អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិនកោតសរសើររាជធានីភ្នំពេញថាមានភាពរស់រវើកស្រស់ស្អាត និងមានសក្តានុពលជាច្រើន
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០ ១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន។ នៅក្នុងជំនួបនេះ លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពី ប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និងលោក សុង តាវ ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់លោក វ៉ាង យ៉ាជុន នាពេលនេះ គឺដើម្បីជំរុញនឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។ លោកបានបញ្ជាក់ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត។ ចំពោះឯកសារទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិននា គឺនឹងជំរុញទំនាក់ទំនរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត ជាពិសេសគឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ និងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។
លោក វ៉ាង យ៉ាជុន បានជម្រាបថា នៅពេលដែលលោកបានចុះពីយន្តហោះមកដល់រាជធានីភ្នំពេញ គឺលោកបានសង្កេតឃើញរាជធានីភ្នំពេញមានភាពរស់រវើកស្រស់ស្អាត និងមានសក្តានុពលជាច្រើនផងដែរ។ ក្នុងពេលស្នាក់នៅកម្ពុជា លោកនឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មផ្សេងៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ។ លោក យ៉ាជុន បញ្ជាក់ថា ចិននៅតែបន្តជំរុញការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជាលើគ្រប់វិស័យ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់ លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផង ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះ ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងសហគមន៍មួយ ជោគវាសនាមួយ ដែលបានចុះហត្ថលេខានៅពេលកន្លងមក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសចិនជាមិត្តក្នុងការជួយជំរុញការវិនិយោគចិនអោយបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិននោះ៕