ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ យើងត្រូវការចាំបាច់នូវសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 47
សម្តេចតេជោ ហ៊ុន សែន៖ នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ យើងត្រូវការចាំបាច់នូវសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ សម្តេចតេជោ ហ៊ុន សែន៖ នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ យើងត្រូវការចាំបាច់នូវសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ

(សេអ៊ូល) ក្នុងឱកាសថ្លែងបើកបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ថាប្រទេសកូរ៉េទាំងពីរគិតចាប់តាំងពីឆ្នាំ ១៩៥៣មក គឺមានតែសន្ធិសញ្ញាឈប់បាញ់តែប៉ុណ្ណោះ ប៉ុន្តែពុំទាន់មាននូវសន្ធិសញ្ញាសន្តិភាពនៅឡើយនោះទេ «ឆ្នាំនេះ គឺជាខួបលើកទី៧២ នៃសង្គ្រាមកូរ៉េដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ សង្គ្រាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះទេ ទោះបីជាកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពត្រូវបានធ្វើឡើងរយៈពេលជាច្រើនទសវត្សក៏ដោយ ប៉ុន្តែជាអកុសល សន្ធិសញ្ញាសន្តិភាពមិនទាន់អាចសម្រេចបាននៅឡើយ ហេតុនេះហើយនេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ យើងចាំបាច់នូវសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ»។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ បន្ថែមពីលើនេះសម្តេចតេជោក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូដោយយកប្រជាជនជាស្នូលដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព។

សម្តេចបានបន្ថែមថា កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួន២ គឺសេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូលឆ្នាំ២០២២ ស្តីពីដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ និងគំនិតផ្តួចផ្តើមស្តីពីរដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ និងវប្បធម៌តែមួយ៕