ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន កោតសរសើរពីការអភិវឌ្ឍរីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័សនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 45
អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន កោតសរសើរពីការអភិវឌ្ឍរីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័សនៅកម្ពុជា អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន កោតសរសើរពីការអភិវឌ្ឍរីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័សនៅកម្ពុជា

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។ លោក Norio បានគោរពជម្រាបជូន លោកនាយករដ្ឋមន្ត្រីថា បើប្រៀបធៀបកាលពី៣ឆ្នាំមុន និងពេលនេះដែលលោកបានមកឃើញប្រទេសកម្ពុជាគឺបានឃើញច្បាស់ពីការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍វីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័ស។

លោក Norio សប្បាយរីករាយចំពោះចំណងសហប្រតិបត្តិការ កាន់តែរីក លូតលាស់ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជាជប៉ុន។ កាលពីពេល ថ្មីៗនេះ ក្រុមប្រតិភូលោក ក៏បានជួបសភាពាណិជ្ជកម្មកម្ពុជាដើម្បីស្វែង យល់ពីស្ថានភាពវិនិយោគនៅក្នុងប្រទេស។ ក្រុមពាណិជ្ជករទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ញើសេចក្តីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈលោក ណារ្យូ ជូនចំពោះ លោកនាយករដ្ឋមន្រ្តី ដែលបានចាត់វិធានការ សម្រួលដល់ការនាំទំនិញចេញចូលតាមច្រកនានាដោយបានលុបបំបាត់កាំកុងត្រូល ដែលធ្វើឱ្យមានភាពងាយស្រួលនិង កាត់បន្ថយបានការ ចំណាយច្រើន។ ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យពាណិជ្ជករជប៉ុនរីករាយស្វាគមន៍ និងកក់ក្តៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

លោក Nario ដែលបានដឹកនាំអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពវិនិយោគ ជាពិសេសផ្នែកវិនិយោគកម្រិតតូច និងកម្រិតមធ្យម ដែលកំពុងចាប់អារម្មណ៍ពីភាគីជប៉ុន ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចនៅប្រទេសជប៉ុនកំពុងនៅហ្នឹងស្ងៀម ដែលនេះគឺជាឱកាសសម្រាប់កម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក Nario បានសុំការណែនាំដោយផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរមុននឹងចាប់ផ្តើមវេទិកាសាធារណៈរាជរដ្ឋាភិបាល និងឯកជននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូន លោក Nario និងគណៈប្រតិភូទាំងអស់ថា ជាការពិតណាស់អាទិភាពរបស់ កម្ពុជាគឺនៅដដែលទេ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពចម្បង អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជានៅពេលនេះគឺពង្រឹងសេដ្ឋកិច្ចកម្ពុជា ធ្វើយ៉ាងណាឱ្យកំណើនបន្តកើន ឡើងជាង ៧% ។

ទន្ទឹមនឹងនេះ តាមរយៈការខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាល គឺបានដំឡើង ប្រាក់ខែដល់មន្រ្តីរាជការ និងកម្មករ ជាមួយគ្នានេះទៀត រាជរដ្ឋាភិបាល កំពុងតែជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការប្រកួតប្រជែង ពិសេសតាមរយៈ ការធ្វើកំណែទម្រង់និងគោរពតាមបាវចនារបស់រាជរដ្ឋាភិបាលគឺ កែទម្រង់ ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ ជាមួយអភិក្រមទាំង៥ ជាមួយនឹង កំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយដែលផ្តល់ភាពអនុគ្រោះ ច្រើនដែលជាប្រយោជន៍ម្រាប់អ្នកវិនិយោគនៅកម្ពុជា។

ចំពោះស្ថានភាព EBA គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍បញ្ជាក់ប្រាប់ភាគីជប៉ុនថា ទោះបីកម្ពុជាមាន ឬគ្មាន EBA គឺកម្ពុជាត្រូវតែខិតខំពង្រឹងសេដ្ឋកិច្ច តាមរយៈបន្តបើកទីផ្សារនៅក្រៅ ប្រទេសឱ្យកាន់តែច្រើន។ ទោះបីយើងនៅមាន EBA ពេលនេះ តែពេល ក្រោយក៏គង់តែនឹងបាត់ទៅវិញដែរ ដូច្នេះកម្ពុជាត្រូវតែចេះរស់ដោយ ដង្ហើមខ្លួនឯងឱ្យខានតែបាន។

កម្ពុជាមិនយកប្រទេសសមាជិកអ៊ឺរ៉ុបណាមួយជាសត្រូវទេ ប៉ុន្តែនៅតែជាមិត្ត ល្អ មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងចាត់ទុកជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម ល្អជាមួយគ្នា។ នៅឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជាមានមោទនៈភាព ក្នុងរៀបចំវេទិកាប្រជុំកំពូលដ៏ធំមួយអាស៊ីអ៊ឺរ៉ុប -The Asia-Europe Meeting (ASEM) ដែលប្រទេសជាសមាជិកអ៊ឺរ៉ុបទាំងអស់នឹងមកកាន់ប្រទេសកម្ពុជា ទៀតផង។

កំណែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមអនុវត្តន៍អភិក្រមទី ៥ គឺកំពុងផ្តល់នូវ ផលប្រយោជន៍ដល់អ្នកវិនិយោគគិន និងពាណិជ្ជករក្នុងការកាត់បន្ថយនូវ ការចំណាយ ដែលមានរួមទាំងចំណាយលើតុ និងចំណាយក្រោមតុជាដើម ដូចជា៖
១- ការបញ្ចុះតម្លៃអគ្គិសនី,
២- ការដកតួនាទីកាំកុងត្រូចេញពីច្រកព្រំដែន, និង
៣- ការរំលាយចោលអង្គភាពកាំសាប ដែលមានអាយុកាល៤០ ឆ្នាំមកហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងពិនិត្យទៅលើបញ្ហាស្កែនទំនិញ (SCAN) ព្រោះថាបានស៊ីពេលវេលាយូរដែលធ្វើឱ្យប៉ះពាល់ដល់ពេលវេលា នៃការនាំទំនិញចេញចូល។ លោក បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួង សាធារណៈការរួចហើយ ចំពោះទំនិញចូលកម្ពុជាគឺមិនចាំបាច់ត្រូវឱ្យ ស្កែន ទេ ហើយចំពោះទំនិញដែលចេញទៅក្រៅប្រទេស គឺស្កែនទៅលើតែ ប្រទេសណាដែលតម្រូវឱ្យ ស្កែន បើមិនតម្រូវការទេ គឺមិនចាំបាច់ឡើយ ព្រោះវាបង្កឱ្យមានកាលំបាកយឺតយ៉ាវនិងខាតបង់ពេលវេលាលុយកាក់របស់របស់ក្រុមហ៊ុន។

ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ ជម្រាបដល់ប្រតិភូជប៉ុនថា ពេលនេះ លោកនាយករដ្ឋមន្រ្តី កំពុងចាប់ផ្តើម អនុវត្តអភិក្រមទី៥ ហើយ គឺ វះកាត់ចេញ គឺកុំឱ្យមន្រ្តីអាក្រក់ទាំងនោះ នៅជាមួយយើងបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់តទៅទៀត។ ប្រទេសយើង គឺមិនត្រូវបំពានដោយមន្រ្តីរដ្ឋាភិបាលពុករលួយ ដែលបំពានល្មើស ច្បាប់នោះដែរ។

លោក Mario និងប្រគណៈតិភូទាំងមូល បានថ្លែអំណរគុណ និង ស្វាគមន៍ចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី និងស្នើសុំឱ្យ លោកនាយករដ្ឋមន្រ្តី មេត្តាជម្រាបជូនអ្នកវិនិយោគទាំងអស់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះនៅក្នុងវេទិកាសាធារណៈរាជរដ្ឋបាល និងឯកជន ហើយក៏បានគោរព សុំឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជម្រាបជូនដល់ប្រតិភូវិនិយោគិនជប៉ុន នៅពេលដែល លោក អញ្ជើញ ទៅប្រទេសជប៉ុននៅខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីអញ្ជើញ ចូលរួមវេទិកាធុរកិច្ចនៅទីនោះ ដើម្បីឱ្យពួកគេបានយល់ពីអ្វីដែលរាជ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើក្នុងការលើកទឹកចិត្តដល់វិនិយោគិន ជប៉ុនមកវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង