រាប់ខ្មែរនៅអាមេរិកថា កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល គឺស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ លោកថា បញ្ហាទាំងពីរនេះ គឺជាបញ្ហាសំខាន់មិនអាចកាត់ផ្តាច់ពីគ្នាបាន ពោលបើគ្មានស្ថេរភាពនយោបាយ គឺគ្មានស្ថេរភាពសេដ្ឋកិច្ច ហើយបើគ្មានស្ថេរភាពសេដ្ឋកិច្ច ក៏មិនអាចធានាបានស្ថេរភាពនយោបាយនោះដែរ។
  10. លោក ហ៊ុន សែន បានថ្លែងថា រឿងឆក់ប្លន់មិនមែនមានតែនៅកម្ពុជានោះទេ អាមេរិកក៏មានដូចគ្នាផងដែរ។ ប៉ុន្តែកម្ពុជា ត្រូវបង្កើតការយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមបន្ថែមទៀត។
  11. លោក ហ៊ុន សែន បានថ្លែងថា អតិផរណា គឺជារឿងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តដាក់គ្រប់គ្រងខ្ពស់ផងដែរ។
  12. លោក ហ៊ុន សែន បានថ្លែងថា លោកឲ្យក្រសួងសេដ្ឋកិច្ចសន្សំលុយឲ្យលោកបើរាជរដ្ឋាភិបាលជួបបញ្ហាសេដ្ឋកិច្ច ក៏អាចបើកប្រាក់ខែឲ្យមន្ត្រីរាជការបាន១០ខែផងដែរ។
  13. លោក បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបំបាត់អំពើពុករលុយក្នុងក្របខណ្ឌមន្ត្រីរាជការ ដូចជាមន្ត្រីខ្មោច និងមន្ត្រីម្នាក់បើកប្រាក់ខែច្រើនក្រសួង។
  14. លោក ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មរបស់កម្ពុជាពេលបច្ចុប្បន្នប្រៀបដូចជាមានមាសតែអត់ក្រដាសខ្ចប់។ ក្នុងន័យនេះ គឺលោកចង់ឲ្យមានការបង្កើតរោងចក្រកែច្នៃឲ្យបានកាន់តែច្រើន ដើម្បីកែច្នៃកសិផលទាំងអស់នេះសម្រាប់នាំចេញ។
  15. លោក ហ៊ុន សែន បានថ្លែងផងដែរថា ក្រៅពីមានមហិច្ឆតាបង្កើតរោងចក្រកែច្នៃកសិផលហើយនោះ រាជរដ្ឋាភិបាលក៏កំពុងគិតគូរទៅលើវិស័យសេវា និងទេសចរណ៍ផងដែរ។ តែទោះជាយ៉ាងណា វិស័យកសិកម្ម នៅតែត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់។
  16. លោក ហ៊ុន សែន បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២០ ប្រជាពលរដ្ឋគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នសម្រេចបាន ៨២ភាគរយហើយ។
  17. លោក ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចង់ឲ្យមាតា និងកុមារកម្ពុជា មានសុខភាពល្អ ទើបបានបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើសេវាគាំពារសង្គម និងមានការឧបត្ថម្ភដល់ស្ត្រីពេលសម្រាលកូនទាំងកម្មការិនី និងស្ត្រីមានជីវភាពក្រីក្រ។
  18. លោក ហ៊ុន សែន បានថ្លែងថា លោកមិនមែនមិនស្តាប់សំឡេងប្រឆាំងនោះទេឲ្យតែត្រឹមត្រូវ ព្រោះមន្ត្រីរាជរដ្ឋាភិបាលខ្លះក៏ខិលខូចផងដែរ។
  19. លោក ហ៊ុន សែន បានថ្លែងថា លោកគឺជាអ្នកធ្វើកំណែទម្រង់ដីធ្លីមួយរូប ពោលក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដួលរលំលោកជាអ្នកសម្រេចចិត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ។
  20. លោក ហ៊ុន សែន បានថ្លែងថា ដរាបណាលោកនៅតែធ្វើជានាយករដ្ឋមន្ត្រី លោកមិនយកពន្ធលើដីធ្វើស្រែរបស់កសិករនោះឡើយ។
  21. លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកស្អប់ «អាចោរ» កាប់ឈើ។ ប៉ុន្តែគម្របព្រៃច្រើនម៉ឺនហិកតាទៀត ត្រូវបានបាត់បង់ដោយសារដីនោះត្រូវបានក្លាយជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។
  22. លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅថ្ងៃខាងមុខកម្ពុជានឹងមានផ្ទៃដីដាំកៅស៊ូច្រើនជាងប្រទេសវៀតណាម។
  23. លោក ហ៊ុន សែន បានថ្លែងថា ការដឹកនាំ និងដោះស្រាយបញ្ហារបស់ជាតិមួយមិនមែនជារឿងងាយស្រួលនោះទេ។ ពោលត្រូវគិតគូរដោះស្រាយឲ្យមានប្រសិទ្ធភាពរវាងតម្រូវការ និងការផ្គត់ផ្គង់។
  24. លោក ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់នាយករដ្ឋមន្ត្រីតែមួយនោះទេ គឺជាប្រទេសរបស់ពលរដ្ឋកម្ពុជាគ្រប់គ្នា។ ដូច្នេះត្រូវជួយគិតគ្នា នាយករដ្ឋមន្ត្រីគ្រាន់តែជាអ្នកគូសវាសតែប៉ុណ្ណោះ។
  25. លោក ហ៊ុន សែន បានថ្លែងថា ពេលមុនកម្ពុជាមានផ្សារខ្វះទំនិញ តែឥឡូវមានទំនិញខ្វះផ្សារ។
  26. លោក ហ៊ុន សែន ផ្តាំដល់បងប្អូនខ្មែរនៅអាមេរិក ត្រូវប្រឹងប្រែងជំរុញកូនចៅរៀនឲ្យបានខ្ពស់ ព្រោះគ្មានអ្វីប្រសើរជាងការបណ្តុះបណ្តាលធនធានមនុស្សនោះឡើយ។
  27. លោក ហ៊ុន សែន បានថ្លែងថា កុមារភាពរបស់លោក ជាសម័យក្មេងដើររកសាលា តែបច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំពង្រាយសាលាកាន់តែកៀកផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រកាន់តែខ្ពស់។
  28. លោក ហ៊ុន សែន បានថ្លែងថា កុំយកករណីបុគ្គលសង្ឃណាមួយទៅជាបំផ្លាញវិស័យព្រះពុទ្ធសាសនាទាំងមូល ហើយកុំយកករណីបុគ្គលស្ត្រីណាមួយ ទៅបំផ្លាញតម្លៃស្ត្រីទាំងមូល។
  29. លោក ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាជាទឹកដីសុវណ្ណភូមិ តែហេតុអ្វីបានជាក្រ? ហេតុផលនាំឲ្យកម្ពុជាក្រមានពីរ គឺការដឹកនាំខុស និងធនធានមនុស្សខ្សោយ។
  30. លោក ហ៊ុន សែន បានថ្លែងតម្រូវការនៃការអភិវឌ្ឍ កំពុងប្រឈមគ្នាជាមួយការអភិរក្ស។
  31. លោក ហ៊ុន សែន បានថ្លែងថា លោកគ្មានថវិកា ៥០០ដុល្លារជូនបងប្អូនខ្មែរនៅអាមេរិក ដូចការចោទប្រកាន់មួយចំនួននោះទេ គឺមានតែសៀវភៅពីរក្បាល គឺសៀវភៅអប់រំទូន្មានរបស់ ក្រុម ង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង។
  32. លោក ហ៊ុន សែន បញ្ចប់កិច្ចសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកវេលាម៉ោង ៨៖៥៨នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ១០យប់ថ្ងៃទី២៩ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង