ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាពីសង្រ្គាមរាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 61
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាពីសង្រ្គាមរាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាពីសង្រ្គាមរាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ តាមរយៈ Facebook លោកបានរៀបរាប់នូវប្រវត្តិនៃរបបដឹកនាំរបស់កម្ពុជាចាប់តាំងពីប្រទេសស្ថិតក្នុងរបបត្រួតត្រាច្រើនតំបន់មានសង្គ្រាមរាំរ៉ៃ ប្រែក្លាយទៅជាកម្ពុជាដែលមានរបបដឹកនាំតែមួយ និងមានសុខសន្តិភាពពេញផ្ទៃប្រទេស។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការធ្វើឲ្យកម្ពុជាក្លាយជាដែនដីដែលមានការឯកភាពជាតិតែមួយនេះ ដោយសារគោលនយោបាយឈ្នះឈ្នះរបស់លោក ដែលបានសម្រេចបាននូវការបញ្ចប់សង្រ្គាមរាំរ៉ៃជាមួយខ្មែរក្រហម។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងនូវការប្តេជ្ញាចិត្ត និងអំពាវនាវថា «ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពឲ្យខានតែបាន!»។

លោកនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា «ជាការពិតនៃប្រវត្តិសាស្រ្តកម្ពុជា គឺព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានខិតខំខ្លាំងណាស់ ដើម្បីនាំមកនូវឯករាជជាតិឆ្នាំ ១៩៥៣។ ព្រះអង្គក៏បានខិតខំខ្លាំងណាស់ដែរ ដើម្បីឲ្យមានការបង្រួបង្រួមជាតិ តាមរយៈការរៀបចំការបោះឆ្នោត ឆ្នាំ១៩៥៥ ដែលពេលនោះកម្ពុជា បានសុខសន្តិភាពត្រឹមតែ៤ ឬ៥ឆ្នាំប៉ុណ្ណោះ ហើយក៏មានផុសឡើងនូវចលនាកម្លាំងប្រដាប់អាវុធ ដែលមានតំបន់ត្រួតត្រា៤ដូចជា ១៖ រាជរដ្ឋាភិបាល សម្តេចព្រះ នរោត្តម សីហនុ, ២៖ តំបន់ខ្មែរស, ៣៖ តំបន់ខ្មែរខៀវ, និង៤៖ តំបន់ខ្មែរក្រហម។ បន្ទាប់មកនៅឆ្នាំ១៩៧០ ដល់ ១៩៧៥ គឺកម្ពុជាមានតំបន់ត្រួតត្រា២គឺ ១៖ តំបន់ត្រួតត្រាដោយរដ្ឋការ លន់នល់ និង២៖ តំបន់រំដោះសម្តេចព្រះនរោត្តមសីហនុ។ នៅឆ្នាំ១៩៧៥ ដល់១៩៧៩ គឺកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពត។ ប្រជាពលរដ្ឋខ្មែររស់នៅអត់អាហារ គ្មានផ្ទះសម្បែង ព្រាត់ប្រាស់បែកបាក់គ្រួសារ និងស្លាប់អស់ជាង៣លាននាក់។

នៅឆ្នាំ១៩៧៩ ដល់១៩៩៣ កម្ពុជាមានតំបន់ត្រួតត្រា៤ សារជាថ្មីឡើងវិញគឺ ១៖ រដ្ឋាភិបាលភ្នំពេញ (គណបក្សប្រជាជន), ២៖ ហ៊្វុនស៊ីនប៉ិច (សម្តេចព្រះនរោត្តមសីហនុ), ៣៖រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (លោកតា សឺន សាន) និង៤៖ តំបន់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។

នៅឆ្នាំ១៩៩៣ ដល់ ១៩៩៨ កម្ពុជាស្ថិតនៅក្រោមការជួយរៀបចំបោះឆ្នោត ដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៃកម្ពុជា (United Nations Transitional Authority of Cambodia- UNTAC) ។ អ៊ុនតាក់បានចំណាយលុយជាង ២,០០០លានដុល្លារ ប៉ុន្តែនៅពេលអ៊ុនតាក់ដកត្រឡប់ចេញទៅ គឺបានបន្សល់ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រា២គឺ ១៖រាជរដ្ឋាភិបាលកម្ពុជា និង ២៖កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។ អ្វីដែលកម្ពុជាចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ការពិតគឺមានតែជនជាតិកម្ពុជាយើងទេ ដែលធ្វើនយោបាយក្នុងក្របខ័ណ្ឌឈ្នះ-ឈ្នះ។ ខ្ញុំបានសម្រេចចិត្តបញ្ចប់សង្រ្គាមរាំរ៉ៃឲ្យខានតែបាន។ ពេលនោះម្តាយធំរបស់ខ្ញុំបានសួរខ្ញុំថា «ពេលដែលឯងចូលទៅតំបន់ខ្មែរក្រហម… មិនខ្លាចខ្មែរក្រហមបាញ់សម្លាប់ទេអី?» ខ្ញុំបានឆ្លើយថា «ប្រសិនបើស្លាប់.. ស្លាប់តែខ្លួនខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ… ប៉ុន្តែបើបានមកវិញ… គឺបានផែនដីទាំងមូលតែម្តង»។ ពិតណាស់ ចាប់ពីពេលនោះមកទល់ពេលនេះ គឺដែនដីកម្ពុជាបានឯកភាពជាតិ ២០ឆ្នាំរួចស្រេចមកហើយ!។ ដូច្នេះទម្រាំយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃនេះ គឺយើងបានខិតខំប្រឹងប្រែងនិងលះបង់អាយុជីវិតមនុស្សច្រើនណាស់។ ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពឲ្យខានតែបាន!»៕

អត្ថបទទាក់ទង