ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការអំពាវនាវរបស់ស្ថានទូតអាមេរិកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតនៅកម្ពុជា គឺជាការរអៀសខ្លួន ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការអំពាវនាវរបស់ស្ថានទូតអាមេរិកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតនៅកម្ពុជា គឺជាការរអៀសខ្លួន ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងទេ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការអំពាវនាវរបស់ស្ថានទូតអាមេរិកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតនៅកម្ពុជា គឺជាការរអៀសខ្លួន ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងទេ

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ការអំពាវនាវរបស់ស្ថានទូតអាមេរិក ឱ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅកម្ពុជា គឺជាការរអៀសខ្លួន-ខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនឹងមិនមានបញ្ហាអ្វីកើតឡើងទេ។

ការចេញមុខបកស្រាយរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ និងធ្វើដំណើរទេសចរមកប្រទេសកម្ពុជា ឱ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ អាចមានការជួបប្រមូលផ្តុំផ្នែកនយាយបាយ ការប្រឆាំងតវ៉ា ឬការចល័តកម្លាំងសន្តិសុខ។ ទោះបីកន្លងមកថ្មីៗនេះការប្រមូលផ្តុំផ្នែកនយោបាយភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមានការប្រឈមដាក់គ្នាដោយមិនមានសញ្ញាព្រមានទុកជាមុនឡើយ។

លោក ខៀវ សុភ័គ បានបញ្ជាក់ឆ្លើយតបវិញយ៉ាងដូច្នេះថា៖ «ដោយសារតែយើងដឹងហើយថា អាមេរិកធ្វើឱ្យមនុស្សមួយចំនួនមិនសូវស្រលាញ់ដូចសម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍អញ្ចឹង។ ដូច្នេះការអំពាវនាវឱ្យពលរដ្ឋគាត់ប្រុងប្រយ័ត្នវាជារឿងធម្មតាទេ សម្រាប់ពលរដ្ឋអាមេរិក ព្រោះគាត់បានសាងអំពើបាបជាច្រើន នៅបណ្តាប្រទេសមួយចំនួន ដូចជានៅអឺរ៉ាក នៅស៊ីរីជាដើម ប៉ុន្តែចំពោះកម្ពុជា គ្មានបញ្ហាអ្វីកើតឡើងទេ សូមឱ្យគាត់ទុកចិត្តចុះ ព្រោះយើងមិនមានសត្រូវជាមួយនរណាទេ»។

លោក ខៀវ សុភ័គ បានព្រមានថា ទោះជាយ៉ាងនេះក្តី ចំពោះការងារសន្តិសុខនៅកម្ពុជា សមត្ថកិច្ចទាំងអស់មិនប្រហែសនោះទេ។ សមត្ថកិច្ចកម្ពុជា និងប្រជាជនកម្ពុជា នៅតែការពារពលរដ្ឋអាមេរិក។ ប៉ុន្តែអាមេរិកដូចជាមានខ្លួនពេក ហើយភ័យភ្នែកសជាងគេផងដែរ។

សូមបញ្ជាក់ថា បើតាម លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ, រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះ ប្រមាណ១០ម៉ឺននាក់ឯណោះ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះ ក្នុងនោះមានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ រួមទាំងមានកម្លាំងប្រជាការពារថែមទៀត ៕