ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូទទួលបានកិច្ចគាំពារផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូទទួលបានកិច្ចគាំពារផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូទទួលបានកិច្ចគាំពារផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច

ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូ នឹងត្រូវបានទទួលកិច្ចគាំពារផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច បន្ទាប់ពីសមាគមមួយបានបង្កើតឡើង ដើម្បីជួយអភិរក្ស និងជួយស្តារជីវភាពអ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឱ្យប្រសើរឡើង។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបបក្រៅប្រព័ន្ធ បានឱ្យដឹងថា អ្នកប្រកបរបរធាក់ស៊ីក្លូ នឹងទទួលបានផ្នែកគាំពារសុខមាលភាព ចំណេះដឹងស្តីពីបដិសណ្ឋាកិច្ចជាមួយភ្ញៀវទេសចរ បញ្ហាសង្គម និងការរៀបចំឱ្យមានសោភណ្ឌភាពទៅលើត្រីចក្រយានដែលជាមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ទាំងនោះ។

 

ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា កិច្ចគាំពារទាំងនេះ មិនត្រឹម តែធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់ជីវភាព និងរក្សាមុខរបបរបស់អ្នកធាក់ស៊ីក្លូឱ្យមាននិរន្តរភាពប៉ុណ្ណោះទេ គឺថែមទាំងចូលរួមថែរក្សា និងអភិរក្សស៊ីក្លូនៅកម្ពុជាមិនឱ្យបាត់បង់ទៀតផង។ លោកចង់ឱ្យអ្នកប្រកបរបរធាក់ស៊ីក្លូចូលរួមជាសមាជិកក្នុងសមាគមតែមួយ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗសម្រាប់មុខរបរមួយនេះ។

លោក ឃឹម សម័យ មកពីខេត្តព្រៃវែង ដែលបានប្រកបរបរធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ អស់រយៈពេលប្រមាណ៥ឆ្នាំមកហើយនោះ បានបង្ហាញបំណងចូលជាសមាជិកសមាគមអភិរក្សស៊ីក្លូ និងមុខរបបក្រៅប្រព័ន្ធដែលត្រូវបានបង្កើតឡើងនេះ ខណៈបច្ចុប្បន្នការប្រកបរបរដោយកម្លាំង សម្រាប់ដឹកភ្លៀវទេសចរមួយនេះ រកកម្រៃក្នុង១ថ្ងៃ បានតែត្រឹម១ម៉ឺនទៅ៣ម៉ឺនរៀលប៉ុណ្ណោះ។

សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ បានសម្រេចបង្កើតជាសមាគមមូលនិធិត្រីចក្រយានជួយអ្នកធាក់ស៊ីក្លូ តាមរយៈឧបត្ថម្ភថវិកា ក្នុង១ថ្ងៃចំនួន៧.០០០រៀល សម្រាប់អ្នកប្រកបរបរអ្នកធាក់ស៊ីក្លូម្នាក់។

គិតមកទល់បច្ចុប្បន្ន សមាគមនេះ មានសមាជិកដែលជាអ្នកអ្នកធាក់ស៊ីក្លូប្រមាណជាង២០០នាក់ ដោយអ្នកទាំងនោះមានអាយុចន្លោះពី២០ឆ្នាំ-ជាង៨០ឆ្នាំ មកពីតាមបណ្តាខេត្តដូចជា៖ តាកែវ ព្រៃវែង ស្វាយរៀង និងកំពង់ស្ពឺ ជាដើម៕

អត្ថបទទាក់ទង