លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមមិត្តបរទេសទុកឱ្យកម្ពុជាប្រើប្រាស់នូវវិធានរបស់ខ្លួន ដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ បានថ្លែងថា សូមបណ្តាប្រទេសនានា មើលការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តែបើប្រៀបនឹងថ្នាក់ដឹកនាំប្រទេសផ្សេងៗវិញ គឺហេដ្ឋារចនាសម្ព័ន្ធនានាមានស្រាប់ៗទាំងអស់ ដែលខុសពីកម្ពុជា កសាងប្រទេសលំបាកណាស់ ដៃម្ខាងទប់ខ្មែរក្រហម ដៃម្ខាងទៀត ការពារសន្តិភាព។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា សូមបណ្ដាប្រទេសមិត្តបរទេស សូមរក្សាភាពស្ងៀមស្ងាត់ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតនីតិកាលទី៧ ដោយទុកឱ្យ កម្ពុជាប្រើប្រាស់នូវវិធានរបស់ខ្លួនដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានចោទជាសំនួរថា ហេតុអ្វីបានជាបរទេស ចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ? កុំមើលតែមួយជ្រុងតូច ត្រូវសម្លឹងឱ្យឆ្ងាយជាងកម្ពុជា ពីព្រោះកម្ពុជាមានសិទ្ធិ តួនាទីនៅក្នុងអាស៊ាន។ ហើយសម្រាប់បណ្ដាទូតអាស៊ានមិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែមានបណ្ដាទូតប្រទេសខ្លះចូលចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរំលឹកថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយទើបធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់ ដោយគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ហើយពួកគេមិនដែលសម្តែងនូវការសោកស្តាយសោះឡើយចំពោះទង្វើរបស់ខ្លួនបានធ្វើមកលើប្រទេសកម្ពុជា៕