Honda ចូលកាន់តំណែងថ្មីភ្លាម ក្រុមបាល់ទាត់កម្ពុជាមានរឿងថ្មី ៤យ៉ាង ភ្លែត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិវេលាម៉ោង ៦:៣០ នាទីល្ងាច។
ជំនួបមិត្តភាពអន្តរជាតិនេះគឺជាការដឹកនាំដំបូង Keisuke Honda និងជាការប្រកួតមិត្តភាពអន្តរជាតិដំបូងរបស់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ពានរង្វាន់ធំ Suzuki Cup 2018 ខាងមុខ។ ទាក់ទងការប្រកួតមិត្តភាពអន្តរជាតិនេះ Sabay សូមលើកយក ៤ ចំណុចថ្មីក្រោមការដឹកនាំក្នុងនាមជាគ្រូបង្វឹកដំបូងរបស់ Honda ។
១-រថយន្តថ្មី៖
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងរៀបចំរថយន្តថ្មីដែលតុបតែងលលម្អយ៉ាងស្អាតសម្រាប់ដឹកក្រុមកីឡាករជម្រើសជាតិ។
២-បន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់៖
សម្រាប់បន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងជួសជុលដើម្បីធ្វើយ៉ាងណាឲ្យបានរួចរាល់មុនការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី។
៣-ឯកសណ្ឋានថ្មី៖
ក្រុមជម្រើសជាតិកម្ពុជាអាចនឹងប្រើឯកសណ្ឋានថ្មីសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ និងពានរង្វាន់ Suzuki Cup 2018 ។ ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិ នឹងប្រើពណ៌ខៀវដដែល ប៉ុន្តែលាយក្រឡាត្រីកោណខ្មៅ។
៤-ការដេញថ្លៃផ្សាយផ្ទាល់៖
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំពិធីដេញថ្លៃសម្រាប់ការផ្សាយផ្ទាល់នៃការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាជាមួយម៉ាឡេស៊ី និងសិង្ហបុរី។ លទ្ធផលបង្ហាញថា ទូរទស្សន៍ BTV ឈ្នះក្នុងការដេញថ្លៃដើម្បីផ្សាយផ្ទាល់នេះ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំនៅថ្ងៃទី៣ ខែកញ្ញា ខាងមុខ ដែលជាថ្ងៃត្រូវតាមកាលវិភាគរបស់ FIFA ផ្ទាល់តែម្ដង ត្រៀមប្រកួតមិត្តភាពអន្តរជាតិ។ ទាក់ទងវត្តមានរបស់តារាបាល់ទាត់ពិភពលោក និងជាអ្នកចាត់ការរបស់កម្ពុជា Honda នោះមិនទាន់ច្បាស់ថា នឹងមកដឹកនាំផ្ទាល់ ឬយ៉ាងណានោះទេ ពីព្រោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់អាចបញ្ជាក់បាន៕
អត្ថបទ៖ សប្បាយ