ខ្មែរប៉ុស្ដិ៍ Close

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងចូលរួមមតិក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩នេះតែម្តង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 94
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងចូលរួមមតិក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩នេះតែម្តង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងចូលរួមមតិក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩នេះតែម្តង

មានប្រសាសន៍ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជាង ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលលោកបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងជាតិនោះ និងមានឱកាសចូលរួមមតិជាលើកដំបូងរបស់ខ្លួន ក្នុងភារៈកិច្ចដ៏សំខាន់ នៅក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩នេះតែម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «បើនិយាយពីសេចក្តីព្រាងច្បាប់សូមបញ្ជាក់ជូនថា បើទោះបីជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះ បង្កើតឡើងទាន់ឬមិនទាន់ ក៏ប៉ុន្តែច្បាប់មួយដែលក្រុមប្រឹក្សានេះ ត្រូវធ្វើមុនគេ ដែលប្រជុំនឹងផ្តល់មតិមុនគេ គឺច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ គឺច្បាប់ថវិកាតែម្តង»។ លោក ហ៊ុន សែន បានបន្តថា យើងនឹងអញ្ជើញបណ្តាប្រធាន និងថ្នាក់ដឹកនាំគណបក្សដ៏ទៃ មកផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់ ហើយចាប់ផ្តើមពីសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩តែម្តង។

លោកបន្ថែមថា បើទោះបីជាព្រះរាជក្រឹត្យរៀបចំ ឧត្តមក្រុមប្រឹក្សានេះ បង្កើតទាន់ឬមិនទាន់ក្តី ក៏យើងនៅតែអញ្ជើញប្រធានគណបក្ស ដែលប្រកាសចូលរួម មកធ្វើការផ្តល់មតិលើសេចក្តីព្រាងច្បាប់នេះ ចូលទៅគណៈរដ្ឋមន្ត្រី ។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា «ដូច្នេះតើតំលៃនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ វាថ្លៃទេ? វាពិតជាថ្លៃ!»។ លោកបន្ថែមទៀតថា «ច្បាប់ថវិកាមិនមែនអ្នកណាក៏ចេះតែដឹងទេ វាមានទាំងថវិកាការពារជាតិ មានទាំងថវិកាសន្តិសុខជាតិ វាមានច្រើនផ្នែកនៅក្នុងហ្នឹង ក៏ប៉ុន្តែជំហានដំបូង យើងទៅផ្តល់តួនាទីនេះ ឱ្យបណ្តាប្រធានបក្សដ៏ទៃ ចូលរួមមតិជាមួយយើង»

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកយល់ថា គណបក្សដែលបានចូលរួមប្រជុំរួចមកហើយនេះ ហើយដែលផ្តល់ការគាំទ្ររួចមកហើយនេះ នឹងខិតខំស្វែងយល់ ចូលរួមនៅក្នុងកិច្ចដំណើរការជាបឋម គឺច្បាប់ថវិកានេះជាច្បាប់ដំបូង ដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចាប់ផ្តើមបំពេញនូវតួនាទីដំបូង។ លោកថា តួនាទីនេះសំខាន់ណាស់ ព្រោះច្បាប់ថវិកា វាជាច្បាប់ដែលមានគំនាស់សេដ្ឋកិច្ចធំណាស់។ លោកថារាជរដ្ឋាភិបាល បើកទ្វារចំហសម្រាប់ការចូលរួមផ្តល់មតិក្នុងច្បាប់ថវិកា បើទោះថា ថ្នាក់ដឹកនាំនៃបណ្តាគណបក្សទាំងនោះ មិនទាន់មានពិសោធន៍គ្រប់គ្រាន់ក៏ដោយ។ លោក ហ៊ុន សែន បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើបទបង្ហាញមួយដើម្បីឱ្យតំណាងគណបក្សដែលចូលរួមចាប់យកបាន រួចហើយពួកគាត់អាចមានមតិទៅលើសេចក្តីព្រាងច្បាប់នេះ មុនសេចក្តីព្រាងច្បាប់នេះ ដាក់ចូលទៅក្នុងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមកកាន់សភា និងព្រឹទ្ធសភា តាមការកំណត់ ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានេះ និងមានប្រធានប្តូរវេន រៀងរាល់១ខែម្តង ហើយរាជរដ្ឋាភិបាលនឹងមិនធ្វើជាប្រធានទេ គឺទុកឱ្យបណ្តាគណបក្សនយោបាយទាំងប៉ុន្មាន ធ្វើប្រធានប្តូរវេន។ លោកថា អ្នកធ្វើប្រធានមុនគេ គឺផ្អែកទៅតាមលេខរៀងនៅក្នុងសន្លឹកឆ្នោត ដែលសម្តេចព្រះសង្ឃរាជចាប់ឆ្នោតឱ្យកាលពីពេលកន្លងទៅ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ ក្នុងកិច្ចពិគ្រោះយោបល់រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានគណបក្សនយោបាយទាំង១៦ លោក ហ៊ុន សែន បានផ្តួចផ្តើមគំនិត និងសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ តែម្តង។ ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ចាប់ទុកជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតប នឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការចូលរួម ពីបណ្តាគណបក្សដែលគ្មានអាសនៈក្នុងរដ្ឋសភា ក្នុងគោលដៅរួមគ្នាកសាងប្រទេសជាតិ៕

អត្ថបទទាក់ទង