ខ្មែរប៉ុស្ដិ៍ Close

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បង្ហាញលទ្ធផលការងារដែលសម្រេចបាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 10
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បង្ហាញលទ្ធផលការងារដែលសម្រេចបាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បង្ហាញលទ្ធផលការងារដែលសម្រេចបាន

ស្វាយរៀង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញពីលទ្ធផលការងារ ជាវឌ្ឍនភាព ដែលមន្ទីរខិតខំសម្រេចបានជាបន្តបន្ទាប់នាពេលថ្មីៗនេះ។ តាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងសម្រេចការងារជាច្រើនលើការងារជួសជុល ស្ថាបនាផ្លូវ និងប្រព័ន្ធលូទាំងផ្លូវជាតិ និងផ្លូវតាមភូមិ ឃុំ និងស្រុកនានា ក្នុងខេត្តស្វាយរៀង។

ខាងក្រោមនេះ ជាសមិទ្ធផលការងារដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្រេចបាន៖

១- ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ៣១៩ សេ សម្រេចលទ្ធផលបាន ៧៦% ដែលរួមមានដូចជា៖

  • ការងារពង្រីក លើកកំពស់តួថ្នល់ ចាក់ក្រាលកៅស៊ូពីរជាន់ DBST និងក្រាលចិញ្ចើមក្រួសក្រហម ទទឹង១ម៉ែត្រ សង្ខាងប្រវែង ១.៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ ០៣+៩០០ ដល់ គីឡូម៉ែត្រ០៥+៣០០ ។
  • ការងារពង្រីកលើកកម្ពស់តួថ្នល់ ក្រាលក្រួសក្រហម ប្រវែង ១.០០០ម៉ែត្រ ទទឹង៩,៦ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ០៥+៣០០ ដល់ គីឡូម៉ែត្រ០៦+៣០០។
  • ការងារស្ថាបនាលូបេតុង មុខកាត់១ម៉ែត្រ មួយជួរ ប្រវែង១០ម៉ែត្រ ចំនួន០២កន្លែង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

២- ការងារជួសជុលលើកំណាត់ផ្លូវខេត្តលេខ ៣១៥ ស្ថិតនៅក្នុងឃុំធ្លក និងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ៤២% ដែលក្នុងនោះរួមមាន៖

  • ការងារចាក់ក្រាលកៅស៊ូពីរស្រទាប់ ប្រភេទDBST ប្រវែង ៣.៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើម១ម៉ែត្រ សង្ខាង ចន្លោះគីឡូម៉ែត្រ១៤+៥០០ ដល់ គ.ម១៨+២០០ (ចំណាត់ថ្នាក់ផ្លូវ R4/U4)។
  • ការងារស្ថាបនាលូប្រអប់ កាត់ទទឹងផ្លូវប្រវែង ៣,៥០ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់២,៥០ម៉ែត្រ និង ស្ថាបនាលូអង្កត់ផ្ចិត០,៨០ម៉ែត្រ តាមបណ្តោយផ្លូវប្រវែង៤៥០ម៉ែត្រ អណ្តូងលូ មានចំនួន ១៨ អណ្តូង។


៣- ការងារជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ និងផ្លូវខេត្តក្រាលក្រួសក្រហម សម្រេចលទ្ធផលបាន ៥៧% ៖

  • ការងារថែទាំផ្លូវថ្នល់ជាប្រចាំ កំណាត់ផ្លូវជាតិ និងផ្លូវខេត្តដោយក្រាលកៅស៊ូ ចំនួន៧ខ្សែ ប្រវែងសរុប ១១៧,៩៤គីឡូម៉ែត្រ។
  • ការងារថែទាំផ្លូវថ្នល់ជាប្រចាំ លើកំណាត់ផ្លូវខេត្ត ដោយក្រាលក្រួសក្រហម និងដីល្បាយថ្មភ្នំ ចំនួន៨ខ្សែ ប្រវែង ៩០,៩៣គីឡូម៉ែត្រ។
  • ការងារថែទាំជាប្រចាំផ្លូវក្នុងក្រុងស្វាយរៀង ដោយក្រាលកៅស៊ូ ចំនួន១៥ខែ្ស ប្រវែង១២,៨៦គីឡូម៉ែត្រ៕