ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាសន្តិភាព និងការអភិវឌ្ឍជាកត្តាសំខាន់ ចាំបាច់សម្រាប់ជាតិនិងប្រជាជនកម្ពុជា?

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 141

នៅពេលមនុស្សភាគច្រើនលើសលុបដែលរស់នៅជុំវិញ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាំគ្នាប្រកាសការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានឱ្យខាងតែបាន ទោះបីជានៅក្នុងតម្លៃណាក៏ដោយ ក្រុមអ្នកនយោបាយរត់ចោលស្រុករួមនឹងសកម្មជនប្រឆាំងរបស់ខ្លួនតែងតែគំរាមកំហែងលើសន្តិភាព និងប្រឆាំងនឹងការអភិវឌ្ឍរបស់ជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនជានិច្ច។ ពួកគេប្រកាសថា «មិនយកខ្មែរណាមួយជាសត្រូវ» ប៉ុន្តែពាក្យវោហាសាស្ត្ររើសអើងប្រកាន់ពូជសាសន៍ បង្កើតឱ្យមានការ ស្អប់ខ្ពើមបញ្ឆេះកំហឹងវណ្ណៈរវាងអ្នកក្រីក្រ និងអ្នកមាន បង្កើតឱ្យមានជម្លោះវណ្ណៈសង្គម និងការសងសឹកតាមទ្រឹស្តីទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី ត្រូវបាន ប្រើប្រាស់ពេញៗមាត់ក្នុងចំណោម សកម្មជន និងក្រុមបក្សប្រឆាំងក្រៅច្បាប់។ ពួកគេព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ បំភាន់ការយល់ដឹងរបស់ពលរដ្ឋ លុបបំបាត់ការចងចាំរបស់រាស្ត្រ តាមរយៈការពង្វក់ចិត្តរាស្ត្រលើការឃោសនា បោកប្រាស់ ភូតភរ បំផ្លើស ហើយពួកគេហ៊ានបំពានច្បាប់ រំលោភជាន់ឈ្លីលើសិទ្ធិអ្នកដទៃ និងបំផ្លាញគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យដោយអំពាវនាវដល់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។ពួកគេមិន បានឱ្យតំលៃលើសន្តិភាពឡើយ ហើយធ្វើអ្វីៗដើម្បីសម្រេច មហិច្ឆតាអំណាចរបស់ខ្លួនទោះជាត្រូវបំផ្លាញសន្តិភាព និង ការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃនេះក៏ដោយ។ ហេតុអ្វីបានជាសន្តិភាព និងការអភិវឌ្ឍជាកត្តាសំខាន់ចាំបាច់សម្រាប់ជាតិ និងប្រជាជនកម្ពុជាម្ល៉េះ?
១-កត្តាសន្តិភាពត្រូវចាប់ផ្តើមមុនអ្វីៗទាំងអស់៖កម្ពុជាបានហែលឆ្លងកាត់សង្គ្រាមជិតបីទសវត្សរ៍ ប្រជាជនកម្ពុជា រស់នៅក្នុងឈាម និងទឹកភ្នែក ហើយធនធានមនុស្សត្រូវបានសម្លាប់ស្ទើរគ្មានសល់។ រីឯ
ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។ នៅអំឡុងពេលសង្គ្រាម និងនៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ រាស្ត្រខ្មែររងទុក្ខរកអ្វីប្រៀបពុំបាន សូម្បីសិទ្ធិរស់រានមានជីវិតដែល ជាសិទ្ធិមានពីកំណើតមិនមានផង នេះមិនហ៊ាននឹកដល់សិទ្ធិសេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ។ ទាំងអស់គ្នាគិតតែម្យ៉ាង គឺធ្វើឱ្យជីវិតរស់ជាមុនសិន ទើបគិតអ្វីៗផ្សេងទៀតជាក្រោយ។ នៅពេលដែលនិយាយពីសង្គ្រាម និងការរងទុក្ខវេទនា ដែលពួកគាត់ហែលឆ្លងកាត់ ពលរដ្ឋទាំងអស់រាប់ទាំងអ្នកគាំទ្របក្សប្រឆាំងផងពិតជាមិនចង់ឱ្យ «សង្គ្រាម មិនថាសង្គ្រាមប្រើប្រាស់សព្វាវុធឬសង្គ្រាមវណ្ណៈ» វិលមកវិញឡើយដោយពួកគាត់បានថ្លែងថាឆ្អែតឆ្អន់ណាស់ទៅហើយ មិនចង់ជួប និងមិនចង់ឃើញសង្គ្រាមឡើងវិញឡើយហើយក៏កាន់ តែមិនចង់ឃើញការវិលត្រឡប់មកវិញនូវ របបខ្មែរក្រហមសម្លាប់មនុស្សមកវិញទេ។
ចុះបើដឹងថាសង្គ្រាមបង្កវិនាសកម្មខ្លាំងលើប្រទេសជាតិ និងជីវិតប្រជាជនយ៉ាងច្រើន បទពិសោធអតីតកាលរបស់កម្ពុជា ក៏បានបង្ហាញ ទិដ្ឋភាពជាក់ស្តែងនៅបណ្តាប្រទេសអារ៉ាប់មួយចំនួនដែលហែកហួរ
ដោយបដិវត្តន៍ពណ៌ក៏បានឃើញ ចុះហេតុអ្វីបានជាមនុស្សមួយចំនួនតូចចូលចិត្តញុះញង់ចង់បានសង្គ្រាម មកវិញ និងចូលចិត្តបង្កាត់ភ្នក់ភ្លើងសង្គ្រាមឡើងវិញដោយមិនដឹងខ្លួន? មនុស្សមួយចំនួនតូចពិសេសអ្នក
គាំបក្សប្រឆាំងហានក្លាជ្រុល ងប់ជ្រុល រហូតត្រៀមខ្លួនរួចជាធ្វើស្រមោចនិងត្រី។ តើដើម្បីអ្វី? តាមពិតពួក គេមិនដែលឆ្លងកាត់ ទុក្ខសោកក្នុងសង្គ្រាម ពួកគេពិតជាមិនបានដឹងថា ការឈឺចាប់ដោយសារតែការបាត់បង់ក្នុងភ្នក់ភ្លើងសង្គ្រាមមានទំហំកម្រិតណាឡើយ។ តើសប្បាយណាស់ទៅឬដែលឃើញកម្លាំងខ្មែរក្រហមជម្លៀសប្រជាជនជាង ២ លាននាក់ ចេញពីទីក្រុងភ្នំពេញ? សប្បាយណាស់ទៅឬ ដែលឃើញពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលក្នុងនោះមានសាច់ញាតិគេសាច់ញាតិយើង បានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ និងខ្លោចផ្សារកអ្វីប្រៀបផ្ទឹមពុំបាន? តើ សប្បាយណាស់ទៅឬដែល ពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាព សូម្បីសិទ្ធិជឿ និងជំនឿសាសនាក៏គ្មាន សិទ្ធិជ្រើសរើសគូស្រករតាមខ្លួនស្រឡាញ់ក៏គ្មាននោះ? រួមទាំងគ្មានសិទ្ធិបានទទួលការអប់រំ ខណៈសាលារៀន វត្តអារ៉ាមត្រូវបានខ្មែរក្រហមកម្ទេចចោល ឬធ្វើជាក្រោលគោក្របី ឬជាកន្លែងដាក់ជី។ មិនមែនបន្លាចឡើយ ប៉ុន្តែនេះគឺជាការពិតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ តើយើងត្រូវការសង្គ្រាមស៊ីវិលហែកហួរគ្នា និងសម្លាប់ខ្មែរគ្នា ឯងបន្តទៅទៀតទេ? ចម្លើយគឺទាំងអស់គ្នានឹងនិយាយថា មិនត្រូវការទេសង្គ្រាម តែសន្តិភាពគឺជាកត្តាចាំបាច់ សម្រាប់ការអនុវត្តនូវសិទ្ធិទាំងអស់ដែល មនុស្សជាតិត្រូវមាន។
សន្តិភាពគឺជាកត្តាសំខាន់ចាំបាច់ដំបូងគេដើម្បីធានាថា ប្រទេសមួយអាចចាប់ផ្តើម មានពេលក្នុងការរៀបចំការអភិវឌ្ឍខ្លួនបាន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ និងគ្មានសិទ្ធិសេរីភាព សព្វបែបយ៉ាងឡើយ។ កម្ពុជា ដូចគ្នា បើសិនជាគ្មានសន្តិភាពដែលរកបានដោយលំបាកនេះទេ ម្ល៉េះកម្ពុជានៅពេលនេះនៅតែបន្សល់ទុកការបែងចែក ទឹកដីជាពីរ មានរដ្ឋាភិបាលពីរ កងទ័ពពីរ អសន្តិសុខ អស្ថេរភាព នៅឡើយ។ ការដាក់ឱ្យអនុវត្តនយោបាយឈ្នះ-ឈ្នះនៅឆ្នាំ ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់ ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងនាំយកនូវសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹក ដី អធិបតេយ្យភាព និងការផ្សះផ្សារនិងការបង្រួបបង្រួមជាតិមិនដែលមានសោះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ។ កម្ពុជាបានបោះជំហានចេញពីប្រទេស ដែលបានទទួលកងទ័ពមួកខៀវនៅលើទឹកដីខ្លួន ទៅជាប្រទេសដែលបញ្ជូនកងកម្លាំងទ័ពមួកខៀវ ក្នុងក្របខ័ន្ឌបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ទៅកាន់ប្រទេស ដទៃដែលរហូតមកទល់ពេលនេះមានកងទ័ពកម្ពុជាជាច្រើន ពាន់នាក់បានចេញបេសកកម្មនៅប្រទេសជាច្រើនក្នុង ពិភពលោក។ នេះគឺជា មោទនភាពរបស់កម្ពុជា ដែលជាប្រទេសរងសោកនាដកម្ម ដោយសង្គ្រាម ប៉ុន្តែបានស្តារកេរ្តិ៍ឈ្មោះនិងកិត្តិយសនៅលើសកលលោកឡើងវិញ ជាប្រទេសដែលផ្តល់មេរៀនសន្តិភាពជូនដល់ប្រទេសមួយចំនួនក្នុងតំបន់។ ហេតុដូច្នេះហើយបានជា សន្តិភាពគឺជាកត្តាចាំបាច់ដែលកម្ពុជាត្រូវការ មិនមែនត្រឹមតែមនុស្សដែលត្រូវការសន្តិភាព សូម្បីសត្វ ព្រៃប្រឹក្សាក៏ត្រូវការសន្តិភាពនិង រស់នៅរីកលូតលាសក្នុងសុខ សន្តិភាពដែរ។
២-ការអភិវឌ្ឍដែលរាស្ត្រត្រូវការ៖សង្គ្រាមជិតបីទសវត្សរ៍បានបំផ្លិចបំផ្លាញកម្ពុជាស្មើសូន្យ។ ដំណើរ ស្តារ និងកសាងប្រទេសចេញពីបាតដៃទទេក្រោយពីរំដោះប្រទេស និងប្រជាជនកម្ពុជាពីរបបខ្មែរក្រហម បានឆ្លងកាត់ផ្លូវដ៏លំបាកលំបិន។ កម្ពុជាពេលនោះ បានប្រើដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបខ្មែរក្រហម និងដៃម្ខាងទៀតខិតខំប្រឹងកសាងប្រទេសចេញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក។ នៅអំឡុង ឆ្នាំ ១៩៧៩-១៩៩១ រដ្ឋាភិបាល លោកខាងលិចមួយចំនួនបានជ្រើសយកការគាំទ្រចំពោះភាគី ដែលខុសដោយបានជ្រើសយកភាគដែលជំរុញឱ្យមានភាពអសណ្តាប់ធ្នាប់ដែលរួមមានទាំងក្រុមខ្មែរក្រហមផងដែរ ហើយប្រឆាំងនឹងក្រុមដែលជំរុញការអភិវឌ្ឍ។ ការអភិវឌ្ឍដែល នាំប្រទេសឱ្យរីកចម្រើន ក្នុងអត្រាកំណើន ផលិតផល ក្នុងស្រុកសរុប ជាមធ្យមជាង ៧% នៅក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះ ហើយបានកាត់បន្ថយភាពក្រីក្រពីជាង ៥០% នៅឆ្នាំ ១៩៩០ ឱ្យធ្លាក់នៅត្រឹម ក្រោម១០% នៅឆ្នាំ ២០១៨។ ជាមួយគ្នានេះកម្ពុជាជាប្រទេសមួយដែលសម្រេចបានស្ទើរតែគ្រប់គោលដៅអភិវឌ្ឍន៍សហវត្សរ៍។ កម្ពុជាបច្ចុប្បន្ន មានឋានៈជាប្រទេសដែល មានចំណូលមធ្យមកម្រិតទាប ហើយនៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ កម្ពុជា នឹងក្លាយជាប្រទេសមានចំណូលខ្ពស់។
ទម្រាំមានការរើកចម្រើនមកទល់សព្វថ្ងៃនេះ ទាំង រដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងមូលបានពួតដៃគ្នាដើម្បីកសាងប្រទេសកម្ពុជាដ៏កំសត់ នេះឡើងវិញចេញពីបាតដៃទទេ។ ទោះបីជាមិនល្អឥតខ្ចោះប៉ុន្តែការអភិវឌ្ឍដែលកម្ពុជា បានធ្វើរហូតមកទល់ពេលនេះបានទាញខ្លួនចេញពីភាពក្រីក្រ បំផុត ហើយកំណើនសេដ្ឋកិច្ច មានក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំរហូតដល់គេប្រសិទ្ធនាមសេដ្ឋកិច្ចកម្ពុជា គឺជាខ្លានៅអាស៊ី។ ការអភិវឌ្ឍដែលយើង ទាំងអស់គ្នាមើលឃើញ និងកំពុងតែទទួលបាននេះ មិនអាចកើតមានឡើយ ប្រសិនកម្ពុជាជាទីស្រឡាញ់របស់យើង មិនមានសុខសន្តិភាព។ អតីតកាល បានបង្ហាញច្បាស់ណាស់ ពេលដែលប្រទេសយើងជាប់ដៃក្នុងភ្នក់ភ្លើង សង្គ្រាមស៊ីវិល យើងបាត់បង់ពេលវេលាក្នុងការអភិវឌ្ឍប្រទេសស្ទើរតែ ទាំងស្រុង ប៉ុន្តែសម្រាប់ប្រទេសជិតខាងរបស់យើងដូចជាថៃ សិង្ហបុរីជាដើមបាន បោះពួយយ៉ាងលឿនលើការអភិវឌ្ឍប្រទេស។ កម្ពុជាទើបនឹង មានសុខសន្តិភាពពេញលេញ ២០ ឆ្នាំ កម្ពុជាបានស្តារ និងអភិវឌ្ឍប្រទេសបានប៉ុណ្ណេះ ហើយការអភិវឌ្ឍនេះនឹងបន្តរីកចម្រើនឡើងកាន់តែច្រើនថែមទៀត។ យើងក៏ត្រូវទប់ស្កាត់ និងប្រឆាំងដាច់ខាតផងដែរនូវការប៉ុនប៉ងណាមួយនាំកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងការ បង្កអស្ថេរភាព អសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គមកម្ពុជា ដែលជាឧបសគ្គចម្បងដល់ដំណើរអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា។
កម្ពុជាត្រូវការសន្តិភាព ប្រជាជនកម្ពុជាត្រូវការអភិវឌ្ឍ ហើយពួកគាត់ មិនត្រូវការសង្គ្រាមឡើយ។ ប្រទេសមានសន្តិភាព យើងអាចមានឱកាសធ្វើអ្វីៗ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនជាច្រើន និង ជាពិសេសសម្រាប់អនាគត ប្រទេសជាតិ និងប្រជាជនកម្ពុជា រាប់ជំនាន់បន្តទៅមុខទៀត។ តើយើងចង់ឱ្យ ប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កើតឡើងច្រំដែលទេ? ប្រទេសមានសន្តិភាព ១០ ទៅ ២០ ឆ្នាំវិលចូលសង្គ្រាមបំផ្លិចបំផ្លាញឡើងវិញម្តង? ចម្លើយគឺទេ! កម្ពុជាដ៏កម្សត់ធ្លាប់ត្រូវបានបំផ្លិចបំផ្លាញស្ទើរមើលមិនស្គាល់ គ្រប់ទីកន្លែងគរដោយកាកសំណល់ សង្គ្រាម គំនរឆ្អឹងជនរងគ្រោះ រណ្តៅកប់សាកសពមនុស្សធំៗ និងពលរដ្ឋខ្មែរដែលរួតរឹតដោយវិបត្តិផ្លូវចិត្ត។ ឥឡូវកម្ពុជា បានស្តារមុខមាត់ថ្មី សន្តិភាពមាន ពេញលេញរាស្ត្រភាគច្រើនលើសលប់សប្បាយរីករាយ ការអភិវឌ្ឍបានបោះជំហានទៅមុខជានិច្ច។ ជាមួយផ្លៃផ្លាដែលកើត ចេញពីសុខសន្តិភាពនេះ យើងទាំងអស់គ្នាត្រូវពួតដៃការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍនេះឱ្យ បានទោះក្នុងតម្លៃណាក៏ដោយ និងដឹកដៃគ្នាទាំងអ្នកមានជីវិតភាពក្រីក្រ មធ្យម អ្នកមាន ធ្វើដំណើរបន្តឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង ទាំងអស់គ្នា។
ដូច្នេះដើម្បីការពារសន្តិភាព និងការអភិវឌ្ឍរបស់យើងដែល មានសព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ! ទៅបោះឆ្នោតដើម្បីខ្លួនយើង និងដើម្បីលទ្ធិប្រជាធិបតេយ្យ និងមាតុភូមិយើង!

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៧
ខែកក្កដា ឆ្នាំ ២០១៨

អត្ថបទទាក់ទង