មែនឬយ៉ាងណា…?? តារាចម្រៀងលោក G- Devith និង ទេព បូព្រឹក្ស ដឹកដៃគ្នាដើរចេញពីហង្សមាស….
មានដំណឹងល្ហិចល្ហៀងមកថា តារាចម្រៀងហង្សមាសពីររូប គឺ ទេព បូព្រឹក្ស និង G- Devith ដឹកដៃគ្នាដើរចេញពីហង្សមាស តែមិនទាន់ដឹងច្បាស់ថាចូលផលិកម្មណាមួយនោះទេ។ នេះបើតាមប្រភពស្និទ្ធស្នាលមួយប្រាប់មកកាន់ Sabay។ ប្រភពដដែលបន្តថា G- Devith បានដើរចេញពីផលិតកម្មហង្សមាស អស់រយៈពេលជាច្រើនខែមកហើយ ពោលគឺបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ កំលោះសង្ហារូបនេះមិនមានបទចម្រៀងថ្មីចេញទៀតទេ។តែបើនិយាយពីស្នាដៃនិពន្ធបទចម្រៀងឲ្យតារាចម្រៀងល្បីៗមួយចំនួនក្នុងផលិតកម្មខាងលើនៅតែមានជាបន្តបន្ទាប់ដដែល។
សូម្បីតែបទចម្រៀងរបស់ G- Devith ក៏ត្រូវបានអ្នកគ្រប់គ្រងនៅហង្សមាស មិនឲ្យចាក់ផ្សាយតាមវិទ្យុហង្សមាសតទៅទៀតដែរ។ រីឯ ទេព បូព្រឹក្ស វិញត្រូវបានប្រភពដដែលទម្លាយថា មិនយូរទេ នាងនឹងដើរចេញពីផលិតកម្មចាស់មួយនេះទៅតាមគូស្នេហ៍ បន្ទាប់ពីអស់ទ្រាំរឿងហង្សមាសចេញបទចម្រៀងឲ្យនាង តែ១បទក្នុងមួយឆ្នាំនោះ។ ដូច្នេះហើយទើបធ្វើឲ្យម្ចាស់បទ “MY សង្សារ” ត្រូវបង្ខំចិត្តនិពន្ធបទចម្រៀងដោយខ្លួនឯង បើរង់ចាំផលិតកម្មគឺមិនងាយទេ។
ពាក់ព័ន្ធរឿងរ៉ាវខាងលើសាមីខ្លួនទាំងពីរ មិនអាចសុំការបកស្រាយបញ្ជាក់បន្ថែមបានទេ ដោយលេខទូរស័ព្ទដែលពួកគេធ្លាប់ប្រើមិនទាក់ទងបានទេ៕