ខ្មែរប៉ុស្ដិ៍ Close

ទម្លាយអាថ៌កំបាំងផ្ទះឧកញ៉ាខ្មែរ កាលពីសម័យបារាំងមានជណ្ដើរដល់ទៅ២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 127

ផ្ទះបុរាណ​មាន​អាយុ​កាល​ជិត​១០០​ឆ្នាំ​ក្នុង​ខេត្ត​បាត់ដំបង បាន​ក្លាយ​ជា​ទីតាំង​មួយ​ដ៏​ទាក់ទាញ​បំផុត ដល់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​សិក្សា​ និង​ស្រាវជ្រាវ​ពី​ផ្ទះ​ដ៏​រឹងមាំ​មួយ​នេះ។

បើ​តាម​លោក សម្បត្តិ វីរៈ ត្រូវ​ជា​ក្មួយ​ម្ចាស់​ផ្ទះ និង​ជា​អ្នក​ជំនាន់​ទី​៣​រស់​នៅ​ក្នុង​ផ្ទះ​មួយ​នេះ បាន​ប្រាប់​ពី​មូលហេតុ​ដែល​ផ្ទះ​សាងសង់​ឡើង​ក្នុង​សម័យ​បារាំង​នេះ មាន​ជណ្ដើរ​ដល់​ទៅ​២។ ​អំឡុង​ឆ្នាំ​១៩២០ អ្នក​ដែល​មាន​ផ្ទះ​ប្រភេទ​នេះ គឺ​ជា​អ្នក​ដែល​មាន​មុខមាត់​កិត្តិយស​ក្នុង​សង្គម មាន​ទ្រព្យ​សម្បត្តិ​ច្រើន ដែល​គេ​ហៅ​ថា​ជា​ដង្ខៅ ឬ​អ្នក​ឧកញ៉ា។ ផ្ទះ​ដែល​មាន​បណ្ដោយ​រហូត​ដល់​២៩​ម៉ែត្រ​នេះ មាន​ជណ្ដើរ​២ ដែល​ជណ្ដើរ​នៅ​មុខ​ផ្ទះ​សាងសង់​ឡើង​ពី​ស៊ីម៉ងត៍ ដែល​រក​ឃើញ​ដំបូង​បំផុត​ក្នុង​សម័យ​នោះ។ ជណ្ដើរ​នៅ​មុខ​ផ្ទះ​នេះ គឺ​សម្រាប់​តែ​ម្ចាស់​ផ្ទះ​ និង​ភ្ញៀវ​សំខាន់​ឡើង​ចុះ​ប៉ុណ្ណោះ។

បុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា ចំណែក​ជណ្ដើរ​នៅ​ខាង​ក្រោយ​ដែល​សាងសង់​ពី​ឈើ ហើយ​មាន​ប្រក់​ដំបូល គឺ​សម្រាប់​បាវព្រាវ អ្នក​បម្រើ​ឡើង​ចុះ។ នៅ​មុខ​ជណ្ដើរ​នោះ គឺ​មាន​បន្ទប់​មួយ​សម្រាប់​អ្នក​បម្រើ​ស្នាក់​នៅ។ អ្នក​បម្រើ​ទាំង​អស់ ត្រូវ​ឡើង​ចុះ​តាម​ជណ្ដើរ​នោះ ហើយ​តម្រង់​ចូល​ផ្ទះ​បាយ ធ្វើ​ម្ហូប​អាហារ​ស្លស្លុក សម្រាប់​ម្ចាស់​ផ្ទះ និង​គ្មាន​សិទ្ធិ​ចូល​ក្នុង​ផ្ទះ​ធំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ។

ដោយ​សារ​មាន​ការ​បែងចែក​វណ្ណៈ​បែប​នេះ​ហើយ ទើប​ផ្ទះ​ដង្ខៅ​នៅ​សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ មាន​ជណ្ដើរ​ដល់​ទៅ​២ ព្រោះ​មូល​ហេតុ​ដូច​រៀបរាប់​ខាង​លើ​នេះ។

ផ្ទះ​នេះ​មាន​បណ្ដោយ ២៩ ម៉ែត្រ និង ទទឹង ១០.៥ម៉ែត្រ សង់​លើ​ផ្ទៃដី ៥៤៥០ម៉ែត្រ​ការ៉េ។ សង់​តាម​លំនាំ​ម៉ូត​ ប៉ិត មាន​ន័យ​ថា មាន​ហោណាំង (រានហាល) នៅ ខាង​មុខ។ ផ្ទះ​នេះ​មាន​​ជណ្ដើរ​ពីរ ខាង​មុខ​ធ្វើ​ពី​ថ្ម រីឯ​ខាង​ក្រោយ​ធ្វើ​ពី​ឈើ​។ ដំបូល​ប្រក់​ក្បឿង​ស្រកា​នាគ​បុរាណ​តែ​ខាង​ក្នុង​គ្មាន​ពិតាន​ទេ នឹង​មាន​ក្បូរ​ក្បាច់​យ៉ាង​ប្រណីត​នៅ​លើ​ព្រំ​ផ្ទះ។ ឈើ​ផ្នែក​ខាង​លើ​នៃ​ដំបូល​ធ្វើ​ពី​ឈើ​ផ្ចឹក​ ក្ដារ​ក្រាល​ខាង​ក្នុង​ផ្ទះ​ធ្វើ​ពី​ឈើ​បេង ក្ដារ​ក្រាល​រាន​ហាល​ធ្វើ​ពី​ឈើ​កកោះ។ ចំណែក​ជញ្ជាំង​វិញ​ធ្វើ​អំពី​ឫស្សី​ត្បាញ​បូក​ជាមួយ​បាយ​អ។ សសរ ទាំង​ ៣៦ សុទ្ធតែ​ធ្វើ​ពី​ឈើ​ផ្ចឹក​ទាំង​អស់​ ហើយ​នៅ​តែ​មាន​​សភាព​រឹងមាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

សូម​ជម្រាប​ជូន​ថា ផ្ទះ​បុរាណ​នេះ មាន​ទីតាំង​នៅ​ភូមិ​វត្តគរ សង្កាត់​វត្តគរ ក្រុង​បាត់​ដំបង ខេត្ត​បាត់ដំបង៕ ​

អត្ថបទ៖ សប្បាយ

អត្ថបទទាក់ទង