ខ្មែរប៉ុស្ដិ៍ Close

អាថ៌កំបាំងនៃប្រវត្តិចេតិយ ជ័យនន្ទ ដែល​សង់​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 64
អាថ៌កំបាំងនៃប្រវត្តិចេតិយ ជ័យនន្ទ ដែល​សង់​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត អាថ៌កំបាំងនៃប្រវត្តិចេតិយ ជ័យនន្ទ ដែល​សង់​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។ មានមនុស្សតិចណាស់ ដែល​បាន​ដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាវាជាចេតិយផង។

តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?

នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការ​សង់​ចេតិយនេះ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះសង់ឡើងនៅឆ្នាំ១៧០១ នៃគ.ស និង ១៦២៣ សករាជ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹក​ខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំ​សាកសព​មកបញ្ចុះ​ក្នុង​ចេតិយនៅអង្គរវត្ត។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។

លោក អ៊ា ដារិទ្ធ បានបន្តថា៖« គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និងកូន ហើយក៏មិនដឹងថា ការស្លាប់នោះ​ដោយសារ​បញ្ហា​អ្វីដែរ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់»។

តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និងយោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវ​បានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង។ យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និងខ្សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធានជាដើម។ នេះបើតាមការឱ្យដឹងពីលោក អ៊ា ដារិទ្ធ។

នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និងរាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។ លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និងខ្លះដាក់ក្នុងកុលាលភាជន៍។

ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ៕

@អាជ្ញាធរជាតិអប្សរា

អត្ថបទទាក់ទង