ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 77
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងអញ្ជើញជប់លៀងអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។ ពិធីយប់មិញនេះដែរ ក៏មានការបាញ់កាំជ្រួចអបអរសាទរនៅក្បែរវិមានឈ្នះ ឈ្នះ ដែលមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ និងការបញ្ចប់សង្រ្គាមស៊ីវិលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

នៅក្នុងឱកាសដ៏មហោឡារិកប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែងនេះ គឺមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួតសរុបចំនួន ១៩៩នាក់ ក្នុងនោះមានកីឡាករបរទេសចំនួន ៦៧នាក់ ដែល ១១ នាក់ជា ឯកអគ្គរាជទូត រដ្ឋទូត ប្រចាំនៅកម្ពុជាដែលមកពី ១០ ប្រទេសដូចជា អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ប្រ៊ុយណេ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ, វៀតណាម, ចិន និងកូរ៉េ និង ៥៦នាក់ផ្សេងទៀត ជាធុរកិច្ចជនមកពីប្រទេស សិង្ហបុរី, អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ប្រ៊ុយណេ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ វៀតណាម, ចិន និងកូរ៉េ។ ដោយឡែកការប្រកួតជាក្រុមមានចំនួន ៦៩នាក់ និងឯកត្តជនចំនួន ១៣០ នាក់ ក្នុងនោះកីឡាការិនីចំនួន ២០នាក់ ។

ក្រោយពីការប្រកួតពេញមួយថ្ងៃនេះ ជាលទ្ធផល ជ័យលាភីលេខ១ បានទៅលើ ក្រុមកីឡាវាយកូនគោលរបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ លេខ២ បានទៅលើ ក្រុមកីឡាវាយកូនគោល របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង លេខ៣ បានទៅលើក្រុមកីឡាវាយកូនគោល របស់លោក នាង ផាត។ ចំពោះលទ្ធផល ជ័យលាភីដែលទទួលបានពានរង្វាន់ក្នុងការប្រកួតជា ឯកត្តជនវិញ គឺកីឡាករ កីឡាការិនីដែលទទួលពានរង្វាន់មានចំនួន ១៨ នាក់។

គួរបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាវាយកូនគោលពេញមួយថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីអបអរសាទរនៃការសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ជាពិសេសទៀតនោះ គឺដើម្បីរឹតចំណងសាមគ្គីភាពរវាងគ្នានឹងគ្នា ស្របពេលកីឡាវាយកូនគោលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ ដែលពេលនេះកម្ពុជាមានទីលានវាយកូនគោលចំនួន ១០ ទីតាំង ដូចជានៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង និង ខេត្តសៀមរាប៕

អត្ថបទទាក់ទង