ខ្មែរប៉ុស្ដិ៍ Close

អ្នកសម្អាតបរិស្ថានស្នើឱ្យភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវពេលមកលេងប្រាសាទ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 27
អ្នកសម្អាតបរិស្ថានស្នើឱ្យភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវពេលមកលេងប្រាសាទ អ្នកសម្អាតបរិស្ថានស្នើឱ្យភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវពេលមកលេងប្រាសាទ

ទោះបីបច្ចុប្បន្នការយល់ដឹងពីបញ្ហាសំរាមរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមានភាពល្អប្រសើរក៏ពិតមែន តែក៏នៅមានករណីមួយចំនួនតូច មិនទាន់ល្អនៅឡើយ ដែលទាមទារឱ្យមានការចូលរួមជាចាំបាច់ ដើម្បីគ្រប់គ្រងសំរាម ក៏ដូចជាបញ្ហាបរិស្ថាននៅតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ។

អ្នកស្រី កុ ចត់ ភ្នាក់ងារសម្អាតបរិស្ថាននៅមុខប្រាសាទអង្គរវត្តបានលើកឡើងថា សំរាមដែលមានច្រើនសព្វថ្ងៃនេះគឺស្លឹកឈើដែលទាមទារឱ្យបោសសម្អាតជាប្រចាំថ្ងៃ។ ក្រៅពីសំរាមប្រភេទនេះ ក៏មានសំរាមប្លាស្ទិក និងស្បោងមួយចំនួនតូច ដែលភ្ញៀវទុកដាក់មិនបានល្អនៅតាមធុងសំរាមដែរ ដោយអ្នកស្រីស្នើឱ្យភ្ញៀវទេសចរដែលមកលេងរមណីយដ្ឋានអង្គរ សហការចូលរួមដើម្បីបរិស្ថានស្អាតទាំងអស់គ្នា។

កំពុងកាត់ស្មៅមុខកសិន្ធុអង្គវត្តមុខប្រាសាទអង្គរវត្ត ភ្នាក់ងារសម្អាតបរិស្ថានមួយរូបទៀត គឺអ្នកស្រី យន់ ចន្ធី ក៏លើកឡើងពីករណីសំរាមប្លាស្ទិកដែលភ្ញៀវទេសចរទុកដាក់មិនបានល្អផងដែរ។ សំរាមប្លាស្ទិកភាគច្រើនមានចានស្នោ និងបំពង់បឺត ដែលមានចោលតាមដងផ្លូវ និងក្រៅធុងសំរាម ហើយពេលខ្លះត្រូវឆ្កែហែកពេញសួនច្បារក៏មាន។ ភ្នាក់ងាររូបនេះ ទទូចឱ្យភ្ញៀវទេសចរដែលមកដើរកម្សាន្តក្នុងតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ គួរមានឥរិយាបថល្អ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីជាចំណែកទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត មកលេងខេត្តសៀមរាប។

យ៉ាងណាមិញ ភ្នាក់ងារទេសចរណ៍ក៏សង្កេតពីឥរិយាបថដ៏ល្អរបស់ភ្ញៀវទេសចរភាគច្រើន ដែលបានចូលរួមសហការទុកដាក់សំរាមបានត្រឹមត្រូវ និងមានការចូលរួមពីអ្នកលក់ផងដែរ ដែលតែងវេចខ្ចប់បានល្អក្រោយទទួលទានរួច។ បច្ចុប្បន្នមិនមានការលក់ដូរតាមវាលស្មៅទៀតទេ គឺច្រើននៅតាមរោងអង្គុយហូបអាហារ ដែលប្រការនេះធ្វើឱ្យការគ្រប់គ្រងសំរាមនៅតាមប្រាសាទកាន់តែប្រសើរឡើង៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា

អត្ថបទទាក់ទង